ការលូតលាស់ និងអាកប្បកិរិយា
បើកូនគេងពេញ ១ យប់ ប្រហែលពី ៥-៦ ម៉ោង នោះយើងជាម្ដាយសំណាងម្នាក់ ព្រោះក្មេងនៅអាយុនេះភាគច្រើនតែងតែភ្ញាក់នៅកណ្ដាលយប់។ ទោះបីអាអូនមិនគេងពេញមួយយប់មែន តែគេងពេលថ្ងៃយូរ។ បេប៊ីគេងយូរពី ២-៤ ម៉ោង ហើយពេលភ្ញាក់ច្រើនជាង ១០ម៉ោង/ថ្ងៃ។
ម៉ាក់ប៉ាចំណាំណា បើកូនយើងមានទម្លាប់មិនគេងពេលយប់ ឬមិនគេងពេលថ្ងៃ នោះទម្លាប់ទាំងនេះនឹងមានរហូតពេញមួយកុមារភាពរបស់គេ។ ពេលទារកមានអាយុ២ខែកន្លះអាច៖
– បញ្ចេញសំឡេងច្រើនជាងមុន
– ងើបក្បាលបាន ៤៥ ដឺក្រេពេលគេង។
១- បង្រៀនកូនពីអី?
មានវិធីច្រើនរាប់មិនអស់ក្នុងការនិយាយលេង ឬបង្កើតទំនាក់ទំនងជាមួយកូនក្មេង។ ដើម្បីជួយបេប៊ីឲ្យលូតលាស់បានល្អ យើងអាចសាកល្បងប្រើគន្លឹះខាងក្រោម៖
ពន្យល់រាល់សកម្មភាពកំពុងធ្វើ៖ ឧទាហរណ៍ពេលប្តូរខោទឹកនោម ឬពាក់ខោអាវឲ្យកូនយើងគួរនិយាយ ’ឥឡូវម៉ាក់កំពុងប្តូរខោទឹកនោម និងបិទឡេវអាវឲ្យកូន”។ ពេលងូតទឹកយើងអាចរៀបរាប់ពីសាប៊ូដុសខ្លួន សាប៊ូកក់សក់ថា វានឹងសម្អាតខ្លួន ឬធ្វើឲ្យខ្លួនយើងមានក្លិនក្រអូប។ ការពន្យល់ដោយប្រើពាក្យសម្តី អាចជួយឲ្យអូនតូចឆាប់យល់ពីអ្វីដែលយើងនិយាយ ហើយចាប់ផ្តើមដឹងពីពិភពខាងក្រៅបានកាន់តែឆាប់រហ័ស។
សួរសំណួរឲ្យបានច្រើន៖ ក្រៅពីការនិយាយពន្យល់ធម្មតា យើងគួរសាកល្បងសួរសំណួរទៅកូនឲ្យបានច្រើន។
និយាយជាមួយកូនឲ្យច្រើន៖ ការសិក្សាបានបង្ហាញថាម៉ាក់ប៉ានិយាយទៅកូនកាន់តែច្រើន នោះអាអូននឹងឆាប់ចេះនិយាយ។
ប្រើពាក្យសាមញ្ញ ច្បាស់ៗ៖ និយាយ និទានរឿង ឬសួរទៅកូន ម៉ាក់ប៉ាត្រូវប្រើពាក្យសាមញ្ញៗ និយាយពាក្យមួយៗឲ្យបានច្បាស់ និងឮៗ។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
គ្រូពេទ្យនឹងពិនិត្យលើបេប៊ីទៅតាមអ្វីដែលសង្ស័យ ម៉ាក់ប៉ាអាចមើលជាមួយគ្រូពេទ្យ និងជជែកពីបញ្ហាមួយចំនួន ដូចជាសកម្មភាពរបស់បេប៊ី មានការញ៉ាំ ការគេង និងការលូតលាស់ជាដើម។ ចំពោះស្រីៗគ្នាយើងដែលជិតដល់ពេលចូលធ្វើការវិញក៏អាចសួរនាំពីរបៀបមើលថែទាំកូន ការបំបៅដោះកូន អំឡុងពេលនេះបានដែរ។
៣- ត្រូវដឹងពីអីខ្លះ?
ក្នុងសប្តាហ៍នេះមានរឿងសំខាន់ថ្មីៗទៀតហើយដែលម៉ាក់ប៉ាត្រូវតែដឹងពីមូលហេតុ និងដំណោះស្រាយរបស់វា។
ការច្រាលអាហារ៖ ពេលអាហារ និងរសក្រពះច្រាលចេញពីក្នុងក្រពះមកកាន់បំពង់អាហារវិញ កូនយើងអាចព្រួស ឬក្អួតទឹកដោះចេញក្រោយពេលបៅរួច។ ករណីនេះជារឿងធម្មតាដែលអាចកើតលើគ្រប់ទារកទាំងអស់។ ការសិក្សាបានបញ្ហាញថាបេប៊ីប្រហែល ៥០% មានអាការៈក្អួតរាល់ថ្ងៃ ប៉ុន្តែបើអាអូនក្អែទឹកដោះ ឬក្អួតច្រើនដងក្នុង ១ ថ្ងៃ នោះប្រហែលមកពីមានបញ្ហាច្រាលអាហារហើយ។
ច្រាលអាហារធ្ងន់ធ្ងរអាអូនអាចក្អក ឬមិនឡើងគីឡូ។ ហេតុអ្វីបានជាបេប៊ីច្រាលអាហារ? មូលហេតុចំបងបណ្តាលមកពីសាច់ដុំខ្ជឹបមាត់ក្រពះរបស់អាអូនខ្សោយ (សាច់ដុំដែលតភ្ជាប់បំពង់អាហារជាមួយក្រពះ) និងបណ្តាលមកពីបេប៊ីបៅ ឬញ៉ាំច្រើនពេក។
គ្រូពេទ្យប្រើតេស្តពិនិត្យកម្រិតអាស៊ីដ (pH test) សម្រាប់ក្មេង ដោយយកឧបករណ៍ដាក់ក្នុងបំពង់អាហារដើម្បីវាស់ជាតិអាស៊ីដ និងកម្រិតច្រាលអាហារ។ មានវិធីផ្សេងទៀតគ្រូពេទ្យថតកាំរស្មីអ៊ិច (X-rays) និងធ្វើអង់ដូស្កុបដោយដាក់កាម៉េរ៉ាចូលទៅក្នុងបំពង់អាហារអូនតូច។
គ្រូពេទ្យព្យាបាលជំងឺច្រាលអាហារដូចម្តេច? មានបេប៊ីជាច្រើនជាសះស្បើយពីបញ្ហានេះដោយខ្លួនឯងនៅពេលអាយុ ១ ឆ្នាំ ព្រោះពេលនោះសាច់ដុំខ្ជឹបអាអូនរឹងមាំជាងមុន។ បើកូនយើងបៅទឹកដោះគោគ្រូពេទ្យប្រហែលតម្រូវឲ្យប្តូរបៅទឹកសណ្តែកទឹកដោះគោ ឬទឹកដោះដែលមានប្រតិកម្មតិចតួច។ យើងគួរឲ្យកូនបៅតិចប៉ុន្តែច្រើនដង ល្អជាងឲ្យគេបៅឆ្អែត តែតិចដង។
ពេលបំបៅដោះ និងក្រោយពេលបំបៅដោះយើងលើកអូនតូចព រួចងើយក្បាលប្រហែល ៣០ ដឹក្រេ ដើម្បីកាពារបញ្ហាច្រាលអាហារ។ ក្នុងករណីធ្ងន់ធ្ងរ គ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំកាត់បន្ថយជាតិអាស៊ីដក្នុងក្រពះ។ ថ្នាំនេះស្រដៀងគ្នានឹងថ្នាំប្រើសម្រាប់ព្យាបាលបញ្ហាក្រហាយក្រពះរបស់មនុស្សពេញវ័យដែរ។
ក្រឡាប់ខ្លួន៖ កូនយើងចាប់ផ្តើមរៀនក្រឡាប់ គេងប្តូរពីខ្នងម្ខាងទៅចំហៀងខ្នងម្ខាងទៀត និងចេះរំកិលខ្លួន ដូចនេះអាអូនមានសាច់ដុំរឹងមាំនៅដៃជើង និងក។
ការព្រួយបារម្ភ
៤- រឿងអីខ្លះត្រូវបារម្ភ?
ធ្លាប់ឃើញអូនតូចហៀរទឹកមាត់មិនឈប់ទេ? ចុះបេប៊ីបញ្ចញសំឡេងគ្រលរ? ច្បាស់ជាធ្លាប់ជួប និងឮចាស់ៗបង្អាប់ថា មកពីម៉ាក់ៗចូលចិត្តញ៉ាំខ្យង បានជាកូនកើតមកហៀរទឹកមាត់បែបនេះ? តើពិតជាមកពីអ៊ីចឹងមែនឬ? តោះ! មកដឹងពីមូលហេតុទាំងអស់គ្នា។
ហៀរទឹកមាត់៖ ក្រពេញទឹកមាត់របស់បេប៊ីធ្វើការតាំងពីនៅក្នុងពោះម៉ាក់ម្លេះ ប៉ុន្តែយើងទើបតែឃើញកូនហៀរទឹកមាត់ពេលនេះ ដោយសារអាអូនចាប់ផ្តើមយកផ្សេងៗដាក់ចូលក្នុងមាត់ ធ្វើឲ្យទឹកមាត់ចេញច្រើន។ ការហូរទឹកមាត់មិនមែនជាសញ្ញាបញ្ជាក់ថាអាអូនដុះធ្មេញនោះទេ។
បញ្ចេញសំឡេងគ្រលរ៖ មិនមែនជារឿងចម្លែកនោះទេ អាអូនចាប់ផ្តើមបញ្ចេញសំឡេងគ្រលរៗម្តងម្កាលពេលយើងនិយាយទៅកូន ឬពេលអាអូនសប្បាយចិត្ត។ កូនយើងឃើញរូបខ្លួនឯងក្នុងកញ្ចក់ក៏អាចបញ្ចេញសំឡេងបែបនេះដែរ។ អំឡុងនេះកូនយើងដឹងអំពីរបៀបបញ្ចេញសំឡេងពីក្នុងមាត់ បំពង់ក និងអណ្តាត។ វាជាសំឡេងដំបូងដែលអាអូនអាចបញ្ចេញក្រោយពេលយំ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ នៅពេលប៉ុន្មានសប្តាហ៍ក្រោយទៀតកូនយើងអាចសើចឮខ្លាំង (ពេលអាយុ៣ខែកន្លះ) និងអាចបញ្ចេញសំឡេងផ្សេងៗជាច្រើនទៀត។
[embed-health-tool-vaccination-tool]