backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ២៧ សប្តាហ៍៖ មិនទាន់ដុះធ្មេញអ៊ីចឹងឲ្យកូនញ៉ាំអីល្អ មិនបារម្ភរឿងស្លាក់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Oum Voutha · កែ Nov 27, 2019

អាយុ ២៧ សប្តាហ៍៖ មិនទាន់ដុះធ្មេញអ៊ីចឹងឲ្យកូនញ៉ាំអីល្អ មិនបារម្ភរឿងស្លាក់?

ការលូតលាស់ និងអាកប្បកិរិយា

កូន​យើង​កាន់​តែ​ធំ​បន្តិច​ហើយ អាច​ប្រើ​ម្រាម​ដៃ​ចាប់​កាន់​វត្ថុ​តូចៗ ក្តាប់​ក្នុង​ដៃ ឬ​ដាក់​ចូល​មាត់។ ក្មេង​តូច​ងាយ​នឹង​ស្លាក់​បំផុត បើ​មិន​ចង់​ឲ្យ​មាន​បញ្ហា​ម៉ាក់ប៉ា​ត្រូវ​ដាក់​របស់​តូចៗ​ឲ្យ​ឆ្ងាយ​ពី​ដៃ​កូន ឯ​នំ​ចំណី​ក៏​ដូច​គ្នា ត្រូវ​ប្រាកដ​ថា ងាយ​ទំពា និង​រលាយ ពេល​ញ៉ាំ ទើប​មិន​ធ្វើ​ឲ្យ​កូន​ស្លាក់​។

នៅ​អាទិត្យ​ទី ២៧ នេះ​កូន​យើង​នឹង​អាច ៖

– ក្រោក​ឈរ​បាន​ដោយ​តោង​អ្វី​មួយ

– មិន​ឲ្យ​យក​របស់​លេង​ចេញពី​ខ្លួន

– ព្យាយាម​ឈោង​យក​របស់​​លេង​នៅ​ឆ្ងាយ

– បោះ​របស់​អ្វី​មួយ​ពី​ដៃ​ម្ខាង​ទៅ​ដៃ​ម្ខាង​ទៀត

– រក​មើល​វត្ថុ​ដែល​ធា្លក់

– ប្រើ​ម្រាម​ដៃ​ដើម្បី​ចាប់​វត្ថុ​តូចៗ និង​ក្តាប់​ក្នុង​ដៃ

– ​បញ្ចេញ​សំឡេង​ដូចជា បាបាបា ម៉ាម៉ាម៉ា និង​ដាដាដា

– ចូល​ចិត្ត​ញ៉ាំ​អាហារ​នៅ​ក្នុង​ដៃ

– ញ៉ាំ​នំ​ដោយ​ខ្លួន​ឯង ឬ​អាហារ​ផ្សេង​ទៀត​ដែល​មាន​ក្នុង​ដៃ។

១- បង្រៀនកូនពីអីខ្លះ?

កូន​នឹង​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ដល់​វ័យ​ដែល​គេ​អាច​ញ៉ាំ​អាហារ​នៅ​ក្នុង​​ដៃ​បាន​ហើយ ដោយ​​ដណ្តើម​ស្លាបព្រា​ពី​យើង ឬ​ទាញ​អាហារ​ពី​ក្នុង​ចាន។ ដូច្នេះ​ម៉ាក់ប៉ា​គួរ​តែ​ដាក់​អាហារ ៤-៥ ចំណិត​ទៅ​ក្នុង​ចាន​កូន​ដែល​មិន​ធ្លាក់​បែក។ អាហារ​ដែល​ល្អ​សម្រាប់​កូនៗ គឺ​អាហារ​ដែល​​អាច​ទំពា ឬ​​ងាយ​រលាយ​ក្នុង​មាត់​ដោយសារ​តែ​កូន​យើង​ពុំ​ទាន់​ដុះ​ធ្មេញ​នៅ​ឡើយ។ ដើម្បី​បង្ការ​ស្លាក់ យើង​គួរ​តែ​ដាក់​កូន​អង្គុយ​កៅអី​ឲ្យ​ត្រង់​ខ្លួន​ពេល​បញ្ចុក​នំ​ចំណី។

ដើម្បី​ឲ្យ​កូន​ឆាប់​ចេះ​និយាយ និង​ចូល​ចិត្ត​ការ​អាន​នោះ​ម៉ាក់​ប៉ា​គួរ​​តែ​ព្យាយាម​យក​សៀវភៅ​ឲ្យ​កូនមើល និង​អាន​ឲ្យ​កូន​ស្តាប់។ បើ​សិន​ជា​កូន​​មិន​អង្គុយ​ស្តាប់​​រឿង​ដែល​យើង​អាន​នោះ​ទេ កុំ​ទាន់​ខក​ចិត្ត​ឲ្យ​សោះ ទោះ​កូន​​អាយុ​ប៉ុន្មាន​ក៏​ដោយ ការ​អាន​អាច​នាំ​កូន​យើង​ឲ្យ​មាន​ឱកាស​ដ៏​ល្អ ដើម្បី​ចូល​ក្នុង​សង្គម​ខាង​ក្រៅ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

នេះ​ជា​ពេល​ដែល​កូន​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​លើក​ទី ៣ បើសិនជា​អាអូន​មាន​សុខភាព​ល្អ។ ប៉ុន្តែ​មុន​នឹង​ចាក់ កុំ​ភ្លេច​សួរ​នាំ​គ្រូពេទ្យពី​ផល​រំខាន​ផ្សេងៗ​ដែល​អាច​កើត​មាន​ក្រោយ​ចាក់​វ៉ាក់សាំង។

៣- ត្រូវដឹងពីអីខ្លះ?

កូន​យើង​នៅ​តូច​បែប​នេះ​ជៀស​មិន​រួច​ពី​បញ្ហា​​នោះ​ទេ បើ​មិន​ជួប​ច្រើន ក៏​តិច​ដែរ ដូច្នេះ​តម្រូវ​ឲ្យ​ម៉ាក់ប៉ា​យល់​ដឹង​ពី​បញ្ហា​របស់​ក្មេងៗ​ឲ្យ​បាន​ច្រើន។

ការ​សង្រ្គោះ​បន្ទាន់៖ វា​ហាក់​ដូចជា​រឿង​ដ៏​រន្ធត់​មួយ តែ​យើង​គួរតែ​ត្រៀម​ក្នុង​ករណី​អាក្រក់​បាន​កើត​ឡើង។ មូលហេតុ​ចំបង​ដែល​ក្មេង​តែង​តែ​ជួប​ប្រទះឈាន​ដល់​ការ​សង្រ្គោះ​បន្ទាន់ នោះ​មាន​ដូច​ជា ប្រតិកម្ម​ធ្ងន់ធ្ងរ ស្ទះ​​ពោះវៀន ឬជំងឺ​ហឺត​ជា​ដើម។ ក្មេង​​នៅ​ក្នុង​វ័យ​នេះ​​ជា​ពេល​ដែល​ចង់​ដឹង​ចង់​ស្គាល់ និង​រពឹស​​ខ្លាំង ដែល​​អាចលេប ឬ​ស្រូប​វត្ថុ​រឹង​ផ្សេងៗ ធ្លាក់ និង​របួស ឬ​ក៏​ត្រូវ​ការ​ដេរ​បិទ​មុខ​របួស​ជា​ដើម។

ក្នុង​ករណី​ដែល​កូន​ពិបាក​ដក​ដង្ហើម​ដោយសារ​មូល​ហេតុ​ណា​មួយ​នោះ ឬ​បណ្តាល​មក​ពី​ប្រតិកម្ម​ជាមួយ​អ្វី​មួយ​នោះ ត្រូវ​ប្រញាប់​ទៅ​មន្ទីពេទ្យ​ដែល​នៅ​ជិត ឬ​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩។

ការ​ប្តូរ​ទៅ​ញ៉ាំ​ទឹក​ដោះ​គោ៖ បើអាច​យើង​គួរ​តែ​បន្ត​ឲ្យ​កូន​បៅ​ទឹក​ដោះ​ម្តាយ​យ៉ាង​តិច​ណាស់​ឲ្យ​បាន​១ ឆ្នាំ​ដំបូង។ នៅ​ពេល​ដែល​ម៉ាក់​ចង់​ផ្តាច់​ដោះ​កូន អាច​ឲ្យទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ដែក​ដល់​កូន ឬ ​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ទឹក​ដោះ​គោ​ប្រភេទ​ណា​សមស្រប​សម្រាប់​កូន​យើង។ កូន​ញ៉ាំ​ទឹក​ដោះ​គោ​បាន ១ ឆ្នាំ យើង​ត្រូវ​ប្រាកដ​ថាប្រើ​ទឹក​ដោះ​គោ​សុទ្ធ ទឹកដោះ​គោ​គ្មាន​ក្រែម ប្រសើរ​ជាង​ជាតិ​ខ្លាញ់​ទាប (Low fat)។ ទឹក​ដោះ​គោ​សុទ្ធ ត្រូវ​បាន​ណែ​នាំ​ចំ​ពោះ​កូន​ក្មេង​ដែល​មាន​អាយុ​ពី ២ ឆ្នាំ​ឡើង ទោះ​បី​ជា​គ្រូ​ពេទ្យ​ខ្លះ​ទៀត​ឲ្យ​ញ៉ាំទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ ២% សម្រាប់​ក្មេង​អាយុ​លើ ១ឆ្នាំ​កន្លះ​ក៏​ដោយ។

ការព្រួយបារម្ភ

៤- រឿងអីខ្លះគួរបារម្ភ?

ការដុសធេ្មញ៖ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​យើង​គួរ​តែ​ថែ​រក្សា​ធ្មេញ​កូន​ឲ្យបាន​ល្អ។ ដំបូង​បង្អស់​នោះ​ការ​សម្អាត​ធ្មេញ​ ធ្វើ​ឲ្យ​ធ្មេញ​ស្រុក (ធ្មេញអចិន្ត្រៃយ៍) ដុះ​បាន​ស្អាត​តាម​គន្លង​ធ្មេញ​ទឹកដោះ​នៅ​ពេល​​ក្រោយ។ ជំងឺ​ពុក​ធ្មេញ និង​ជ្រុះ​ធ្មេញ​អាច​ធ្វើ​ឲ្យ​មាត់​កូន​យើង​ខុស​ទម្រង់​ជាដើម ជាង​នេះ​ទៅ​ទៀត​នោះ​អូន​តូច​ត្រូវការ​ធ្មេញ​ដើម្បី​ខាំ និងទំពា ២-៣ ឆ្នាំ​ដំបូង មុន​ពេល​​ធ្មេញ​ស្រុក​ដុះ​ចេញ​មក​ជំនួស។ ធ្មេញ​ខូច​អាច​ឲ្យកូន​​លែង​ចង់​ញ៉ាំ​អាហារ។ ម៉្យាងវិញទៀត​សុខភាព​ធ្មេញ​មាន​សារ​សំខាន់​ក្នុងការ​និយាយ​ស្តី និង​សោភណភាព ដែល​ទាំង ២ នេះចាំបាច់ពេលកូនពេញ​វ័យ។

កូន​ធំ​បន្តិច​យើង​គួរ​​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​​ដុស​ធ្មេញ​កាន់​តែ​ឆាប់។ យើង​អាច​ប្រើ​បង់រុំ កន្សែង​ទន់ៗ​ហើយ​ស្អាត ​ឬ​ច្រាស​ដែល​មាន​សរសៃ​ទន់ៗ ដោយ​ផ្សើមជាមួយ​ទឹក​ដើម្បី​សម្អាត​ធ្មេញ​កូន។ យើង​គួរ​សម្អាត​ធ្មេញ​ទារក​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច និង​មុន​ពេល​គេង ដោយ​ដុស​ស្រាលៗ។ កុំ​ភ្លេច​សម្អាត​អណ្តាត​កូន​ផង ព្រោះ​វា​ជា​ជម្រក​​មេរោគ។ អាអូន​នៅ​តូច​ណាស់ កុំ​ប្រើ​ថ្នាំ​ដុស​ធ្មេញ ឬ​ប្រើ​តិច​តួច បើ​​កូន​យើង​ចូល​ចិត្ត​វា។

ក្រៅពី​ការ​ថែ​ទាំ​ធ្មេញ អាហារ​ក៏​មាន​សារ​សំខាន់​ចំពោះ​សុខភាព​មាត់​ធ្មេញ​កូន​ដែរ។ ម៉ាក់ប៉ា​ត្រូវ​ច្បាស់​ថា​អាហារ​ដែល​ផ្តល់​ឲ្យ​កូន​មាន​កាល់ស្យូម សារធាតុ​រ៉ែ និងវីតាមីន​គ្រប់​គ្រាន់ ជាពិសេស វីតាមីន​ C ដែល​ថែរក្សា​អញ្ចាញ​ធ្មេញ​បាន​ល្អ និង​កំណត់​អាហារ​ដែល​សម្បូរ​​ជាតិ​ស្ករ​តិច​តួច​បំផុត ​ធ្វើ​ឲ្យ​ស្អិត​អញ្ចាញ​ធ្មេញ។

ទាំងអស់​នេះ​អាច​ជួយ​ឲ្យ​ការពារ​កូន​យើង​ពី​ការ​ឈឺ​ចាប់​ដែល​បណ្តាល​មក​ពី​ដង្កូវ​ស៊ី​ធ្មេញ និង​ការ​ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ។ ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ គួរ​តែ​ធ្វើនៅ​អាយុ​ចន្លោះ​ខែទី ៦ និង ១២ សម្រាប់​ក្មេងៗ​ដែល​មាន​ទម្លាប់​គេង​បៀម​ដប​ទឹក​ដោះ​គោ ឬ​តែង​តែ​បៀម​ដប​នៅ​ក្នុង​មាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Oum Voutha · កែ Nov 27, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម