ក្មេងៗជាធម្មតាចូលចិត្តផឹករបស់ផ្អែមៗ អាចជះឥទ្ធិពលទៅលើចំនួនកាឡូរី ឬកាល់ស្យូមក្នុងរាងកាយ។ ក្មេងអាយុលើសពី ១២ឆ្នាំ ទឹកនិងទឹកដោះ គឺជាភេសជ្ជៈល្អបំផុត។ ភេសជ្ជៈមានជាតិសូដា (Soft drink) ទឹកផ្លែឈើ ទឹកវីតាមីន ទឹករ៉ែមានក្លិន ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈសម្រាប់ហាត់កីឡា មិនមែនជាភេសជ្ជៈផ្ដល់សុខភាពល្អសម្រាប់ក្មេងៗទេ។ “Hello គ្រូពេទ្យ’ នឹងណែនាំភេសជ្ជៈល្អៗ ទៅតាមវ័យក្មេង អាចជួយឲ្យសុខភាពល្អ។
១- ការផ្តល់ភេសជ្ជៈត្រូវតាមវ័យក្មេង
– ក្មេងអាយុក្រោម ៦ ខែ៖ អាយុប្រាំមួយខែ ទារកត្រូវការតែទឹកដោះម៉ាក់ៗ ឬម្សៅទឹកដោះគោ (Infant formula) តែប៉ុណ្ណោះ។ ទឹកដោះម៉ាក់ៗ ឬម្សៅទឹកដោះគោ ជាអាហារ និងភេសជ្ជៈល្អបំផុត សម្រាប់ទារកនៅវ័យនេះ។ រៀបចំតែអនាម័យ និងការបំប៉ៅ ឬរើសម្សៅទឹកដោះគោ ឲ្យត្រូវអាយុអាអូនទៅបានហើយ។ កុំព្យាយាមឲ្យកូនញ៉ាំ ឬបៅ ភេសជ្ជៈដទៃផ្សេងទៀត ព្រោះអាចបណ្ដាលឲ្យមានបញ្ហាប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរ។
– ក្មេងអាយុលើស ៦ ខែ៖ទឹកដោះម៉ាក់ៗ និងម្សៅទឹកដោះគោ (Formula) នៅតែជាភេសជ្ជៈប្រសើរបំផុតសម្រាប់ក្មេងដដែល។ ក្នុងដំណាក់កាលនេះ ម៉ាក់ៗ អាចបញ្ចុក ឬឲ្យអាអូនញ៉ាំទឹកឆ្អិនបាន ព្រោះឲ្យទារកញ៉ាំភេសជ្ជៈផ្សេងក្រៅពីទឹក ទឹកដោះម្ដាយ និងម្សៅទឹកដោះគោ ក្នុងកំឡុងពេល ១២ ខែដំបូង អាចបណ្ដាលឲ្យក្មេង មិនអាចទទួលទឹកដោះម៉ាក់ៗ ឬម្សៅទឹកដោះគោគ្រប់គ្រាន់។
– ក្មេងអាយុ ១២ ខែ៖ នៅអាយុ ១២ខែ ម៉ាក់ៗអាចបន្ថែមទឹកដោះគោគ្មានបន្ថែមរសជាតិ មានជាតិខ្លាញ់ពេញ និងបានស្ងោររំងាប់មេរោគ ទៅក្នុងរបបអាហារកូនបាន។ មិនគួរជ្រើសរើសទឹកដោះ គេបន្ថយជាតិខ្លាញ់ឲ្យតិច សម្រាប់ក្មេងនៅក្រោមអាយុ ២ ឆ្នាំឡើយ ព្រោះទារកទើបចេះដើរតេះតះ ត្រូវការខ្លាញ់សម្រាប់ការលូតលាស់ និងថាមពល ប៉ុន្តែទឹកដោះបន្ថយជាតិខ្លាញ់ឲ្យតិច មិនអាចផ្តល់ដល់ក្មេងនូវជីវជាតិចិញ្ចឹមគ្រប់គ្រាន់នោះទេ។
អ្នកម៉ាក់ក៏អាចប្រើប្រាស់ទឹកសណ្ដែកសៀងដែលមានជាតិខ្លាញ់ពេញលេញ មានបន្ថែមចូលជាតិកាល់ស្យូម និងភេសជ្ជៈដទៃផ្សេងទៀតដែលមានមូលដ្ឋានចេញពីរុក្ខជាតិ (ទឹកដោះធ្វើពីអង្ករ ស្រូវអូត ឬគ្រាប់អាល់ម៉ុន) ជាជម្រើសផ្សេងជំនួសឲ្យទឹកដោះគោដរាបណាកូនបរិភោគអាហារផ្សេងដទៃទៀតដែលមានជាតិប្រូតេអ៊ីន ដូចជាសាច់ ត្រី មាន់ ស៊ុត និងសណ្ដែក។ ហើយការបំបៅដោះអាចបន្តក្រោយ ១២ ខែក្នុងរយៈពេលយូរ អាស្រ័យលើកូន។
– សម្រាប់កូនចេះដើរតេះតះ និងធំជាងនេះ៖ សម្រាប់ទារកទើបចេះដើរតេះតះ និងក្មេងធំៗជាងនេះ ទឹកដោះ និងទឹកធម្មតា នៅតែជាភេសជ្ជៈប្រសើរបំផុតដដែល។ ហេតុនេះ ត្រូវឲ្យកូនផឹកទឹកឲ្យបានគ្រប់គ្រាន់ជាប្រចាំ សំខាន់បំផុតអំឡុងពេលក្នុងអាកាសធាតុក្តៅ ឬពេលកូនរត់លេងច្រើន (បែកញើស)។ ផឹកទឹកឲ្យបានច្រើនគ្រប់គ្រាន់ អាចជួយផងចៀសពីការទល់លាមកទៀតផង។
២- វិធីសាស្ត្រលើកទឹកចិត្តកូនឲ្យផឹកទឹកបានច្រើន
ក្មេងៗជាធម្មតា មិនសូវចូលចិត្តផឹកទឹក ដូចផឹកទឹកក្រូច ឬភេសជ្ជៈផ្សេងៗនោះទេ ហេតុនេះ ប៉ាម៉ាក់ ក៏ចេះលើកទឹកចិត្តកូនឲ្យយល់ពីគុណប្រយោជន៍របស់ទឹក ដោយប្រើវិធីសាស្ត្រសាមញ្ញទាំងនេះ៖
– ធ្វើគំរូ៖ ព្យាយាមញ៉ាំទឹកជាភេសជ្ជៈចម្បងក្នុងផ្ទះ ពេលកូនឃើញក៏ធ្វើដូចយើងដែរ។
– ស្រួលយកទឹកញ៉ាំ៖ ដបទឹក ឬកន្លែងដាក់ទឹកញ៉ាំ មិនគួរបង្កការលំបាកដល់អាអូនទេ។
– បន្ថែមជាតិ៖ រក្សាទឹកត្រជាក់នៅក្នុងទូទឹកកក។ អ្នកអាចសាកល្បងបន្ថែមចំណិតក្រូចឆ្មារ ឬក្រូច ឬពន្លក ជីអង្កាម ដើម្បីឲ្យមានការចាប់អារម្មណ៍។
– បង្កក៖ នៅរដូវក្តៅ បង្កកដុំផ្លែឈើចិតជាដុំតូចដាក់ក្នុងដុំទឹកកក ហើយបន្ថែមវត្ថុអស់ទាំងនេះទៅទឹកនៅពេលអាហារសម្រន់ និងពេលញ៉ាំអាហារប្រចាំថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖
- ក្មេងតូចទើបចេះដើរ គួរផឹកទឹកមួយថ្ងៃប៉ុន្មានទើបល្អ?
- ប្រើទឹកសុទ្ធថ្លៃៗ មានជាតិរ៉ែខ្ពស់ឆុងទឹកដោះគោ ធ្វើឲ្យកូនឆ្លាត?
៣- ភេសជ្ជៈផ្សេងៗទៀតមិនគួរឲ្យក្មេងផឹក
– ទឹកផ្លែឈើ៖ ទឹកផ្លែឈើសម្បូរស្ករ និងអាស៊ីដ តែគ្មានជាតិកាកសរសៃ ខណៈក្មេងត្រូវការជាតិកាកសរសៃ មិនត្រូវការជាតិស្ករក្រៅបន្ថែមទៀតទេ។ បើចង់ឲ្យកូនផឹកទឹកផ្លែឈើ គួរឲ្យគេញ៉ាំផ្លែឈើល្អជាង។ ទឹកផ្លែឈើរបៀបនេះ គួរធ្វើ ឬក្រឡុកខ្លួនឯងនៅផ្ទះ កុំទម្លាប់ទិញស្រាប់។ ការក្រឡុកផ្លែឈើដោយម៉ាស៊ីនក្រឡុក ប្រសើរជាងម៉ាស៊ីនគាបទឹកផ្លែឈើ ព្រោះវាអាចរក្សាបានជាតិកាកសរសៃពីផ្លែឈើបានច្រើន។
– គ្រឿងកំប៉ុង៖ ភេសជ្ជៈមានជាតិសូដា (Soft drink) កំហាប់ទឹកផ្លែឈើសុទ្ធ (Cordial) ភេសជ្ជៈកីឡា និងភេសជ្ជៈប៉ូវកម្លាំង គឺមានស្ករច្រើន ហើយស្ទើរតែគ្មានជីវជាតិចិញ្ចឹមទាល់តែសោះ។ ភេសជ្ជៈទាំងនេះ មិនល្អសម្រាប់ក្មេងទេ ព្រោះអាចជំនួសអាហារ និងភេសជ្ជៈដែលមានជីវជាតិផ្សេងទៀត និងនាំឲ្យឡើងទម្ងន់និងពុកធ្មេញ។
ភេសជ្ជៈមានជាតិសូដា (soft drink) ជាច្រើន មានផ្ទុកសារធាតុកាហ្វេអ៊ីន អាចធ្វើឲ្យកូនយើងរងផលប៉ះពាល់ ហើយអស់កម្លាំង។ ទឹកដោះគោបន្ថែមរសជាតិ និងអាហារមានជាតិទឹកដោះ មានជាតិស្ករច្រើន ក៏មិនល្អដែរ គួរឲ្យកូនញ៉ាំទឹកដោះធម្មតាឲ្យច្រើនប្រសើរជាង ខណៈទឹករ៉ែខនិជ និងទឹកមានបន្ថែមរសជាតិមានជាតិរ៉ែខនិជជាក់លាក់ខ្លះ មានជាតិរ៉ែខ្ពស់អាចធ្វើឲ្យប៉ះពាល់តម្រងនោមកូនបាន។ តែរុក្ខជាតិ គឺល្អមែន ប៉ុន្តែតែ និងកាហ្វេ សុទ្ធមានផ្ទុកជាតិកាហ្វេអ៊ីន អាចជះឥទ្ធិពលប៉ះពាល់ដល់ដំណេក អាកប្បកិរិយា និងការអភិវឌ្ឍន៍ក្មេងបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនផ្ដល់ជូននូវការណែនាំវេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលទេ។