ម៉ាក់ៗច្បាស់ជាដឹងហើយថា បន្ទាប់ពីសម្រាលកូនរួច ត្រូវយកអាអូនមកដាក់លើទ្រូងម្ដាយ ប៉ះស្បែកនឹងស្បែក និងត្រូវដាក់ឲ្យអាអូនបៅដោះម្ដាយ។ ប៉ុន្តែមានម៉ាក់ៗមួយចំនួន កើតជាក្តីបារម្ភ ព្រោះនៅថ្ងៃដំបូង ពេលដាក់ឲ្យកូនបៅ ឃើញតែកូនជញ្ចក់បឺតយកទឹកដោះ តែមិនឃើញមានទឹកដោះចេញមកសោះ។
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត អ័រម៉ូនមួយចំនួនជួយជំរុញឲ្យបញ្ចេញទឹកដោះដំបូង (Colostrum) តាំងពីថ្ងៃដំបូងមក។ Colostrum មានពណ៌លឿងទឹកក្រូចចផ្ទុកវីតាមីន និងជាតិរ៉ែជាច្រើន ជាមួយនឹងអង់ទីករ ការពារទារកពីការឆ្លងមេរោគនានាបានផងដែរ។
ម៉ាក់គួរដាក់ឲ្យអាអូនបៅក្នុងរយៈពេល២ម៉ោងដំបូងនៃកំណើតកូន។ ការបឺតដោះម្ដាយជួយជំរុញឲ្យក្រពេញឆាប់បញ្ចេញទឹកដោះ។ ទោះជាពេលដំបូងៗ ទារកខ្លះមិនទាន់ចេះបៅក៏ដោយ ក៏ម៉ាក់ៗគួរព្យាយាមដាក់ទារកលេងលើទ្រូងដោយឲ្យស្បែកប៉ះស្បែក រួចសាកល្បងឲ្យកូនជញ្ជក់បន្តិចម្ដងៗ។ ការដាក់ឲ្យកូនបៅត្រូវធ្វើឡើងពេលអាអូនភ្ញាក់ពីគេងត្រឹមត្រូវ។
លើសពីនេះ ម៉ាក់ៗគ្រប់រូបគួរដឹងពីរបៀបគួរដាក់ឲ្យកូនបៅត្រឹមត្រូវ ដើម្បីឲ្យអាអូនទទួលបានទឹកដោះគ្រប់គ្រាន់ដូចជា៖
- មាត់កូនហាធំ ថ្ពាល់កូនប៉ោង
- ចង្ការកូនប៉ះទ្រូងម៉ាក់
- បបូរមាត់ក្រោមពន្លាត់ចេញក្រៅ
- សណ្ដង់ដោះខាងលើឃើញច្រើនជាងខាងក្រោម
- ដងខ្លួនកូនដាក់ឲ្យត្រង់ ហើយផ្អៀងមកលើដោះម្ដាយ
ទឹកដោះម្ដាយ ប្រៀបបានដូចជាឱសថទិព្វសម្រាប់កូនៗ ដើម្បីឲ្យសុខភាពកូនរឹងមាំ និងលូតលាស់បានល្អ គ្មានអ្វីអាចយកមកជំនួសបានទេ។ ដូចនេះហើយ ម៉ាក់ៗគ្រប់រូបគួរចាប់ផ្ដើមបំបៅដោះកូនយ៉ាងតិចឲ្យបានគ្រប់៦ខែ តាមការណែនាំពីក្រសួងសុខាភិបាល។
[embed-health-tool-vaccination-tool]