
១- កូនចេះអីខ្លះ?
ក្រៅពីមានការរីកចម្រើនខាងភាសា កូននៅពេលនេះកំពុងចេញចរិតមួយគឺចង់បញ្ជា ហើយត្រួតត្រាគេ។ ពេលខ្លះអាអូនអាចនិយាយមកយើងថា “ម៉ាក់មកនេះ! ប៉ាមកអង្គុយនៅនេះ! ពាក់អាវឲ្យអូន!’ ឬបញ្ជាឲ្យយកនេះយកនោះជាដើម។ អំឡុងនេះក្មេងកំពុងគិតថាខ្លួនមានអំណាចជាងគេហើយជឿថាគេគ្រប់គ្នានឹងធ្វើតាមគេ។
មិនត្រឹមតែប៉ុណ្ណោះ ម៉ាក់ប៉ានឹងឃើញកូនធ្វើរឿងកំប្លែងៗ ដូចជាសម្តីលេងសើចច្រើន សំឡេង និងមុខកំប្លែងៗ។

២- ជួយកូនបែបណា?
ទោះជាពេលនេះពិបាក ប្រកែកជាមួយកូនដែលកំពុងលូតលាស់នេះក៏ដោយ តែយើងអាចបង្រៀនគេឲ្យចេះប្រើភាសាទន់ភ្លន់ ប្រើពាក្យ “សុំ’ ពេលដែលគេចង់បានអ្វីមួយ។ ប្រសិនជាប៉ាម៉ាក់មានអារម្មណ៍ថាកំពុងពិបាកយកឈ្នះភាពមានះរបស់កូន ចូរប្រើសំឡេងដូចកូនក្មេង កំប្លែងៗនិយាយជាមួយគេ ឬនៅពេលអានរឿងឲ្យកូនស្តាប់។
បើមិនទាន់បានបង្រៀនកូនប្រើកន្ថោរ ឬបង្រៀនដែរតែមិនបានសម្រេច ពេលនេះជាពេលដ៏ល្អដើម្បីចាប់ផ្តើមម្តងទៀត។ កូនយើងពេលនេះកំពុងចង់បានឯករាជ្យ ហើយគេអាចដើរទៅបន្ទប់ទឹកខ្លួនឯងបាន។ ពេលខ្លះគេនៅភ័យខ្លាចនៅឡើយ ដូច្នេះហើយបានជាម៉ាក់ប៉ា ត្រូវបង្រៀនគេជាមុន។
ត្រូវពន្យល់ និងបង្រៀនកូនពីរបៀបប្រើបង្គន់ ដូចជារបៀបអង្គុយលើបង្គន់ របៀបចាក់ទឹក ឬចុចទឹក ឬបិទគម្របចានបង្គន់ជាដើម។
គួរជូនអាអូនទៅបង្គន់រៀងរាល់ ២-៣ម៉ោងម្តង ដើម្បីកុំឲ្យគេជុះនោម ឬបត់ជើងធំដោយចៃដន្យ។ សូមបង្កើតវាជាទម្លាប់ ឧទាហរណ៍ រម្លឹកកូនឲ្យទៅបន្ទប់ទឹកពេលព្រឹក មុនគេងថ្ងៃ និងពេលគេងយប់។ បន្ទាប់ពីប្រើបង្គន់ហើយ ឲ្យកូនរៀនចុចទឹកបង្គន់ដោយខ្លួនឯងហើយលាងដៃ។
៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ជួនកាលក្មេងអាយុ ២ឆ្នាំ អាចខ្លាចច្រើនពេកបើតាមស្មាន ប៉ុន្តែជាទូទៅវាជារឿងធម្មតាទេ។ យ៉ាងណាមិញបើភាពភ័យខ្លាចរបស់គេធ្វើឲ្យប៉ះពាល់ដល់សកម្មភាពគ្រួសារ ក្លាយជាលេសមិនទៅសាលា រំខានដំណេករបស់គេ និងបង្កបញ្ហាដល់អាកប្បកិរិយា សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ហើយបើចាំបាច់យើងគួរជួបជាមួយគ្រូពេទ្យឯកទេសផ្លូវចិត្ត។
៤- រឿងអីខ្លះគួរបារម្ភ?
ក្មេងដែលមានជំងឺ Autism មិនអាចប្រាស្រ័យទាក់ទងល្អជាមួយអ្នកដទៃនោះទេ។ ភាគច្រើនគេមិនមានទំនាក់ទំនងរាងកាយជាមួយឪពុកម្តាយ ចូលចិត្តសំឡឹងអ្នកផ្សេងជាប់ភ្នែក មិនមើលមុខគេ -ល-។ បើសិនជាសង្កេតឃើញកូនបាត់បង់សមត្ថភាពរាងកាយ ភាសា និងជំនាញដែលគេគួរចេះ ឬក៏គេចាប់ផ្តើមដកខ្លួនចេញពីសកម្មភាពផ្សេងៗ មិនមានការរីកចចម្រើន ឬលូតលាស់យឺតយ៉ាវ ទាំងនេះជារឿងដែលយើងត្រូវតែទៅរកគ្រូពេទ្យឲ្យបានឆាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
BabyCenter Medical Advisory Board. Your anxious child. http://www.babycenter.com/0_your-anxious-child_64004.bc?showAll=true. Accessed June 3, 2015.
BabyCenter Medical Advisory Board. Head banging: Why it happens and what to do about it. http://www.babycenter.com/0_head-banging-why-it-happens-and-what-to-do-about-it_63575.bc?page=2#articlesection2. Accessed June 3, 2015.
Your 34-month-old: Tracking growth. http://www.babycenter.com/6_your-34-month-old-tracking-growth_10329824.bc. Accessed June 3, 2015.
Your 34-month-old: Potty mouth. http://www.babycenter.com/6_your-34-month-old-potty-mouth_10329748.bc. Accessed June 3, 2015.
34-Month-Old Child. http://www.whattoexpect.com/toddler/34-month-old.aspx. Accessed June 3, 2015.
កំណែប្រែបច្ចុប្បន្ន
11/03/2019
អត្ថបទដោយ Leng Pechsovatey
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ