ជាការល្អណាស់ដែលម៉ាក់ៗសម្រេចចិត្តបំបៅដោះកូន ដែលការបំបៅដោះកូននេះមានគុណប្រយោជន៍ច្រើនយ៉ាងដល់ម៉ាក់ៗ និងកូនផងដែរ តែថាម៉ាក់ៗក៏អាចជួបបញ្ហាធ្លាក់ចុះចំណង់ផ្លូវភេទក្នុងរយៈពេលបំបៅដោះកូននេះ។
ជាដំបូងយើងគួរឆ្លៀតនិយាយបន្តិចពីគុណប្រយោជន៍ដែលកូនបៅដោះទទួលបាន។ កូនដែលបានបៅដោះម្ដាយនឹងមិនងាយឆ្លងរោគ កាត់បន្ថយអត្រាប្រឈមនឹងកើតអាលែកហ្ស៊ី ជំងឺហឺត ជំងឺមហារីកខ្លះ ហើយក៏ទំនងជាកូនមិនងាយលើសទម្ងន់ ធាត់ ឬវិវត្តទៅជាកើតជំងឺទឹកនោមផ្អែម ឬមានកូលេស្តេរ៉ូលខ្ពស់ដែរ។
ចំពោះម៉ាក់ៗវិញក៏បានគុណប្រយោជន៍ដូចគ្នា ដូចជាកាត់បន្ថយហានិភ័យកើតជំងឺមហារីកដោះ និងអូវែ ហើយក៏ទំនងជាអាចកាត់បន្ថយហានិភ័យកើតមានជំងឺពុកឆ្អឹងក្រោយអស់រដូវផងដែរ។
ហេតុអ្វីការបំបៅដោះកូនប៉ះពាល់ចំណង់ផ្លូវភេទ?
ការសិក្សាមួយធ្វើឡើងកាលពីឆ្នាំ២០០៥ បានរកឃើញថាស្រ្តីបំបៅដោះកូនភាគច្រើនត្រូវការពេលយូរក្នុងការវិលត្រឡប់ទៅរកសកម្មភាពលើគ្រែវិញ ពោលគឺយូរជាងអ្នកមិនបំបៅដោះកូន។
ក្រោយសម្រាលកូន អ័រម៉ូនអឺស្រ្តូហ្សែននឹងធ្លាក់ចុះ ដែលអ័រម៉ូនប្រភេទនេះជួយរក្សាសំណើម និងភាពបត់បែននៅទ្វារមាស ហើយបើអ័រម៉ូននេះថយចុះ នឹងធ្វើឲ្យទ្វារមាសស្ងួត ពេលរួមភេទមានការឈឺចាប់។ បើយើងរួមភេទ នៅពេលនេះ យើងនឹងដៃគូគួរតែព្យាយាមបង្កើតអារម្មណ៍ស្រើបស្រាលមុននឹងចាប់ផ្ដើមប្រតិបត្តិការ។
ទទន្ទឹមនឹងនេះដែរ កម្រិតអ័រម៉ូន prolactin និងoxytocin ក៏កើនឡើង។ អ័រម៉ូនទាំងពីរនេះអាចមានឥទ្ធិពលមករំខានដល់ចំណង់ផ្លូវភេទរបស់ស្រីៗយើង។ មូលហេតុគឺថា អ័រម៉ូនទាំងពីរនឹងធ្វើឲ្យយើងមានអារម្មណ៍រីករាយ ឬស្រស់ស្រាយពេលបំបៅដោះកូន ជាហេតុនាំឲ្យទាំងអារម្មណ៍ និងរាងកាយរបស់ស្រីៗយើងទទួលបានភាពរីករាយពីការបំបៅដោះកូន។ ដូចនេះ អារម្មណ៍ដែលចង់រួមភេទក៏ថយចុះតាមហ្នឹងដែរ ដោយយើងមិនមានអារម្មណ៍ត្រូវការការស្ទាបអង្អែល ឬជិតស្និទ្ធជាមួយដៃគូនោះទេ។
យ៉ាងណា ក៏នៅតែអាចមានរឿងបញ្ច្រាសមកវិញដែរ។ ការកើនឡើងនៃអ័រម៉ូន និងការប៉ះពេលកូនបៅដោះ ក៏អាចធ្វើឲ្យមនុស្សយើងមួយចំនួនកើតមានចំណង់ផ្លូវភេទដែរ ព្រោះថាដោះជាកន្លែងងាយទទួលរំញោចបំផុត។ ពេលខ្លះយើងនឹងអាចសម្គាល់ខ្លួនឯងថា អាចឆាប់មានអារម្មណ៍ស្រើបស្រាល ដែលនេះកើតចេញពីការកើនឡើងកម្រិតអ័រម៉ូន និងការប៉ះនេះដែរ។
ក្រៅពីបញ្ហាអ័រម៉ូន ម៉ាក់ៗក៏អាចមកពីការនឿយហត់ ដោយសារការមើលថែកូន បំបៅដោះកូន និងមិនសូវបានគេងគ្រប់គ្រាន់ជាដើម ដែលនេះសុទ្ធតែជាហេតុផលធ្វើឲ្យស្រីៗយើងធ្លាក់ចុះចំណង់ផ្លូវភេទដែរ។
យ៉ាងណា គ្នាយើងត្រូវដឹងដែរថាអាការៈបាត់បង់ ឬធ្លាក់ចុះចំណង់ផ្លូវភេទ ពេលកំពុងបំបៅដោះកូន គឺជារឿងធម្មតាប៉ុណ្ណោះ ហើយចំណង់នេះនឹងអាចកើតឡើងនៅពេលក្រោយមកទៀត។ អ្វីដែលជាការល្អ យើង និងដៃគូ ត្រូវជជែកគ្នាពីរឿងនេះ បើសិនជាវាអាចធ្វើឲ្យប៉ះពាល់ទំនាក់ទំនងរបស់យើងទាំងពីរ។
[embed-health-tool-vaccination-tool]