ការលូតលាស់ និងអាកប្បកិរិយា
១- កូនចេះអីខ្លះ?
ពិបាកទាយពីអត្តចរិតកូនហើយ។ គេធ្លាប់តែជាក្មេងល្អ និយាយស្ដាប់ ធ្វើតាមម៉ាក់ប៉ាប្រាប់ តែពេលនេះ ប្រែជាខឹង ក្បាលរឹង និងអត់ស្ដាប់បង្គាប់ដូចមុន។ ក្មេងនៅវ័យនេះភ្នែករហ័ស ត្រចៀកវៃ ព្រោះគេកំពុងរៀន និងសាកល្បងរបស់ថ្មីៗ។ គេពូកែសង្កេត និងរហ័សរហួន។ យើងក៏អាចកត់សម្គាល់ឃើញការប្រែប្រួលមួយចំនួន ពេលកូនចាប់ផ្ដើមរៀនគូររូបលើក្រដាសដំបូង (ប្រហែលអាយុ១២-១៥ខែ) រៀនផាត់ពណ៌ និងរៀនចេះគូរបន្ទាត់ត្រង់ និងរង្វង់។ ធំបន្ដិច(ខែទី ៣០) នេះ អូនតូចចេះគូររូបដែលមានរាងច្បាស់លាស់ដូចជារូបមនុស្ស ដើមឈើ និងរូបផ្ទះជាដើម។
២- ជួយកូនរបៀបណា?
កុំគិតថាមិនអី ឬសើច ពេលកូននិយាយ ឬធ្វើអ្វីខុស។ ពន្យល់ ហើយណែនាំកូន ឲ្យដឹងខុសត្រូវ ឲ្យដឹងថាកូននិយាយមិញហ្នឹងអត់ត្រូវទេ…អត់សុភាព…កូនគួរនិយាយអញ្ចេះវិញ។ ព្យាយាមកត់ត្រា រាល់ពាក្យមិនល្អទាំងឡាយដែលគេនិយាយ។ ទោះកូនធ្លាប់ធ្វើ ឬអត់ក៏ដោយ ព្យាយាមណែនាំកូន រឿងដណ្ដើមរបស់អ្នកដទៃលេង ថាកុំធ្វើបែបនេះ នៅសុខៗទៅបំបែក ឬដណ្ដើមរបស់គេកំពុងស្រឡាញ់ចេញពីគេ។
ឧទាហរណ៍ ហើយសាកនិយាយជាមួយកូនថា ចុះបើកូនមានតុក្ដតានេះ កូនស្រឡាញ់ខ្លាំង ហើយមានគេមកដណ្ដើមមកទៅលេង កូនឲ្យគេអត់? កូនពិបាកចិត្តអត់? កូនយំអត់? គួរទម្លាប់ជជែកជាមួយកូន ហើយបង្រៀនកូន ឲ្យឆ្លើយ ដោយមានហេតុផល។ បន្ទាប់មកទៀត យើងបន្តសួរទៀតថា ហេតុអីបានកូនគិតអ៊ីចឹង ឬឆ្លើយបែបនេះ?
សុខភាព និងសុវត្ថិភាព
៣- ពិភាក្សារឿងអីខ្លះជាមួយពេទ្យ?
មិនគួរប្រៀបធៀបកូនយើងជាមួយក្មេងដទៃទេ ព្រោះក្មេងលូតលាស់អត់ដូចគ្នាទាំងស្រុងទេ។ បើគេកំពុងរៀនពាក្យថ្មីៗ ជំនាញ និងគំនិតថ្មីៗជារឿងធម្មតាទេ។ តែបើគេហាក់ដូចជានៅស្ងៀម ឬមិនព្រមធ្វើអ្វីសោះ យើងគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ឲ្យបានលឿនតាមដែលអាចធ្វើបាន។
៤- ត្រូវដឹងអីខ្លះ?
នាំកូនទៅពេទ្យភ្លាម បើមានសញ្ញាមិនប្រក្រតីកើតឡើង។ គួរធ្វើតេស្ដឈាម ក្រែងមានជំងឺស្លេកស្លាំង ឬពុល (សារធាតុ)បារត។
ការព្រួយបារម្ភ
៥- រឿងគួរបារម្ភ
វ័យនេះកូនគួរតែចេះដើរ រត់ និងចេះតោង រៀនជិះកូនកង់ កូនម៉ូតូ កូនអាចស្លៀកខោដោយប្រើជើងតែម្ខាង លោតទៅមុខ និងចេះទាត់បាល់ជាដើម។ តែបើសិនជាកូនយើងមិនអាចធ្វើរឿងទាំងនេះបានទេ ឬមិនអាចចេះតម្រៀបវត្ថុលើគ្នា ឬឧស្សាហ៍ដួល (ពិសេសនៅអាយុ ៣ឆ្នាំ ) សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]