ក្រសួងសុខាភិបាលបានចូលរួមលើកទឹកចិត្តឲ្យស្រ្តីបំបៅកូនដោយទឹកដោះម្តាយតាមគ្រប់រូបភាព។ ក្រសួងសុខាភិបាលបានឲ្យដឹងថា តាមភស្តុតាងវិទ្យសាស្ត្រ ទឹកដោះម្ដាយជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ទារក និងកុមារនៅគ្រប់កាលៈទេសៈណាទាំងអស់។ គ្មានផលិតផលណាមួយ ដែលល្អប្រសើរជាងទឹកដោះម្ដាយនោះទេ។ អំឡុងពេល៦ខែដំបូងនៃជីវិតទារក ទឹកដោះម្ដាយជាអាហារសំខាន់សម្បូរសារជាតិចិញ្ចឹមគ្រប់គ្រាន់ដែលទារកត្រូវការ ដោយមិនបាច់ថែមអាហារ ឬទឹកអ្វីបន្ថែមឡើយ។
ក្រសួងបានបន្ថែមទៀតថា នៅក្នុងទឹកដោះម្ដាយមានប្រូតេអ៊ីន ជាតិស្ករឡាក់តូស ជាតិខ្លាញ់ ជាតិទឹក ជាតិរ៉ែខនិជ ជីវជាតិអា បេ សេ ដេ ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ដែលសុទ្ធតែជួយដល់ការអភិវឌ្ឍ ការលូតលាស់រាងកាយ ផ្ដល់កម្លាំងថាមពល ទ្រទ្រង់រចនាសម័្ពន្ធកោសិការាងកាយ ថែរក្សាសីតុណ្ហភាព និងជាភ្នាក់ងារដ៏សំខាន់សម្រាប់ការពារកុមារពីជំងឺនានា។
បន្ថែមពីលើនេះ ការបំបៅដោះកូនដោយទឹកដោះម្ដាយភ្លាមក្នុងអំឡុងពេលម៉ោងដំបូងបន្ទាប់ពីសម្រាលរួចអាចទប់ស្កាត់មរណភាពទារកបាន ២០% កុមារដែលបៅទឹកដោះម្ដាយតែមួយមុខគត់អំឡុងពេល៦ខែដំបូង អាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយក្មេងដែលមិនបានបៅទឹកដោះម្ដាយ។
ក្រសួងសុខាភិបាលបន្តថា ការមិនបំបៅកូនដោយទឹកដោះម្ដាយអាចប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល និងសតិបញ្ញាស្មារតីរបស់កុមារ។ ម្យ៉ាងវិញទៀត កុមារដែលមិនបានទឹកដោះម្ដាយពេញលេញមានទំហំខួរក្បាលតូចជាងក្មេងដែលបានបៅដោះម្ដាយពេញលេញ ហើយភាពឆ្លាតវៃ ឬ IQ របស់ក្មេងមិនបានបៅដោះម្ដាយបានពេញលេញបាត់បង់ចំនួន២.៦នៃIQ បើធៀបនឹងក្មេងដែលបានទឹកដោះម្ដាយ។
ស្របគ្នានេះ ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្ដាយរួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តអាចបង្កហានិភ័យជាច្រើនដល់ក្មេងដូចជា៖
- ជំងឺរាក
- ជំងឺសួត
- ជំងឺហឺត
- ពិន្ទុភាពឆ្លាតវៃចុះខ្សោយ
- ជំងឺទឹកនោមផ្អែម
- ជំងឺលើសសម្ពាធឈាម
- ជំងឺបេះដូង
- ធាត់ជ្រុល។ល។
ដោយហេតុនេះ ក្រសួងសុខាភិបាលបានគាំទ្រ ជំរុញ និងការពារការបំបៅដោះកូនដោយទឹកម្ដាយដោយឲ្យម៉ាក់ៗបំបៅកូនដោយទឹកដោះម្ដាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល បំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់រយៈពេល៦ខែដំបូង និងបន្តបំបៅកូនរហូតដល់អាយុ២ឆ្នាំ ឬលើសនេះ បូករួមទាំងបន្ថែមអាហារបំប៉នផ្សេងៗសមស្របទៅតាមអាយុកូន។
[embed-health-tool-vaccination-tool]