ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល បានពន្យល់ថា តាមការសិក្សានៅមន្ទីរពេទ្យកុមារជាតិ ការបំបៅកូនដោយទឹកដោះម្តាយ កូនទទួលបានកម្រិតជាតិដែកទាបជាងការបំបៅកូនដោយទឹកដោះគោ (ចាប់ពីអាយុ ៤ ខែទៅ ចំពោះក្មេងកើតគ្រប់ខែ) ហេតុនេះ ទើបគោលការណ៍របស់ក្រសួងសុខាភិបាល នៅពេលដែលស្ត្រីបំបៅកូនដោយទឹកដោះម្តាយ ត្រូវញ៉ាំថ្នាំជាតិដែកដើម្បីឲ្យទឹកដោះសម្បូរជាតិដែក ចៀសវាងកូនខ្វះជាតិដែក។
ចំពោះក្មេងមិនគ្រប់ខែវិញ ការខ្វះជាតិដែកបម្រុងដែលម្តាយផ្តល់ឲ្យកូនពេលនៅក្នុងផ្ទៃយកមកប្រើប្រាស់ឆាប់អស់ណាស់ គឺអស់មុនរយៈពេល ៤ ខែ ក្រោយកូនកើតមកទៅទៀត។ បែបនេះម្តាយត្រូវញ៉ាំជាតិដែកឲ្យជាប់ ទាំងថ្នាំជាតិដែក ទាំងចំណីអាហារសម្បូរជាតិដែក ដើម្បីឲ្យកូនមានលទ្ធភាពទទួលយកជាតិដែកគ្រប់គ្រាន់។ ផ្ទុយទៅវិញអំឡុងពេលបំបៅកូន ប្រសិនបើម្តាយញ៉ាំអាហារគ្រប់គ្រាន់ ម្តាយនៅបន្តលេបថ្នាំជាតិដែក នោះការប្រឈមនឹងការខ្វះជាតិដែកមិនមាននោះទេ។
វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ ក្មេងដែលបៅទឹកដោះម្តាយអាចប្រឈមនឹងខ្វះជាតិដែក ចុះក្មេងដែលម៉ឹមម្សៅទឹកដោះមិនខ្វះជាតិដែកទេឬ? មិនមែនទេ! លោកវេជ្ជបណ្ឌិតថា អត្រាខ្វះជាតិលើក្មេងបៅទឹកដោះមានដូចគ្នានឹងការបំបៅកូនដោយទឹកដោះម្តាយដែរ តែតិចជាង ដោយសារតែក្នុងម្សៅទឹកដោះ មានដាក់បរិមាណជាតិដែកច្រើនជាងបរិមាណជាតិដែកក្នុងទឹកដោះម្តាយ។
ទោះជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតឯកទេសកុមាររូបនេះបញ្ជាក់ថា ទឹកដោះម្តាយមានបរិមាណជាតិដែកតិច តែកូនដែលម៉ឹមទឹកដោះម្តាយអាចស្រូបយកជាតិដែកនោះបានល្អជាងការស្រូបជាតិដែកដែលមាននៅក្នុងម្សៅទឹកដោះគោ។
បន្ថែមពីនោះលោកវេជ្ជបណ្ឌិតថា គ្មានអ្វីដែលល្អប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយនោះទេ ដូច្នេះយើងត្រូវឲ្យកូនបៅទឹកដោះម្តាយយ៉ាងហោចណាស់ឲ្យបាន ៦ ខែ ដែរ។។ “បើស្តាប់ឮទៅ អូហ៍! បើបៅទឹកដោះម្តាយ កូនអាចឲ្យខ្វះជាតិដែកច្រើនជាងបៅទឹកដោះគោ អ៊ីចឹងយើងនាំគ្នាឲ្យកូនបៅទឹកដោះគោទៅ No! មិនអ៊ីចឹងទេ មិនត្រូវឲ្យធ្វើវិធីហ្នឹងទេ ជាការខុសឆ្គង យើងមានទស្សនៈរួមមួយថា ទឹកដោះម្តាយមានរបស់ល្អជាច្រើនលើសទឹកដោះគោ មិនមែនយកតែចំណុចហ្នឹងមួយមកនិយាយទេ”។