១- កូនចេះអីខ្លះ?
១៧ខែហើយ ជិតមួយឆ្នាំកន្លះ អាអូនចេះស្រែកហើយ។ ពួកគេស្រែកដើម្បីទាក់ទាញចំណាប់អារម្មណ៍យើង ដូចនេះវិធីដ៏ល្អគឺធ្វើកុំខ្វល់…ហាហា! ធ្វើបាបគ្នា។ ស្រែកហ្នឹងស្រែករកអ្នកលេងជាមួយ តែយើងចាប់ផ្ដើមធុញ ហើយហត់គេច អត់ចង់លេងជាមួយ កុំធ្វើខ្វល់ជាមួយអី បើខ្វល់លោកកូនបានចិត្ត ហើយស្រែកកាន់តែខ្លាំង។

២- ជួយកូនរបៀបណា?
កូនយើងអាចនិយាយបានច្រើនជាងមុនដោយសារតែអណ្តាត និងសាច់ដុំមាត់លូតលាស់ជាងមុន។ ឲ្យកូនកាន់តែឆាប់ចេះនិយាយ ជួយបង្រៀន ឬនាំកូននិយាយឡើងវិញពាក្យដែលគេបាននិយាយ។ ចំណុចនេះ ប្រហែលជាត្រូវចំណាយពេលវេលា និងអត់ធ្មត់ច្រើនបន្តិច។ កាន់តែចេះស្រែក កាន់តែខូចហើយ ពេលខ្លះមកស្រែកដាក់ត្រចៀកយើងក៏មាន។ ត្រង់ចំណុចនេះ គិតគូររឿងអប់រំ បង្រៀនកូន និងពន្យល់ដោយហេតុផល ថាកុំធ្វើបែបនេះ អត់ល្អទេកូនជាដើម។ ចៀសវាងការស្រែកគំហកទៅវិញ នាំឲ្យប៉ះពាល់ដល់កូន។
មួយទៀតរឿងញ៉ាំ កុំព្យាយាមលាយអាហារស្មើគ្នាគ្រប់មុខឲ្យកូនញ៉ាំក្នុងពេលតែមួយ។ យើងគួរតែឲ្យជម្រើសអាហារប្រភេទផ្សេងៗគ្នាឲ្យកូនរើសវិញប្រសើរជាង ព្រោះគេអាចស្វែងយល់ពីការសម្រេចចិត្ត និងការទទួលខុសត្រូវ ឬចង់ញ៉ាំអីដែលគេចូលចិត្ត។

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
យើងអាចពិភាក្សាជាមួយគ្រូពេទ្យនូវចំណុចខាងក្រោមនេះ៖
កូនគេងបែបណាដែរ?៖ ក្មេងៗភាគច្រើនក្នុងវ័យនេះគេង ១១ម៉ោង ពេលយប់ និងពេលថ្ងៃ ២ម៉ោង។ គេងយប់អាអូនប្រហែលពិបាកបន្តិច ព្រោះគេចូលចិត្តលេងច្រើន ហើយខ្លាចងងឹត និងការនៅម្នាក់ឯង។
ការញ៉ាំម៉េចដែរ?៖ គ្រូពេទ្យសួរសំណួរនេះដើម្បីចង់ដឹងថាអាអូន ញ៉ាំអាហារមានតុល្យភាព និងបានគ្រប់មុខឬទេ។ គួរណែនាំអាហារសម្រន់ដែលមានជីវជាតិ ក៏ដូចជាគន្លឹះឲ្យកូននៅស្ងៀមពេលញ៉ាំបាយ ព្រោះថាក្នុងវ័យនេះពួកគេលែងចង់អង្គុយក្នុងកៅអីកូនក្មេងទៀតហើយ។
កូនចេះចង់បត់ជើងដោយខ្លួនឯងឬនៅ?៖ ក្នុងចន្លោះខែទី១៨-២៤ ពួកគេចេះទាញខោពាក់ឡើងលើ និងស្រាតចុះក្រោម ប៉ុន្តែក្មេងខ្លះអាចដល់អាយុ៤ឆ្នាំ ទើបពួកគេចេះធ្វើបែបនេះ។
អាអូនអាចដើរបានឬនៅ?៖ ក្មេងចាប់ផ្តើមរៀនដើរនៅអាយុ ៩-១៨ខែ។ បើកូនដើរដោយប្រើចុងជើង ឬផ្អៀងទៅម្ខាងឆាប់ប្រាប់គ្រូពេទ្យ។
តើពួកគេធ្លាប់ប្រកែកថា “ទេ’ ឬក៏រករឿងង៉ិកង៉ក់ឬអត់?៖ អាអូនចូលចិត្តប្រកែក ហើយនិយាយថា អត់ ឬ ទេ អាចជាសញ្ញាបង្ហាញពីភាពឯករាជ្យ និងការវិវត្តនៃភាសានិយាយរបស់គេ។
៤- ត្រូវដឹងអីខ្លះ?
នៅពេលណាត់ជួបគ្រូពេទ្យនឹង៖
– ពិនិត្យមើលភ្នែក និងត្រចៀក
– ពិនិត្យមើលចង្វាក់បេះដូង និងដង្ហើម
– យល់ដឹងពីការលូតលាស់ និងអាកប្បកិរិយាកូន
– វាស់ទំហំក្បាលដើម្បីឲ្យដឹងពីការលូតលាស់របស់ខួរក្បាល
– ចាក់វ៉ាក់សាំង DTaP, hep A និងវ៉ាក់សាំងដែលភ្លេចចាក់ផ្សេងៗ
– ថ្លឹងគីឡូ និងវាស់កម្ពស់ដើម្បីឲ្យប្រាកដថាកូនអ្នកលូតលាស់បានល្អ
– សូរសំណួរទាក់ទងនឹងការបង្រៀនកូនបត់ជើង និងវិន័យមួយចំនួនសម្រាប់កូន
-ធ្វើតេស្តឈាមរកមើលសញ្ញាស្លេកស្លាំង និងការពុលសំណ បើកូនយើងមានកត្តាប្រឈម។
៥- រឿងអីខ្លះគួរបារម្ភ?
កាន់តែបារម្ភ គឺអាអូនចេះដើរតេះតេះ ប្រលែងចោលអត់បានដូចកាលអត់ទាន់ចេះដើរទៀតទេ។ គ្រោះថ្នាក់សព្វមុខ អាចកើតឡើងគ្រប់ពេលវេលា បើធ្វេសប្រហែស រាប់ចាប់ពីគ្រោះថ្នាក់តូចតាច រហូតដល់បាត់បង់អាយុជីវិតក៏មាន ដូចជា ធ្លាក់ពីអង្រឹង ធ្លាក់ពីជណ្ដើរ បុកត្រូវអី ឬចេញក្រៅផ្ទះ ឆ្លងថ្នល់ជាដើម។ ដំណាក់កាលនេះ គួររៀបចំកន្លែងលេងឲ្យមានសុវត្ថិភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Your 17-month-old: Week 1. http://www.babycenter.com/6_your-17-month-old-week-1_5927.bc. Accessed June 3, 2015.
Your 17-month-old: Week 2. http://www.babycenter.com/6_your-17-month-old-week-2_10329368.bc. Accessed June 3, 2015.
Your 17-month-old: Week 3. http://www.babycenter.com/6_your-17-month-old-week-3_10329382.bc. Accessed June 3, 2015.
Doctor visit: The 18-month checkup. http://www.babycenter.com/0_doctor-visit-the-18-month-checkup_6646.bc. Accessed June 3, 2015.
17-Month-Old Child. http://www.whattoexpect.com/toddler/17-month-old.aspx. Accessed June 3, 2015.
កំណែប្រែបច្ចុប្បន្ន
11/03/2019
អត្ថបទដោយ Duk Panharat
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ