ពពែជាសត្វមួយប្រភេទដែលមនុស្សយើងចិញ្ចឹមយកទឹកដោះដំបូងគេមួយ ហើយមានការសិក្សាជាច្រើនបានចេញផ្សាយទាក់ទងនឹងផលប្រយោជន៍របស់ទឹកដោះពពែចំពោះសុខភាពជាងមួយសតវត្សមកហើយដែរ។
ការសិក្សាជាច្រើនបានបង្ហាញថាក្នុងទឹកដោះពពែមានសារធាតុប្រឆាំងការរលាក ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺទឹកដោះពពែ ត្រូវគេរកឃើញថាមានលទ្ធភាពបង្កជាអាលែកហ្ស៊ីទាបជាងទឹកដោះគោ។ ជាមួយនេះដែរទឹកដោះពពែក៏ងាយរំលាយ និងងាយឲ្យរាងកាយស្រួបយកសារធាតុចិញ្ចឹម។ ដោយសារតែហេតុផលទាំងនេះហើយ បានជាទឹកដោះពពែ ត្រូវបានគេនិយមប្រើកាន់តែច្រើនលើពិភពលោក។ យ៉ាងណា មិនមែនមានន័យថាទឹកដោះពពែសុទ្ធតែពេញនិយមជាងទឹកដោះគោនៅគ្រប់កាលៈទេសៈនោះទេ។
១. មិនសូវបង្កអាលែកហ្ស៊ី
បើធៀបនឹងទឹកដោះគោ ទឹកដោះពពែត្រូវគេរកឃើញថាមានលទ្ធភាពបង្កឲ្យអ្នកញ៉ាំមានបញ្ហាអាលែកហ្ស៊ីទាបជាងទឹកដោះគោ។ ការណ៍នេះ កើតឡើងដោយសារតែប្រូតេអ៊ីន alphaS1-casein នៅក្នុងទឹកដោះពពែមានកម្រិតទាបជាងទឹកដោះគោ។ ដូចនេះ ហើយបានជាអ្នកដែលមានប្រតិកម្មអាលែកហ្ស៊ី ឬមិនស៊ាំនឹងទឹកដោះគោ អាចញ៉ាំទឹកដោះពពែជំនួសបាន។
២. ងាយស្រួលរំលាយ
ហេតុអ្វីបានជាគេនិយាយថាទឹកដោះពពែងាយស្រួលរំលាយជាងទឹកដោះគោ? មកដល់ចំណុចនេះ យើងត្រូវងាកទៅនិយាយពីប្រូតេអ៊ីន alphaS1-casein នេះជាថ្មីម្ដងទៀត។ នៅក្នុងទឹកដោះពពែប្រូអ៊ីនalphaS1-casein មានសភាពទន់ជាង ប្រូតេអ៊ីន alphaS1-casein ក្នុងទឹកដោះគោ ដែលជាហេតុនាំឲ្យទឹកដោះពពែងាយស្រួលរំលាយជាង។ ហេតុដូចនេះហើយ បានជាម៉ាក់ៗខ្លះត្រូវបានណែនាំឲ្យផ្លាស់ប្ដូរពីទឹកដោះគោម្សៅ មកឲ្យកូនបៅទឹកដោះពពែម្សៅវិញ ពេលកូនជួបបញ្ហាមិនស៊ាំនឹងទឹកដោះគោ ឬអាលែកហ្ស៊ី។
យ៉ាងណាគ្នាយើងក៏គួរដឹងដែរថា ក្នុងទឹកដោះពពែមានជាតិខ្លាញ់ប្រហែល ៣,៨ភាគរយ ខណៈក្នុងទឹកដោះគោមានត្រឹមតែ ១ភាគរយ។ ហេតុនេះហើយ ទឹកដោះពពែមិនមែនជាជម្រើសរបស់អ្នកចង់សម្រកទម្ងន់នោះទេ។ ដូចគ្នាដែរ សម្រាប់ស្រ្តីមានផ្ទៃពោះវិញ គួរដឹងដែរថាក្នុងទឹកដោះពពែ ក៏មានអាស៊ីដហ្វូលិក វីតាមីនB6 និង B12 ទាប ដែលសារធាតុទាំងនេះសុទ្ធតែចាំបាច់សម្រាប់ការលូតលាស់របស់កូនក្នុងផ្ទៃ។
៣. រាងកាយងាយស្រួលស្រូបយកសារធាតុចិញ្ចឹម
ដោយសារតែទឹកដោះពពែងាយស្រួលរំលាយនេះហើយ ដែលជាហេតុនាំឲ្យរាងកាយងាយស្រួលស្រូបយកសារធាតុចិញ្ចឹមពីទឹកដោះពពែ។ ជាទូទៅ ការសិក្សាជាច្រើនបានបង្ហាញភស្តុតាងថារាងកាយយើង អាចស្រូបយកជាតិដែក និងកាល់ស្យូម ពីទឹកដោះពពែបានល្អប្រសើរជាងពីទឹកដោះគោ។ ដូចគ្នាដែរ ការសិក្សាមួយធ្វើឡើង រយៈពេល ១៨ឆ្នាំ បានរកឃើញថា ទឹកដោះពពែ ក៏ទំនងជាមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាស្លេកស្លាំងដោយសារខ្វះជាតិដែកផងដែរ។
ទោះជាបែបនេះក្ដី ក៏គេមិនអាចវាយតម្លៃបានទាំងស្រុងថាទឹកដោះពពែល្អជាងទឹកដោះគោនៅគ្រប់កាលៈទេសៈនោះដែរ។ អ្វីដែលគេដឹងថាល្អជាងទឹកដោះគោ នៅត្រង់ថាអ្នកមានបញ្ហាមិនស៊ាំនឹងទឹកដោះគោ ឬអាលែកហ្ស៊ីនឹងទឹកដោះគោ អាចញ៉ាំទឹកដោះពពែបាន ហើយទឹកដោះពពែក៏អាចផ្ដល់កាល់ស្យូមដល់ឆ្អឹងបានល្អផងដែរ។
[embed-health-tool-vaccination-tool]