បច្ចុប្បន្នកុមារជាច្រើនកំពុងតែវក់ជាមួយនឹងទូរសព្ទ សម្ភារៈអេឡិចត្រូនិក ឬឧបករណ៍កម្សាន្តជាច្រើនផ្សេងទៀត ដែលមាននៅក្នុងផ្ទះ ដែលនេះជាហេតុធ្វើឲ្យក្មេងៗមិនមានសកម្មភាពច្រើនឡើយ។ ដោយសកម្មភាពទាំងនេះ ហើយក្មេងៗអាចប្រឈមមុខជាខ្លាំងជាមួយនឹងបញ្ហាសុខភាពដូចជា កើនទម្ងន់ បញ្ហាសាច់ដុំ និងឆ្អឹង ហើយនឹងបញ្ហាទំនាក់ទំនងក្នុងការចូលរួមក្នុងសង្គមទៀតផង។ អត្ថបទខាងក្រោមនេះ បង្ហាញពីអត្ថប្រយោជន៍ចំនួន៥ ដែលម៉ាក់ប៉ាទាំងឡាយ គួរបណ្ដោយកូនឲ្យលេងខាងក្រៅផ្ទះឲ្យបានច្រើន។
១- ជួយឲ្យសារពាង្គកាយកុមាររឹងមាំ
សួនកំសាន្តខាងក្រៅផ្ទះគឺជាកន្លែងល្អបំផុត ដែលកុមារអាចរត់លេងបានយ៉ាងប្រសើរ។ ក្មេងៗអាចមានសកម្មភាពជាច្រើននៅខាងក្រៅដូចជា លោត រត់ តោង រុញវត្ថុអ្វីមួយ ឬ លេងបាល់ជាដើម។ រាល់សកម្មភាពទាំងនេះ គឺមិនត្រឹមតែដូចជាការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយពួកគេបង្កើនជំនាញផ្សេងៗទៀតផង។ ការលេងនៅខាងក្រៅនេះ នឹងជួយកូនយើងឲ្យដុតកាល់ឡូរីបានច្រើន ធ្វើឲ្យកូនចៀសផុតពីការធាតុឡើងទម្ងន់ខ្លាំង និងជួយឲ្យឆ្អឹង និងសាច់ដុំកាន់តែរឹងមាំទៀតផង។
ការលេងនៅខាងក្រៅពេលថ្ងៃ គឺកុមារនឹងបានទទួលពន្លឺព្រះអាទិត្យបានកាន់តែច្រើន នាំឲ្យរាងកាយផលិតវីតាមីន D បានកាន់តែច្រើន ដែលវីតាមីននេះគឺមានប្រយោជន៍យ៉ាងច្រើនចំពោះឆ្អឹង និងសាច់ដុំ ហើយអាចជួយឲ្យចៀសផុតពីជំងឺរ៉ាំរ៉ៃមួយចំនួនទៀតផង។
២-បង្កើនទំនាក់ទំនងល្អក្នុងសង្គម
កុមារដែលលេងនៅខាងក្រៅ ច្រើនមានទំនាក់ទំនងល្អ និងសប្បាយរីករាយច្រើននៅក្នុងសង្គម។ នៅខាងក្រៅកូនយើង អាចលេងល្បែងជាមួយនឹងកុមារដទៃ ហើយអាចចែករំលែក និងអាចអភិវឌ្ឍអត្តចរិតបានល្អ ។ ក្មេងៗអាចរៀនពីពិភពខាងក្រៅនៅជុំវិញខ្លួនរបស់គេ ហើយបង្កើតឬស្វែងរកអ្វី ដែលថ្មីដើម្បីអាចអភិវឌ្ឍខ្លួនកាន់តែប្រសើរទៅមុខ។
ក្នុងការសិក្សាមួយ បានរកឃើញថា កុមារដែលលេងនៅខាងក្រៅច្រើន ភាគច្រើនគឺមានទំនាក់ទំនងល្អ ហើយភាគច្រើនគឺអាចរៀនដល់មហាវិទ្យាល័យ និងភាគតិចដែលឈានដល់ប្រើប្រាស់គ្រឿងញៀន ធាត់លើសទម្ងន់ និងប្រព្រឹត្តអំពើហិង្សា។
៣- បង្កើនរូបារម្មណ៍របស់កុមារ
ក្នុងការសិក្សាមួយដែលផ្ដោតលើចក្ខុញាណរបស់កុមារ បានរកឃើញថា កុមារដែលច្រើនលេងនៅខាងក្រៅ គឺមានការមើលឃើញប្រសើរជាងកុមារដែលលេងតែនៅក្នុងផ្ទះ។ មួយវិញទៀតកុមារដែលហៀបនឹងចូលរៀន គឺអាចរៀនអ្វីដែលថ្មីតាមរយៈអារម្មណ៍របស់ពួកគេ។ ក្មេងនឹងបង្កើនការមើលឃើញតាមរយៈមើលសត្វដែលនៅជុំវិញ ឈប់កាន់នឹងហិតក្លិនផ្កា ឮសំឡេងផ្សេងៗ ដូចជាដំណក់ទឹកធ្លាក់ និងអាចបេះញ៉ាំផ្លែឈើផ្សេងៗ។ ផ្ទុយទៅ វិញ ចំពោះ កុមារដែលនៅក្នុងផ្ទះ ញាណដែលពួកគេទទួលបាន គឺមានតែស្ដាប់ និងមើលប៉ុណ្ណោះ។
៤- បង្កើនការយកចិត្តទុកដាក់
ក្មេងៗដែលលេងនៅខាងក្រៅជាប្រចាំ គឺច្រើនចង់ដឹងចង់ឃើញដោយខ្លួនឯង ហើយទំនងជានៅជាប់នឹងការងារដែលចង់ដឹងឮនេះរយៈពេលយូរទៀត។ ផ្ទុយទៅវិញ កុមារដែលចំណាយពេលភាគច្រើននៅក្នុងផ្ទះជាមួយការប៉ះពាល់តិចតួចទៅនឹងសកម្មភាពខាងក្រៅ ហើយពួកគេអាចមានសកម្មភាពដោយចម្លងតាមអ្វីដែលពួកគេមើលឃើញតាម ការបង្ហាញតាមទូរទស្សន៍ឬអ៊ីនធឺណេតប៉ុណ្ណោះ ពួកគេមិនអាចបង្កើត ឬរកឃើញសកម្មភាពថ្មីដែលមាននៅខាងក្រៅឡើយ។
៥-លូតលាស់ដោយសប្បាយរីករាយ និងមានប្រព័ន្ធភាពស៊ាំខ្លាំង
ពន្លឺនៅខាងក្រៅជួយរំញោចក្រពេញ Pineal ដែលជា ផ្នែកនៃខួរក្បាលមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំ និងធ្វើឱ្យយើងមានអារម្មណ៍រីករាយ។ ការចំណាយពេលក្នុងធម្មជាតិ ក៏ជួយកុមារមានអារម្មណ៍រីករាយកាន់តែច្រើន ហើយក្មេងក៏អាចយល់ពីបរិស្ថាននៅជុំវិញ ហើយពេលពួកគេធំឡើងនឹងអាចមានអារម្មណ៍ស្រលាញ់ធម្មជាតិផងដែរ។
[embed-health-tool-vaccination-tool]