វ័យកុមារភាព គឺជាពេលវេលាដែលការលូតលាស់ និងការអភិវឌ្ឍជាច្រើនផ្នែកកើតឡើង ហើយវាក៏ជាពេលវេលាមួយដែលក្មេងៗ ភាគច្រើនតាមម៉ាក់ប៉ាស្អិតដូចតុកកែ។ ជួនកាល ពេលកូនយំតាមម៉ាក់ប៉ាពេក យើងក៏កើតអារម្មណ៍ធុញថប់ឡើង ព្រោះពិបាកផ្ដោតអារម្មណ៍ធ្វើការងារ ហើយម៉ាក់ប៉ាខ្លះបែរជាស្រែក និងខឹងកូនព្រោះយំតាមពេក តែសកម្មភាពបែបនេះមិនល្អទេ។
ចុចត្រង់នេះ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន
វិធីសាស្ត្រ ៥ចំណុចដោះស្រាយកូនយំតាមម៉ាក់ប៉ា
១. កុំដាក់ទណ្ឌកម្មលើអាកប្បកិរិយាកូន
របៀបនៃការឆ្លើយតបរបស់ម៉ាក់ប៉ាចំពោះអាកប្បកិរិយាយំតាមរបស់កូនតូច គឺសំខាន់ណាស់។ យើងមិនគួរស្រែក ឬដាក់ទណ្ឌកម្មកូន ដោយសារកូនយំតាមម៉ាក់ប៉ាពេកទេ ព្រោះយើងត្រូវចាំថា កូនយំតាមដោយសារអាអូនមិនចង់បែកពីម៉ាក់ប៉ា ហេតុនេះហើយ យើងគួរនិយាយហេតុផលប្រាប់កូន និងបង្ហាញក្ដីស្រលាញ់ដល់កូន ដើម្បីឲ្យកូនទទួលបានភាពកក់ក្ដៅពីយើង។
២. យល់ពីអារម្មណ៍កូន
ការដែលម៉ាក់ប៉ាឲ្យកូនដឹងថា យើងយល់ពីអារម្មណ៍ពួកគេអាចជួយឲ្យកូនបានស្ងប់ចិត្តបន្តិច។ យើងអាចនិយាយថា ម៉ាក់ប៉ាចង់នៅមើលរឿង ឬលេងជាមួយកូនដែរ ប៉ុន្តែម៉ាក់ប៉ាត្រូវទៅធ្វើការ ចាំពេលមកវិញម៉ាក់ប៉ានឹងលេងជាមួយកូន។ល។
៣. ជំរុញភាពឯករាជ្យ
ក្មេងតូចមានទំនោរមិនសូវត្អូញត្អែរតាមម៉ាក់ប៉ាច្រើន ពេលពួកគេចាប់ផ្ដើមមានទំនុកចិត្តលើខ្លួនឯង។ យើងអាចជួយបង្កើតទំនុកចិត្តឲ្យកូនដោយផ្ដល់ឱកាសឲ្យពួកគេបំពេញភារកិច្ច(ដូចជា កិច្ចការក្នុងផ្ទះ ឬកិច្ចការសាលា) ដោយខ្លួនឯង។ នៅពេលដែលកូនៗដឹងថាអាចធ្វើអ្វីមួយដោយឯករាជ្យ នោះអាចធ្វើឲ្យពួកគេមានអារម្មណ៍ជឿជាក់លើខ្លួនឯង។
៤. កុំភ្លេចសរសើរកូន
ការសរសើរកូនៗរាល់ពេលពួកគេធ្វើអ្វីមួយបានសម្រេច អាចជួយបង្កើតភាពជឿជាក់លើខ្លួនឯង និងភាពឯករាជ្យរបស់ពួកគេ។ ការសរសើរកូននិងជួយលើកទឹកចិត្តកូន នឹងកាត់បន្ថយអាកប្បកិរិយាតោងម៉ាក់ប៉ាស្អិត មិនព្រមលែងបានដែរ។
៥. ឲ្យកូនចំណាយពេលជាមួយអ្នកដទៃ
ជាជាងទុកឲ្យកូនចំណាយពេលជាមួយយើងច្រើន វាក៏ជាការប្រសើរដែរ ប្រសិនបើយើងផ្ដល់ឱកាសឲ្យកូនបានចំណាយជាមួយសមាជិកគ្រួសារដទៃ។ មូលហេតុមួយដែលធ្វើឲ្យកូនយំតាមម៉ាក់ប៉ា គឺដោយសារតែពួកគេមិនមានអារម្មណ៍ល្អ ឬខ្លាចមនុស្សមិនសូវស្គាល់មុខ តែយើងអាចអនុញ្ញាតឲ្យកូនលេងជាមួយសមាជិកគ្រួសារដទៃ ដើម្បីផ្ដល់ភាពងាយស្រួលដល់យើងអាចដកខ្លួនពីកូនបានខ្លះ។
[embed-health-tool-vaccination-tool]