ភាសាកូនក្មេង និយាយទៅកាន់កូនតូចៗ ប៉ាម៉ាក់គ្រប់រូបពិតជាដឹងហើយថា វានឹងជួយឱ្យកូនៗឆាប់ចេះនិយាយ តែបន្ថែមពីនោះ ការសិក្សាថ្មីមួយបានបង្ហាញថា ការនិយាយភាសាកូនក្មេង នឹងជួយអភិវឌ្ឍខួរក្បាលកូនតូច ឱ្យលូតលាស់ ព្រមទាំងបង្កើនសមត្ថភាពភាសារបស់ពួកគេថែមទៀតផង។
ការសិក្សាធ្វើឡើងដោយ ដេប៉ាតឺម៉ង់ ភាសាវិទ្យានៃសាកលវិទ្យាល័យ Washington សហរដ្ឋអាមេរិក បានបង្ហាញ ដោយការពិសោធ លើការស្ម័គ្រចិត្តពីគ្រួសារមួយ។ ការពិសោធធ្វើឡើង ដោយមានអូនតូចឈ្មោះ Paul អាយុទើបតែ៧ខែ ដាក់ឱ្យអង្គុយលើភ្លៅម្តាយរបស់គេ។ បន្ទាប់មក គេឱ្យស្រ្តីពីរនាក់ព្យាយាមនិយាយទៅកាន់ Paul ដោយស្រ្តីអង្គុយខាងឆ្វេងដៃ Paul និយាយភាសាបែបកូនក្មេង និងស្រ្តីអង្គុយខាងស្តាំដៃ Paul និយាយភាសាមនុស្សធំធម្មតា ទៅកាន់ Paul ក្នុងរយៈពេល៨វិនាទីដូចគ្នា។
ជាលទ្ធផល គេឃើញ Paul នៅស្ងៀមមួយភ្លែត រួចក៏ងាកទៅទំនាក់ទំនងរកសំឡេងបែបកូនក្មេង។ ការសិក្សាបែបនេះ បានធ្វើឡើងទៅលើគ្រួសារស្ម័គ្រចិត្តផ្សេងទៀត ហើយលទ្ធផលក៏ទទួលបែបនោះដូចគ្នា។
នៅក្នុងការពិសោធ ក្រុមការងារក៏បានកត់សម្គាល់ឃើញថា ក្រសោមខួរក្បាល ព្រមទាំងសំបកខួរក្បាលកុមារចាប់ផ្តើមធ្វើការ ហើយបានជំរុញពួកគេឱ្យនិយាយ ទំនាក់ទំនងទៅរកសំឡេងដែលនិយាយបែបកូនក្មេង។

ចំពោះលទ្ធផលនេះ លោកស្រី Patricia Kuhl បាននិយាយថា៖ “សំឡេងភាសាបែបកូនក្មេង គឺប្រៀបដូចជាកាតាលីករមួយ ដែលមិនត្រឹមតែជំរុញឱ្យក្មេងតូចៗ ចង់ស្តាប់នោះទេ តែថែមទាំងធ្វើឱ្យពួកគេចង់ទំនាក់ទំនង (និយាយ) ទៀតផង ទន្ទឹមនឹងនោះ សមត្ថភាពភាសាពួកគេនឹងប្រសើរ បើនៅផ្ទះ មានឪពុកម្តាយ នាំគេនិយាយ”។
នៅក្នុងការពិសោធ ក្រុមអ្នកស្រាវជ្រាវខាងលើក៏បាន រកឃើញដែរថា ប៉ាម៉ាក់ ដែលមានទម្លាប់និយាយភាសាកូនក្មេងទៅកាន់កូនៗតូចរបស់ពួកគេ ពិសេសអាយុចន្លោះ ១៤ ទៅ១៨ខែ អត្រាចូលរួមទំនាក់ទំនង (និយាយ) របស់កូនក្មេងកាន់តែកើនឡើង ហើយសមត្ថភាពចងចាំពាក្យថ្មីៗ របស់ពួកគេក៏មានការរីកចម្រើនខ្លាំង។ ឃើញលទ្ធផលវិជ្ជមានបែបនោះ ក្រុមការងារពិសោធ ក៏បានលើកទឹកចិត្ត ឱ្យឪពុកម្តាយ ឬអ្នកមើលថែក្មេង ទម្លាប់និយាយភាសាបែបកូនក្មេង ទៅកាន់កូនតូចៗ ដែលជំរុញសមត្ថភាពខួរក្បាលរបស់ពួកគេ៕
អត្ថបទពាក់ព័ន្ធ៖