ការលូតលាស់ និងអាកប្បកិរិយា
បេប៊ីនិយាយពាក្យជាច្រើនរៀងរាល់ថ្ងៃ នេះបញ្ជាក់ថាខួរក្បាលអាអូនលូតលាស់ជាបន្តបន្ទាប់។ គួរឲ្យក្នាញ់តិចអី អាអូនដឹងច្បាស់ពាក្យថា “កុំ’ ប៉ុន្តែមិនធ្វើតាមការហាមរបស់យើងរហូតទេ មកដល់ខែទី ១១ កូនយើងអាច៖
– ងើបអង្គុយ
– ប្រើម្រាមដៃចាប់វត្ថុតូចៗ
១- បង្រៀនកូនដោយរបៀបណា?
ក្មេងអាយុប៉ុណ្ណេះអាចធ្វើត្រាប់តាមសំឡេង ឬកាយវិការផ្សេងៗ និងនិយាយឃ្លាងាយមួយចំនួនដូចជា “ហុចបាល់ឲ្យខ្ញុំបន្តិច” ឬ “ហុចស្លាបព្រាឲ្យខ្ញុំ’។ ម៉ាក់ប៉ាអាចជួយកូនក្នុងការចាប់ផ្តើមនិយាយពីឃ្លាណាដែលងាយស្រួល និងបង្រៀនឲ្យចេះប្រើកាយវិការ។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?
ទារកភាគច្រើនមិនចូលចិត្តគ្រូពេទ្យទោះបីជាគ្រូពេទ្យជាមនុស្សរួសរាយ តែងតែផ្តល់ភាពកក់ក្តៅដល់គេក្តី។ បើសប្តាហ៍នេះមិនមានការណាត់ជួបពេទ្យទេ អាអូនច្បាស់ជាសប្បាយចិត្ត។ ប៉ុន្តែបើមានអ្វីមិនស្រួល ម៉ាក់ប៉ាត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់។
៣- ចំណុចត្រូវដឹង
ពេលនេះកូនយើងចេះដើរហើយ ម៉ាក់ប៉ាច្បាស់ជាសង្កេតដំណើរ ឬជើងកូនពេលដើរ តើត្រង់អត់? ជង្គង់មានត្បៀតចូលគ្នាទេ? ខ្លាចជើងកូនកែក។ មិនមានអីត្រូវព្រួយទេ ជើងអាអូននៅតូចតែងតែបែបនេះ ពេលធំបន្តិចកូនយើងអាចដើរ និងរត់លេងបានច្រើន ជើងទាំង២ នឹងត្រង់មិនខាន។
ជើងកែក៖ ក្មេងមានអាយុតិចជាង ២ ឆ្នាំភាគច្រើនមានបញ្ហាជើងមិនត្រង់ ពេលគេដើរជង្គង់ទាំងសងខាងអាចខិតចូលមកប៉ះគ្នា។ អាអូនអាចមានបញ្ហានេះរហូតអាយុលើសពី ១០ ឆ្នាំ។ យើងមិនចាំបាច់ត្រូវប្រើស្បែកជើង ឬបាតស្បែកជើងពិសេសសម្រាប់កូនមានជើងមិនស្មើនោះទេ ព្រោះអ្នកជំនាញមិនឃើញមានអត្ថប្រយោជន៍អ្វីច្រើនដល់ការលូតលាស់ជើងក្មេងទេ។
បើយើងសង្កេតឃើញជើងកូនពិតជាមានបញ្ហាមែន អាចវៀចចេញ ឬចូលក្នុង ត្រូវយកអាអូនទៅជួបជាមួយគ្រូពេទ្យជំនាញផ្នែកឆ្អឹង។
ដួល៖ ទោះកូនរៀនដើរបានត្រង់ ឬដួលក៏ដោយ យើងមិនត្រូវហាមកូនមិនឲ្យរៀនដើរនោះទេ។ តួនាទីរបស់ម៉ាក់ប៉ា គឺចាំមើលកូនកុំឲ្យគេមានគ្រោះថ្នាក់ពេលដួល។ ពេលក្មេងដើរតេះតះក្នុងបន្ទប់អាចប៉ះក្បាលជាមួយរបស់ផ្សេងៗដែលមានក្នុងបន្ទប់នោះ។ អាអូនអាចជាំ ឬបែកហូរឈាមបើក្បាលទៅប៉ះជាមួយកែងតុ ដូចនេះយើងមិនត្រូវទុកដាក់របស់របរដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ក្មេងនៅក្នុងបន្ទប់ទេ។ កាយវិការឆ្លើយតបភ្លាមៗពេលកូនយើងដួលអាចធ្វើឲ្យគេមានអារម្មណ៍ផ្សេងគ្នាទៅតាមទង្វើរបស់យើង។
ឧទាហរណ៍យើងរត់ទៅលើកកូនយ៉ាងលឿន ហើយសួរទាំងទឹកភ្នែកទៅកាន់អាអូនថា “កូនមិនអីទេ? កូនមិនអីទេមែនទេ?” នោះអូនតូចនឹងដឹងពីក្តីបារម្ភរបស់យើង ហើយកូននឹងមានការប្រុងប្រយ័ត្នខ្ពស់នៅពេលក្រោយ។ ផ្ទុយមកវិញបើយើងឃើញកូនដួលហើយនិយាយសាមញ្ញទៅកាន់កូនថា “កូនឯងដួលប៉ុណ្ណឹងមិនអីទេ ក្រោកឡើងមក” នោះកូនប្រហែលមិនខ្វល់ហើយងើបឡើងវិញ ឬអាចដួលម្តងទៀតនៅពេលក្រោយ។
ការព្រួយបារម្ភ
៤- រឿងអ្វីខ្លះត្រូវបារម្ភ?
ពេលកូនអាយុឈានចូល ១១ ខែ ម៉ាក់ៗប្រហែលជាខ្វល់ពីការផ្តាច់បៅទឹកដោះគោដបមកឲ្យញ៉ាំក្នុងកែវវិញ។ មិនពិបាកដូចការគិតនោះទេ យើងអាចអនុវត្តតាមវិធីខាងក្រោម៖
– ផ្តាច់ឲ្យត្រូវពេលវេលា
– ធ្វើសន្សឹមៗ
– កុំឲ្យកូនឃើញដបទឹកដោះគោ
– ប្រើកែវដែលមានរូបរាងស្អាតទាក់ទាញ
– ត្រៀមចិត្តជាមួយភាពរញ៉េរញ៉ៃ
– មិនត្រូវរំពឹងខ្ពស់ពេក
– បង្រៀនកូនដោយលើកឧទាហរណ៍
– មានភាពអត់ធ្មត់
– ផ្តល់ក្តីស្រលាញ់ឲ្យច្រើនទៅកូន។
អ្វីទាំងអស់ដែលបានរៀបរាប់នៅខាងលើនឹងផ្តល់ភាពងាយស្រួលដល់យើង និងកូន។ ចាំជួយគ្នានិយាយអំពីការវិវត្តរបស់អាអូន នៅសប្តាហ៍ទី ៤៦ ទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]