backup og meta

ពេលកូន​មានអារម្មណ៍ខឹង គប់របស់របរចោល តើប៉ាម៉ាក់​គួរ​ណែនាំ​​បែបណា?​

ពេលកូន​មានអារម្មណ៍ខឹង គប់របស់របរចោល តើប៉ាម៉ាក់​គួរ​ណែនាំ​​បែបណា?​

ម៉ាក់ប៉ា​មិន​ត្រឹម​តែ​មាន​តួនាទី​ចិញ្ចឹម​ថែទាំ​កូន​ទេ ប៉ុន្តែ​ម៉ាក់ប៉ា​ក៏​មាន​ទំនួល​ខុស​ត្រូវ​ជួយ​ដល់​ការ​វិវត្ត​ភាព​វៃ​ឆ្លាត​របស់​កូន​រួម​ទាំង​​ភាព​វៃ​ឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍​ដែរ។ ភាព​វៃ​ឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍​គឺ​​អាចកំណត់​សមត្ថភាព​ក្នុង​ការ​បង្ហាញ និង​គ្រប់គ្រង​អារម្មណ៍​​របស់​កូន​ទៅ​កាន់​អ្នក​ដទៃ ។ ជំនាញ​នេះ​កូន​អាច​រៀន​បាន​នៅ​គ្រប់​វ័យ​ដោយ​ម៉ាក់ប៉ា​អាច​ជួយ​កូន​បាន។

១. បង្រៀន​ពី​ការបង្ហាញអារម្មណ៍​

កូន​ត្រូវ​ដឹង​ពី​របៀប​ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​។ ម៉ាក់ប៉ា​អាច​ជួយ​កូន​ដោយ​​ប្រាប់​កូន​ពី​អារម្មណ៍​នីមួយៗ​ ប្រសិន​បើ​មាន​ការ​សង្ស័យ​ថា​កូន​កំពុង​មាន​អារម្មណ៍​ណា​មួយ​នោះ។ នៅ​ពេល​កូន​អារម្មណ៍​មិន​ល្អ​ពេល​លេង​ហ្គេម​ចាញ់ ម៉ាក់ប៉ា​អាច​និយាយ​ប្រាប់​កូន​ពី​អារម្មណ៍​របស់​ពួកគេ​ថា​ មើល​ទៅ​មាន​អារម្មណ៍​ខឹង ឬ​មិន​សប្បាយ​ចិត្ត។ ពាក្យ​បង្ហាញ​ពី​អារម្មណ៍​ដូចជា​ខឹង មិន​សប្បាយ​ចិត្ត អៀន និង​ឈឺចាប់​ អាច​ជួយ​ឲ្យ​កូន​រៀន​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គេ​បាន​។ ម៉ាក់ប៉ា​ក៏​ត្រូវបង្រៀនកូន​បង្ហាញ​ពី​អារម្មណ៍​​ល្អ​​ដែរ​ដូចជា​សប្បាយ​ចិត្ត និង​រំភើប​ជា​ដើម។

២. បង្ហាញ​ការ​យល់​ចិត្ត​

នៅ​ពេល​កូន​មិន​សប្បាយ​ចិត្ត​​ ម៉ាក់ប៉ា​គួរ​ចៀសវាង​ប្រើ​ពាក្យ​សម្ដី​ណា​​ដែល​អាច​បង្រៀន​កូន​ថា​ការ​មាន​អារម្មណ៍​បែប​នេះ​គឺជា​រឿង​មិន​ត្រឹមត្រូវ។ មធ្យោបាយ​ដែល​ល្អ​គឺ​ទទួល​ដឹង​ពី​អារម្មណ៍​របស់​កូន និង​បង្ហាញ​ពី​ការ​យល់​ចិត្ត​ទោះបីជា​ម៉ាក់ប៉ា​មិន​ដឹង​ពី​មូលហេតុ​ក៏​ដោយ។ ប្រសិនជា​កូន​យំ​នៅ​ពេល​ម៉ាក់ប៉ា​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អ្វី​មួយ​ ម៉ាក់ប៉ា​អាច​បង្ហាញ​ថា​ខ្លួន​យល់​ពី​អារម្មណ៍​នេះ និង​ប្រាប់​ពី​មូលហេតុ​ដល់​កូន។ នៅ​ពេល​កូន​ដឹង​ថា​ម៉ាក់ប៉ា​ដឹង​ពី​អារម្មណ៍​របស់​ពួកគេ នោះ​កូន​នឹង​មិន​ស្រែក ឬ​យំ​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​នៅ​ពេល​ខឹង​ទេ​។

៣. ប្រាប់​ពី​វិធី​បង្ហាញ​អារម្មណ៍​

មុន​នឹង​កូន​អាច​បង្ហាញ​អារម្មណ៍​របស់​ខ្លួន កូន​ត្រូវ​ដឹង​ពី​វិធី​ដែល​បង្ហាញ​អារម្មណ៍​ត្រឹមត្រូវ​សិន​ ដូចជា​ការ​និយាយ​ប្រាប់​ពី​អារម្មណ៍​ពួកគេ ឬ​គូរ​រូប​បង្ហាញ​ជាដើម។ ប៉ុន្តែ​ការ​បង្ហាញ​អារម្មណ៍​ដោយ​ការ​យំ ឬ​គប់​របស់​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ វិធី​ដែល​ល្អ​ក្នុង​ការ​បង្រៀន​កូន​ឲ្យ​ចេះ​បង្ហាញ​អារម្មណ៍​គឺ​ម៉ាក់ប៉ា​អនុវត្ត​ការ​បង្ហាញ​អារម្មណ៍​ជា​គំរូ​ដល់​កូន។ ម៉ាក់ប៉ា​អាច​ប្រើ​ការសន្ទនា​រាល់ថ្ងៃ​ជាមួយ​​កូន​​ដើម្បី​បង្រៀន​​កូន​បាន។

៤. បង្រៀន​កូន​ពី​ការ​គ្រប់គ្រង​អារម្មណ៍

នៅ​ពេល​កូន​ដឹង​ពី​អារម្មណ៍​របស់​ខ្លួនឯង ពួកគេ​ត្រូវ​រៀន​ពី​វិធី​គ្រប់គ្រង​អារម្មណ៍​ទាំង​នោះ។ ការ​ដឹង​ពី​វិធី​បន្ធូរ​អារម្មណ៍ លើក​ទឹក​ចិត្ត​ខ្លួនឯង ឬ​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​អាច​នឹង​មាន​ការ​លំបាក​សម្រាប់​កូន​តូច​។ ប៉ុន្តែ​ម៉ាក់ប៉ា​អាច​បង្រៀន​កូន​បាន​នូវ​តិច​និក​មួយ​ចំនួន​ដូចជា​ការ​ដក​ដង្ហើម​វែងៗ​ពេល​ខឹង​ជាដើម។ ម៉្យាងទៀត ម៉ាក់ប៉ា​អាច​ជួយ​កូន​បង្កើត​សកម្មភាព​ផ្សេងៗ​ដើម្បី​គ្រប់​គ្រង​អារម្មណ៍​របស់​ពួកគេ​ដូចជា​ការ​ផាត់​ពណ៌ អាន​សៀវភៅ និង​ស្តាប់​ចម្រៀង។​

៥. បង្រៀន​កូន​ដោះស្រាយ​បញ្ហា

ការ​ដោះស្រាយ​បញ្ហា​ក៏​ជា​ផ្នែក​មួយ​នៃ​ភាព​វៃឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍​ដែរ។ ក្រោយ​ពី​ដឹង​អារម្មណ៍​របស់​ខ្លួន កូន​ក៏​ត្រូវ​ដឹង​ពី​វិធី​ដោះស្រាយ​​បញ្ហា​ដោយ​ខ្លួនឯង។ នៅ​ពេល​កូន​ជួប​ប្រទះ​នឹង​បញ្ហា ឬ​អារម្មណ៍​ខឹង​ទៅ​លើ​រឿង​អ្វី​មួយ ម៉ាក់ប៉ា​អាច​ក្លាយ​ខ្លួន​ជា​អ្នក​ណែនាំ​​កូន​​ដោយ​ជួយ​ពួកគេ​ក្នុង​ការ​​រក​ដំណោះស្រាយ​​ទៅ​លើ​បញ្ហា​នោះ​។ អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​គឺ​ឲ្យ​កូន​និយាយ​ពី​គំនិត​របស់​ពួក​គេ និង​​ជួយ​ពួកគេ​ថ្លឹងថ្លែង​មើល​ថា​តើ​គំនិត​មួយ​ល្អ​ជា​ដំណោះស្រាយ​ដ៏​ល្អ។ គួរ​បញ្ជាក់​​​ថា ម៉ាក់ប៉ា​គួរ​ធ្វើ​ជា​អ្នក​ណែនាំ និង​មិន​គួរ​ធ្វើ​ជា​អ្នក​ដោះស្រាយ​បញ្ហា​ឲ្យ​កូន​ទេ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellfamily.com/tips-for-raising-an-emotionally-intelligent-child-4157946

កំណែ​ប្រែបច្ចុប្បន្ន

11/08/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ

អ្វីដែលម៉ាក់ប៉ាគួរធ្វើដើម្បីកូនក្នុងផ្ទៃកើតមកមាន IQ ខ្ពស់


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម