ការលូតលាស់ និងអាកប្បកិរិយា
អាអូនលូតលាស់បានល្អ ចេះច្រើនជាងមុន ធ្វើឲ្យម៉ាក់ប៉ាសប្បាយចិត្ត គ្រាន់តែឃើញស្នាមញញឹមកូនបាត់អស់ភាពនឿយហត់។ បេប៊ីនៅសប្តាហ៍នេះអាចយល់ពីប្រាប់ងាយៗរបស់យើង បើទោះពេលខ្លះមិនព្រមធ្វើតាមក៏ដោយ។ អាអូនចេះណាស់ ពេលចង់បានរបស់អ្វីមួយលែងយំដូចមុនហើយ ព្យាយាមប្រើវិធីផ្សេងវិញ។
នៅសប្តាហ៍ចុងក្រោយនៃខែទី ១០ នេះ កូនរបស់អ្នកអាច៖
- លេងបាល់តូចៗ
- ញ៉ាំទឹកដោយកែវបានដោយខ្លួនឯង
- រើសរបស់តូចៗដោយខ្លួនឯង
- ឈរបានដោយគ្មានជំនួយ
- និយាយភាសាក្មេង តែមិនទាន់អាចស្តាប់បាន
- និយាយពាក្យមួយម៉ាត់ៗ ជាជាង “ម៉ាក់’ ឬ “ប៉ា’។
១- បង្រៀនកូនដោយរបៀបណា?
ដើម្បីឲ្យកូនចងចាំ គួរព្យាយាមនិយាយម្តងហើយម្តងទៀត ព្រោះក្មេងអាចមិនចាំនូវអ្វីដែលយើងបានប្រាប់នៅថ្ងៃបន្ទាប់ ហើយចាប់ផ្តើមបង្រៀនកូនពីអ្វីដែលល្អ និងមានសុវត្ថិភាព។ ឧទាហរណ៍ កូនកាន់កន្ទុយឆ្មា យើងត្រូវវាសដៃអាអូនចេញ រួចសម្លឹងទៅកូន ហើយប្រាប់ថាការធ្វើបែបនេះ មិនល្អទេ អាចធ្វើឲ្យឆ្មាឈឺ ហើយប្រាប់កូនឲ្យអង្អែលឆ្មាដោយថ្នមៗ។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ជាទូទៅក្នុងខែនេះ គ្រូពេទ្យមិនណាត់ជួបជាមួយយើងទេ ប៉ុន្តែយើងគួរតែទាក់ទងគ្រូពេទ្យភ្លាមៗ ប្រសិនបើមានបញ្ហាបន្ទាន់។
៣- ចំណុចត្រូវដឹង
ក្នុងដំណាក់ការនេះ យើងតែងតែមានការព្រួយបារម្ភចំពោះការយំគាំងរបស់កូន។ ខាងក្រោមនេះក៏មានបង្ហាញពីគន្លឹះមួយចំនួនក្នុងការរើសស្បែកជើង និងថែទាំសក់របស់កូន។
ការយំគាំង៖ ចូរកុំមានការព្រួយបារម្ភនៅពេលកូនយំគាំងដល់សន្លប់ ដោយសារតែវាមិនចាំបាច់ក្នុងការព្យាបាលឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ យើងក៏ត្រូវដឹងពីវិធីខ្លះៗ ដើម្បីដោះស្រាយបញ្ហានេះដែរ៖
– ត្រូវឲ្យកូនគេងបានគ្រប់គ្រាន់
– ធ្វើយ៉ាងណាកុំឲ្យមួម៉ៅខ្លាំងពេក
– ព្យាយាមលួងកូនពេលរំជួលចិត្តខ្លាំង
– ព្យាយាមសម្រួលអារម្មណ៍កូន។
ម៉ាក់ប៉ាកុំភ័យពេកពេលកូនយំគាំង អាអូនអាចធ្វើបែបនេះបន្តទៀតបើដឹងថា ខ្លួនអាចបានអ្វីដែលចង់បានពេលធ្វើបែបនេះ ជាពិសេសពេលដែលកូនធំជាងនេះ។ អ្នកស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការគាំងនេះអាចឈប់ទៅវិញពេលបេប៊ីចាប់ផ្តើមផឹកថ្នាំជាតិដែក។ យើងគួរតែពិភាក្សាជាមួយគ្រូពេទ្យនូវជម្រើសល្អណាមួយក្នុងការព្យាបាលកូន។
បើកូនគាំងយូរជាង ១ នាទី ហើយមិនទាក់ទងនឹងការនឹងការយំ ឈឺចាប់ មានអារម្មណ៍តឹងតែង ឬមានបញ្ហាណាមួយដែលយើងបារម្ភ ត្រូវទាក់ទងទៅគ្រូពេទ្យភ្លាម។
ការជ្រើសរើសស្បែកជើងឲ្យកូន៖ ស្បែកជើងដែលផ្តល់ផាសុកភាពដល់ទារក គឺមិនត្រឹមតែជួយឲ្យបម្លាស់ទីបានស្រួលទេ ប៉ុន្តែថែមទាំងជួយការពារជើងកូនយើងមិនឲ្យឈឺ។ អត់ពិបាកទេ ម៉ាក់ៗអាចរើសយកស្បែកជើងដែលមានសណ្ឋានដូចខាងក្រោម៖
– បាតស្បែកជើងអាចបត់បែនបានស្រួល
– ស្បែកជើងកីឡា
– ស្បែកជើងគ្មានកែង
– ស្បែកជើងមានក្រវាត់ក្រោមរឹង
– ល្មមនឹងជើង
– ទម្រង់ស្តង់ដារ។
ការថែទាំសក់៖ ការថែទាំសក់កូនបានល្អ ធ្វើឲ្យក្បាលកូនស្អាត ការពារពីជំងឺក្បាលផ្សេងៗ។ យើងអាចធ្វើតាមវិធីខាងក្រោមដើម្បីការពារសក់កូន៖
– ស្រាយសក់មុនកក់សក់ ដើម្បីកុំឲ្យកណ្ដាញ់
– ប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់ដែលមិនបាច់សម្អាតចេញ
– ប្រើក្រាស់សិតសក់មានចន្លោះធ្មេញធំៗ
– កុំប្រើម៉ាស៊ីនសម្ងួតលើសក់ទារក
– កុំក្រងសក់ ឬចងតឹងៗពេក
– ស្រាយសក់ យកកៅស៊ូ ឬដង្កៀបចេញពេលឱ្យកូនគេង
– តម្រឹមសក់កូនរៀងរាល់ ២ ខែម្តង
– តម្រឹមសក់ពេលដុះដល់ចិញ្ចើម។
ការព្រួយបារម្ភ
៤- រឿងអីខ្លះត្រូវដឹង?
ឆេវឆាវ៖ ជាអ្វីដែលក្មេងគិត ហើយមានប្រតិកម្មជាមួយបរិស្ថានជុំវិញ រួមមានរបៀបនៃការគេង ញ៉ាំ ការបន្សាំខ្លួនទៅនឹងបរិស្ថានជុំវិញ និងការឆ្លើយតបទៅរឿងមួយចំនួនទៀត។ ក្មេងខ្លះអាចសម្របខ្លួនទៅនឹងរបស់ដែលជួបថ្មី ឯខ្លះមិនអាច ឬយឺតក្នុងការសម្របខ្លួន។ អ្នកជំនាញជាច្រើនបានបង្ហាញថា អារម្មណ៍ឆេវឆាវមានពីកំណើតជាជាងឥទ្ធិពលពីកត្តាខាងក្រៅ។ យើងអាចចាប់ផ្តើមដឹងពីរបៀបនៃការប្រាស្រ័យទាក់ទងរបស់កូនតាំងពីអាអូនមានអាយុ ៣ ឬ ៤ ខែមកម្ល៉េះ នៅពេលមានអាយុ ១០ ខែនេះ អត្តចរិតកូនយើងនឹងអាចលេចចេញកាន់តែច្បាស់ ដែលយើងអាចស្រមៃថាកូនយើងនឹងក្លាយជាអ្វីនៅថ្ងៃអនាគត។
បើយើងគិតថាកូនមានបញ្ហាទៅទាក់ទងនឹងផ្លូវអារម្មណ៍ គួរតែព្យាយាមយល់ ជាជាងការវាយតម្លៃផ្សេងៗ ឬប្រើពាក្យសម្តី អាកប្បកិរិយាដែលថា កូនយើងមិនល្អ។ ផ្ទុយមកវិញ យើងគួរតែព្យាយាមយល់ពីកូន ហើយលើកទឹកចិត្តឲ្យអូនតូចធ្វើរឿងល្អជាងមុន។ ម៉ាក់ប៉ាគួរដឹងថា យើងមិនអាចផ្លាស់ប្តូរអត្តចរិតពីកំណើតរបស់កូនទេ បើទោះបីជាយើងអាចលើកទឹកចិត្ត ជួយកូនឲ្យរៀន និងធំធាត់ទៅតាមចរិតដែលកូនមាន។
ឥឡូវម៉ាក់ប៉ាបានដឹងពីបញ្ហាកូននៅសប្តាហ៍នេះហើយ ចាំជួបគ្នាសប្តាហ៍ក្រោយទៀត!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]