យើងដឹងហើយថា គ្មានអ្វីល្អជាងទឹកដោះម្តាយទេ ហោចណាស់ម៉ាក់ៗត្រូវបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ខែដែរ។ ដោយហេតុថា ម្តាយមានបញ្ហាសុខភាព ឬត្រូវបំពេញការងារឆ្ងាយពីកូនៗ ម៉ាក់ៗមួយចំនួនបានជ្រើសរើសយកការបំបៅកូនដោយទឹកដោះគោ។
ដើម្បីឲ្យការបំបៅកូនដោយទឹកដោះគោបានត្រឹមត្រូវ កូនលាស់បានល្អ មិនសូវមានបញ្ហាសុខភាពណាមួយកើតឡើងនោះ ម៉ាក់ៗត្រូវដឹងរឿងមួយចំនួនខាងក្រោម។
មុនទិញម្សៅទឹកដោះគោ យើងត្រូវពិនិត្យលើការបរិច្ឆេទលើបាតកំប៉ុង ប្រយ័ត្នទិញចំទឹកដោះហួសដឺឡេឲ្យកូនញ៉ាំ។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ម៉ាក់ប៉ាចង់ឲ្យកូនបៅទឹកដោះគោត្រូវចេះសង្កេតមើលកាលកំណត់ និងធាតុផ្សំនានា ដើម្បីដឹងថា កូនយើងបៅត្រូវជាមួយវាដែរឬទេ។ លោកបន្ថែមទៀតថា កាលណារបស់ហួសដឺឡេ បានន័យថាគុណភាពធ្លាក់ចុះ ឬខូចគុណភាពហើយ ដូចនេះបើកូនបៅទៅប្រាកដជាមានបញ្ហាដូចជា រាក ក្អួត ឈឺពោះជាដើម។
លោកវេជ្ជបណ្ឌិតជំនាញទូទៅ និងជំងឺកុមាររូបនេះបានបន្ថែមទៀតថា កាលណាហួសដឺឡេហើយម្សៅទឹកដោះគោមានសភាពឡើងរឹងដុំៗ ដូចនេះហើយម៉ាក់ប៉ាត្រូវតែប្រយ័ត្ន និងពេលទិញត្រូវចេះមើលផលិតផលដែលមានការចុះលេខផុតកំណត់ មានក្រុមហ៊ុនច្បាស់លាស់ និងមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធត្រឹមត្រូវ។
ចំពោះតិចនិកនៃការឆុងម្សៅទឹកដោះគោ និងរឿងអនាម័យក៏សំខាន់ណាស់ដែរ មិនអ៊ីចឹងទេកូនម៉ឹមទៅនឹងមានបញ្ហាសុខភាពទៅជាឈឺពោះ ហើមពោះ រាករូស ឬទល់លាមកជាដើម។ ការឆុងម្សៅទឹកដោះត្រឹមត្រូវតាមក្បួនខ្នាត ត្រូវធ្វើតាមការណែនាំខាងក្រោមនេះ។
វិធីឆុងទឹកដោះកូនត្រឹមត្រូវ៖
– ត្រូវលាងសម្អាតដប គម្របដប និងក្បាលដោះឲ្យបានស្អាតជានិច្ច
– សម្អាតបរិវេណឆុងទឹកដោះគោកូនឲ្យស្អាត
– ត្រូវលាងដៃឲ្យស្អាត មុននឹងឆុងទឹកដោះឲ្យកូន
– យកទឹកដាំពុះ ឬទុកឲ្យត្រជាក់ឧណ្ហៗចាក់ចូលកំប៉ុងឆុងទឹកដោះគោ
– ដួសម្សៅទឹកដោះដាក់ក្នុងកំប៉ុងទៅតាមបរិមាណទឹក
– លុញ ឬក្រឡុកទឹកដោះគោ និងទឹកតិចៗឲ្យសព្វ
– យកទឹកដោះគោទៅត្រាំទឹកត្រជាក់ បើក្តៅខ្លាំងពេក
– ត្រាំរួច ដកមកជូតឲ្យស្ងួតទឹក មុននឹងឲ្យកូនម៉ឹម
– ចាក់ទឹកដោះលើដៃ តើត្រជាក់ល្មមឲ្យបៅ ឬនៅ?
ក្រោយបើកគម្របម្សៅទឹកដោះគោឆុងឲ្យកូនរួច យើងត្រូវបិទគម្របកំប៉ុងម្សៅទឹកដោះគោដែលបើកហើយឲ្យជិតល្អ នៅកន្លែងមានសីតុណ្ហភាពធម្មតា។ ម៉ាក់ៗត្រូវចាំថា ម្សៅទឹកដោះដែលបើកគម្របរួចអាចទុកបានរយៈពេល១ខែប៉ុណ្ណោះ ចំណែកឯទឹកដោះគោដែលឆុងរួច តែកូនមិនទាន់ម៉ឹម យើងអាចទុកបានរយៈពេល២ម៉ោងនៅសីតុណ្ហភាពធម្មតា និង ២៤ម៉ោង បើរក្សាទុកនៅក្នុងទូទឹកកកផ្នែកធម្មតា។
[embed-health-tool-vaccination-tool]