រាងកាយយើងត្រូវការវីតាមីនចម្រុះមុខ ទើបអាចដំណើរការ និងលូតលាស់ទៅបាន។ វីតាមីនទាំងនោះយើងបានមកពីការញ៉ាំចំណីអាហារ និងការញ៉ាំថ្នាំវីតាមីនជំនួស ឬបន្ថែម ចុះចំពោះក្មេងតូចៗ អាចឲ្យញ៉ាំថ្នាំវីតាមីនបានអត់?
ថ្នាំវីតាមីនចម្រុះ ឬ Multivitamins មិនគួរផ្តល់ឲ្យក្មេងដែលមានសុខភាពល្អ និងលូតលាស់ធម្មតានោះទេ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។
លោកវេជ្ជបណ្ឌិតថា ទឹកដោះម្តាយ និងអាហារដែលកូនយើងញ៉ាំរាល់ថ្ងៃ មានបបរ បាយ ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើគ្រប់មុខ និងចំណីចំណុកផ្សេងទៀត គឺជាប្រភពដ៏សំខាន់នៃវីតាមីនចម្រុះ ម៉ាក់ប៉ាមិនចាំបាច់បារម្ភ ត្រូវប៉ូវថ្នាំវីតាមីនបន្ថែមទេ។ ម្យ៉ាងវិញទៀតថ្នាំវីតាមីនមិនអាចការពារកូនយើងពីជំងឺផ្សេងៗ ឬធំធាត់លឿន ដូចជាញ៉ាំរបបអាហារប្រចាំថ្ងៃនោះទេ ក្មេងប្រើថ្នាំវីតាមីនទាល់តែមានបញ្ហាអីមួយ។
លក្ខខណ្ឌដែលម៉ាក់ប៉ាអាចឲ្យកូនញ៉ាំថ្នាំវីតាមីន៖
– កូនលូតលាស់មិនបានល្អ ឬលូតលាស់យឺតទាំងផ្នែករាងកាយ និងបញ្ញា
– មានជំងឺរាំរ៉ៃ ឬអាលែកហ្ស៊ីជាមួយអាហារ
– មិនចង់ម៉ឹម ឬញ៉ាំអាហារ។
ទោះបីយ៉ាងលោកវេជ្ជបណ្ឌិតថា មុននឹងឲ្យកូនញ៉ាំប្រភេទថ្នាំវីតាមីនណាមួយ យើងចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
[embed-health-tool-vaccination-tool]