ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សយើងក្នុងការរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ ជាពិសេសម៉ាក់ៗដែលកំពុងបំបៅដោះកូនកាន់តែសំខាន់ទៅទៀត។ បើម៉ាក់ៗញ៉ាំទឹកមិនគ្រប់គ្រាន់ មិនត្រឹមតែប៉ះពាល់សុខភាពម៉ាក់ៗទេ តែអាចប៉ះពាល់ដល់កូនផងដែរ។
១. បរិមាណទឹកត្រូវញ៉ាំ
ម៉ាក់ៗបំបៅដោះកូនត្រូវដឹងពីបរិមាណទឹកដែលខ្លួនត្រូវញាំដើម្បីរក្សាបានជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួន និងដើម្បីជាប្រយោជន៍ដល់ការបំបៅដោះ។ ក្នុងរយៈពេលនេះម៉ាក់ៗគួរញ៉ាំទឹកឲ្យបានពី១២ទៅ១៣កែវក្នុងមួយថ្ងៃ។ ម៉ាក់ៗអាចសង្កេតមើលទឹកនោមខ្លួនឯងក៏បាន បើឃើញថាទឹកនោមមានពណ៌ក្រម៉ៅ នោះមានន័យថាម៉ាក់ៗញ៉ាំទឹកមិនបានគ្រប់គ្រាន់ទេ ដូចនេះត្រូវញ៉ាំទឹកបន្ថែមហើយ។ ការញ៉ាំទឹកបានគ្រប់គ្រាន់មិនត្រឹមតែជួយដល់ការផលិតទឹកដោះទេ តែថែមទាំងជួយម៉ាក់ៗកាត់បន្ថយបញ្ហាទល់លាមកផងដែរ។
២. រក្សាជាតិទឹកក្នុងខ្លួន
ម៉ាក់ត្រូវឧស្សាហ៍ញ៉ាំទឹក ដើម្បីប្រាកដថាមិនខ្វះជាតិទឹកក្នុងខ្លួន។ ម៉ាក់ក៏អាចញ៉ាំទឹកមុនពេល និងអំឡុងពេលញ៉ាំអាហារ ដើម្បីជួយសម្រួលដល់ការរំលាយអាហារឲ្យបានកាន់តែប្រសើរ។ ដូចគ្នាដែរ បើម៉ាក់ៗហាត់ប្រាណ គួរតែញ៉ាំទឹកខ្លះមុនពេល និងបន្ទាប់ពីហាត់ប្រាណ ដើម្បីធានាថាក្នុងខ្លួនមានជាតិទឹកគ្រប់គ្រាន់។
៣. ខ្វះជាតិទឹកប៉ះពាល់កូន?
បញ្ហាម្ដាយខ្វះជាតិទឹកនឹងនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដល់ម្តាយ និងកូន។ ប្រសិនជាម៉ាក់ៗខ្វះជាតិទឹកច្រើនជាងពីរថ្ងៃជាប់គ្នា នោះសារធាតុក្នុងទឹកដោះក៏ប្រែប្រួលដែរ ហើយបរិមាណទឹកដោះក៏មិនគ្រប់គ្រាន់សម្រាប់កូនបៅដូចគ្នា។ ហេតុនេះ អាចធ្វើឲ្យមានបញ្ហាសុខភាពផ្សេងៗកើតលើកូនបាន។ ម៉ាក់ក៏ដូចគ្នា បើខ្វះជាតិទឹកអាចធ្វើឲ្យមានអាការៈរឈឺសាច់ដុំពេលលើកកូនបៅ។
៤. អាការៈខ្វះជាតិទឹកផ្សេងៗ
ម៉ាក់ៗបំបៅដោះកូន ហើយខ្វះជាតិទឹកនឹងអាចមានអាការៈដូចជា៖
- អស់កម្លាំង
- ឈឺសាច់ដុំ
- ឈឺក្បាល
- ស្ងួតមាត់ និងក
- ចង្អោរ និង
- បរិមាណទឹកដោះថយចុះ ជាដើម។
[embed-health-tool-vaccination-tool]