ពិតណាស់ ប៉ាម៉ាក់គ្រប់រូបតែងតែរំពឹងថា ទារកនឹងចាប់ផ្ដើមដុះធ្មេញនៅឆ្នាំដំបូង ហើយនៅពេលដែលឃើញពួកគេដុះធ្មេញ ប៉ាម៉ាក់ត្រូវសង្កេតមើល ក៏ដូចជាតាមដានចំពោះការវិវត្តនៃធ្មេញទីមួយរបស់ទារកឲ្យបានដិតដល់។
ការដុះធ្មេញអាចកើតឡើងខុសៗគ្នាចំពោះទារកម្នាក់ៗ
យោងតាមរបាយការណ៍មួយចំនួនបានបង្ហាញថា ការដុះធ្មេញអាចនឹងចាប់ផ្ដើមនៅពេលដែលទារកអាយុ៤ខែ ប៉ុន្តែភាគច្រើន គឺនៅពេលដែលទារកអាយុ៦ខែ។ បើទោះបីជាកូនអាយុ៦ខែហើយ នៅមិនទាន់ដុះធ្មេញនៅឡើយ ប៉ាម៉ាក់ក៏ពុំចាំបាច់បារម្ភដែរ ពីព្រោះក្មេងខ្លះអាចមិនទាន់ដុះធ្មេញនៅឆ្នាំដំបូងនោះទេ។
សញ្ញាទាំងនេះ បង្ហាញថាទារកជិតដុះធ្មេញ
នៅពេលដែលទារកបញ្ចេញសញ្ញាខាងក្រោមនេះ បញ្ជាក់ថាពួកគេនឹងចាប់ផ្ដើមដុះធ្មេញឆាប់ៗនេះ៖
- មួម៉ៅច្រើន
- អញ្ចាញក្រហម ឬហើម
- ហៀរទឹកមាត់
- ចំណង់អាហារថយចុះ
ម៉ាក់ៗអាចបន្តបំបៅដោះកូនបាន
មានម៉ាក់ៗមួយចំនួនងឿងឆ្ងល់ថា នៅពេលដែលអាអូនចាប់ផ្ដើមដុះធ្មេញ តើគួរបញ្ឈប់បំបៅដោះកូនដែរឬទេ? យ៉ាងណាមិញ អ្នកជំនាញយើងមិនណែនាំឲ្យបញ្ឈប់ការបំបៅដោះកូនឡើយ ប៉ុន្តែយើងគប្បីដាក់ទារកឲ្យបៅនៅក្នុងទីតាំងសមស្រប និងប្រើប្រាស់វិធីថែទាំនៅផ្ទះ ដើម្បីបំបាត់ការឈឺអញ្ចាញរបស់ទារក ព្រមទាំងបន្តបំបៅដោះកូនតាមធម្មតា។
តិចនិកបំបាត់ការឈឺចាប់ នៅពេលទារកចាប់ផ្ដើមដុះធ្មេញ
ជាមួយគ្នានេះដែរ ម៉ាក់ៗអាចអនុវត្តតាមវិធីសាស្ត្រងាយៗខាងក្រោមនេះ ដើម្បីបំបាត់ការឈឺចាប់នៅពេលដែលទារកចាប់ផ្ដើមដុះធ្មេញ។
- ម៉ាស្សា ឬត្រដុសអញ្ចាញធ្មេញរបស់ទារកដោយប្រើម្រាមដៃ ឬកំណាត់ស្អាត។ ចូរធ្វើបែបនេះ មុន និងបន្ទាប់ពីបំបៅដោះរួច។
- ដើម្បីបន្ធូរសម្ពាធអញ្ចាញធ្មេញ ចូរឲ្យប្រដាប់ខាំធ្មេញ ដែលទារកអាចទំពាលេងបាន
- ជូតសម្អាតទឹកមាត់ហៀរចេញថ្នមៗ ដើម្បីកុំឲ្យកើតកន្ទួលរមាស់
- សម្រាប់ទារកដែលអាចញ៉ាំអាហាររឹងបាន ម៉ាក់ៗអាចឲ្យកូនញ៉ាំអាហារត្រជាក់ៗដូចជាទឹកដោះគោជូរជាដើម។
ពេលណាគួរនាំកូនទៅជួបនឹងគ្រូពេទ្យ?
ប្រសិនបើទារកមានអាការៈដូចខាងក្រោម ម៉ាក់ៗគប្បីនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យភ្លាមៗ ពីព្រោះវាអាចជាសញ្ញានៃបញ្ហាសុខភាពផ្សេងទៀត។
- ក្ដៅខ្លួនចាប់ពី៣៨អង្សាសេ ឬលើសពីនេះ។ ទោះបីជាការដុះធ្មេញ អាចធ្វើឲ្យកូនឡើងកម្ដៅក្នុងរាងកាយក៏ពិតមែន ប៉ុន្តែវាមិនអាចបណ្ដាលឲ្យទារកមានអាការៈគ្រុនក្ដៅឡើយ។
- រាករូស
- ហៀរសំបោរ
- យំមិនបាត់។
[embed-health-tool-vaccination-tool]