ការលូតលាស់ និងអាកប្បកិរិយា
ក្នុងវ័យនេះ អាអូនអាចរករបស់របរមកគ្រវី ឬអាចមានគំនិតលេងផ្សេងៗចំពោះវត្ថុនោះ ដូចជាអាចបោក ចាក់ មួល ច្របាច់ គ្រវី ទម្លាក់ និងបើកឡើង ដែលសកម្មភាពទាំងនោះនាំឲ្យពួកគេសប្បាយ ដូច្នេះម៉ាក់ប៉ាត្រូវប្រយ័ត្នរបស់កូនលេងដែលងាយបែកបង្កឲ្យមានគ្រោះថ្នាក់។
ក្នុងសប្ដាហ៍ទី ២ នៃខែទី ៨ នេះ កូនយើងអាចនឹង៖
– បោះប្រអប់ ឬរបស់លេងពីដៃម្ខាងទៅដៃម្ខាងទៀត
– ចូលចិត្តទះដៃ
– យករបស់លេងគោះគ្នា និងបោះរបស់លេងទៅលើឥដ្ឋ
– ឈរដោយទប់ឬកាន់ដៃ
– យករបស់លេងនៅឆ្ងាយបាន
– លេងបិទពួន
– ចេះក្រោកអង្គុយ។
១- បង្រៀនកូនដោយរបៀបណា?
កូនយើងក្នុងវ័យនេះអាចចងចាំរបស់លេងខ្លះ ដូចជាទូរសព្ទ។ ទោះបីជាអាអូនមិនអាចកាន់ដាក់ត្រចៀកស្តាប់ដោយខ្លួនឯង យើងគួរតែលេងជាមួយកូនធ្វើដូចជាកំពុងនិយាយទូរសព្ទឆ្លើយឆ្លងជាមួយពួកគេ។ ប៉ុន្មានខែក្រោយ អាអូនអាចនឹងប្រើប្រាស់វត្ថុទាំងនោះទៅតាមមុខងាររបស់ពួកវាបាន ដូចជាយកក្រាស់យកមកសិតសក់ ផឹកទឹកដោយប្រើកែវ ហើយនិយាយលេងឆ្លើយឆ្លងជាមួយទូរសព្ទ។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ទោះបីជាមិនមានការណាត់ជួបជាមួយគ្រូពេទ្យ ប៉ុន្តែបើយើងមានការព្រួយបារម្ភចំពោះសុខភាពកូន ដែលមិនអាចចាំដល់ការណាត់ជួបខែក្រោយបានទេ អាចទូរសព្ទសាកសួរគ្រូពេទ្យបាន។
៣- ចំណុចត្រូវដឹង
ពុល៖ កូនយើងលេបជាតិពុលចូលទៅក្នុងខ្លួន បណ្តាលឲ្យឆ្អល់ពោះ ឯជាតិពុលខ្លះទៀតវាអាចប៉ះពាល់ដល់សួត ឬពោះវៀនធ្ងន់ធ្ងរ ឈានដល់ស្លាប់ក៏មាន។ ដូច្នេះម៉ាក់ប៉ាគួរតែមានការប្រុងប្រយ័ត្នលើចំណុចខាងក្រោមនេះ៖
– មើលស្លាកបិទលើផលិតផលមានសារធាតុគីមី
– ទុកគ្រឿងសម្អាងឆ្ងាយពីដៃកូន
– ទុកថ្នាំពេទ្យ វីតាមីនអាហារបំប៉ន ថ្នាំលាងសម្អាត-សម្លាប់សត្វល្អិត ឲ្យខ្ពស់ពីដៃកូន
– បើសិនជាអាច ទិញថ្នាំណាដែលគម្របពិបាកបើក
– ទុករបស់របរគ្រោះថ្នាក់ក្នុងធុងដែលមានសុវត្ថិភាព
– កុំលួងក្មេងឲ្យផឹកថ្នាំ ដោយប្រាប់ថា វាជាស្ករគ្រាប់
– ទុករបស់របរដាំដំណាំឲ្យឆ្ងាយពីក្មេងៗ។
បើអាអូនពុលអ្វីម្យ៉ាង ត្រូវនាំកូនទៅពេទ្យ ឬជួយសង្រ្គោះបន្ទាន់កូនតាមវិធីទាំងនេះ៖
– បើកូនមិនអាចដកដង្ហើមបាន ចាប់ផ្តើមសង្គ្រោះដោយធ្វើចលនាបេះដូង និងដកដង្ហើម
– ព្យាយាមយកវត្ថុចេញពីមាត់របស់កូន ហើយរក្សាទុកវាជាគំរូ
– កុំបង្ខំកូនឲ្យក្អួត ឬផឹកថ្នាំឲ្យក្អួត ដំបូងគួរស្តាប់ការណែនាំពីគ្រូពេទ្យ
– ដោះខោអាវចេញ ហើយលាងសម្អាតខ្លួនកូនជាមួយទឹកក្តៅឧណ្ហៗ។
កូនមិនទាន់ចេះវារ៖ ការលូតលាស់របស់ក្មេងមិនដូចគ្នានោះទេ។ ការចេះវាររបស់អូនតូចគ្រាន់តែជាជំនាញមួយប៉ុណ្ណោះ មិនអាចវាស់ពីការវិវត្តរបស់ក្មេងបានទាំងស្រុងនោះទេ។ ក្មេងខ្លះអាចវារបានពេលឈានចូលអាយុ ៦ ខែ ឯខ្លះទៀតយូរជាងនេះ។ ក្មេងខ្លះបានរំលងចោលការលូតលាស់ក្នុងការចេះវារលូន ហើយចាប់ផ្តើមដើរតែម្តង ពួកគេអាចស្វែងរកវិធីតោងឈរ និងបម្លាស់ទី (ដូចជាពីកៅអី ទៅតុ ឬសាឡុង)។ ជាការពិតណាស់ក្មេងដែលមិនចេះវារ តែពួកគេចេះដើរបានមុនក្មេងចេះវារក៏មាន។
ក្នុងចំណោមក្មេងដែលចេះវារលូន ក៏មានរបៀបខុសគ្នាដែរ ក្មេងខ្លះរំកិលដោយប្រើពោះ ឬក្មេងខ្លះរំកិលដោយប្រើជើង និងដៃ។ អូនតូចខ្លះអាចចាប់ផ្តើមវារ ឬលូនថយក្រោយ ឬចំហៀង ខ្លះទៀតអាចរំអិលដោយប្រើជង្គង់ឬគូទ ឯមួយចំនួនទៀតអាចប្រើដៃជើងសម្រាប់ការផ្លាស់ទី។ នេះគឺជាដំណាក់មុនឈានដល់ការដើររបស់ក្មេង។
ក្មេងខ្លះមិនទាន់ចេះវារលូនព្រោះគ្មានជម្រើស ឬឱកាស ដោយសារតែភាគច្រើនពួកគេត្រូវឃុំក្នុងគ្រែកូនង៉ែត ជិះរទេះរុញ ព និងលេងក្នុងរបងក្មេង។ ម៉ាក់ប៉ាត្រូវចាំថាកូនយើងនឹងប្រើពោះដើម្បីលូនវារលើឥដ្ឋ (កុំបារម្ភចំពោះភាពកខ្វក់លើឥដ្ឋ តែយើងត្រូវបោស និងយកវត្ថុគ្រោះថ្នាក់ចេញឲ្យអស់)។ ដើម្បីលើកទឹកចិត្តកូនៗទៅមុខទៀត យើងគួរដាក់របស់លេងដែលកូនចូលចិត្ត។ យកល្អគួរតែមានទ្រនាប់ជង្គង់កូន ដើម្បីកុំឲ្យក្រិន ឬកកិតយូរឈឺ ធ្វើឲ្យកូនយើងលែងចង់វារតទៅទៀត។
ការព្រួយបារម្ភ
៤- រឿងអ្វីខ្លះត្រូវបារម្ភ?
មានឆ្ងល់ទេ តើគួរបង្រៀនកូននិយាយភាសាសញ្ញាបែបណាទៅ? ការពិតទៅក្មេងៗដែលចេះប្រើភាសាសញ្ញា មានសមត្ថភាពទំនាក់ទំនងល្អជាងក្មេងទូទៅ។ នៅពេលកូនចេះនិយាយ នោះភាសាសញ្ញានឹងកាត់បន្ថយ ឬបាត់ទៅវិញ។ ដូច្នេះកុំគិតថាការប្រើប្រាស់ភាសាសញ្ញាធ្វើកូនឆ្លាតជាងមុន ឬជួយដល់ការលូតលាស់ល្អប្រសើរ យើងប្រើប្រាស់ភាសាសញ្ញាដើម្បីជួយក្នុងការនិយាយទំនាក់ទំនងឲ្យស្រួលយល់ជាមួយកូនប៉ុណ្ណោះ។
នេះគឺជារបៀបនៃការប្រើប្រាស់ភាសាសញ្ញា៖
-ការចាប់ផ្តើមដំបូងនៅពេលក្មេងៗមានអាយុយ៉ាងតិចណាស់ ៨ ឬ ៩ ខែ កូនយើងចាប់ផ្តើមបង្ហាញកាយវិការពេញចិត្ត និងចាប់អារម្មណ៍ក្នុងការទាក់ទងជាមួយយើង។
-ការប្រើប្រាស់សញ្ញាជារឿងធម្មតាសម្រាប់ក្មេងៗ។ ការធ្វើកាយវិការសាមញ្ញៗដែលសមនឹងពាក្យ ឬឃ្លាអាចនឹងបានផលល្អ ឧទាហរណ៍ ការទះដៃជំនួសដោយពាក្យថា “សត្វចាប” ឬការអេះក្លៀកសម្រាប់ “សត្វស្វា” និងផ្គុំម្រាមដៃទាំងពីរហើយដាក់ទ្រក្បាលជំនួសថា “ការគេង” អង្អែលក្បាលពោះមានន័យថា “ឃ្លាន” កាយវិការលើកកែវចូលមាត់ប្រាប់ថា “ផឹក” និងម្រាមដៃប៉ះច្រមុះមានន័យថា “ក្លិន”។
-ឲ្យរបស់កូនត្រូវការទៅតាមភាសាសញ្ញាដែលជាតម្រូវការរាល់ថ្ងៃដូចជា ឃ្លាន ស្រេកទឹក និងអស់កម្លាំង។
-គ្រប់ភាសាសញ្ញាទាំងអស់ កូនយើងអាចយល់ និងធ្វើត្រាប់តាមបានយ៉ាងលឿនដោយសារតែឃើញសញ្ញានេះម្តងហើយម្តងទៀត។
-ការនិយាយ និងការធ្វើសញ្ញាក្នុងពេលតែមួយ ដើម្បីកូនរៀនទាំងពីរ ទាំងការនិយាយ និងសញ្ញា។
ត្រូវចូលរួមគ្រួសារទាំងមូល ពីព្រោះមនុស្សច្រើនអាចនិយាយ និងធ្វើកាយវិការសញ្ញាបានច្រើន នោះកូនយើងនឹងពេញចិត្ត សប្បាយចិត្តតាមហ្នឹងដែរ។ បងប្អូនបង្កើត យាយតា មេដោះឬនរណាក៏ដោយឲ្យតែនៅជាមួយកូនយើងច្រើន យ៉ាងហោចណាស់គួរតែស្គាល់ភាសាសញ្ញាសំខាន់ៗ ដើម្បីបំពេញតម្រូវការកូន។
-កុំបង្ខំឲ្យភាសាសញ្ញាទៅជាបែបបទនៃការប្រាស្រ័យទាក់ទង គួរតែវិវត្តតាមធម្មជាតិ និងជំហានកូន។ ក្មេងៗរៀនបានល្អបំផុតតាមសកម្មភាពដែលធ្លាប់ឃើញ និងធ្លាប់ធ្វើមិនមែនតាមការរៀនសូត្រលក្ខណៈផ្លូវការនោះទេ។ បើកូនយើងមិនពេញចិត្តនឹងភាសាសញ្ញានោះហើយ ដូច្នេះគួរអង្កេត និងយកចិត្តទុកដាក់ជាមួយកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]