ការលូតលាស់ និងអាកប្បកិរិយា
១- កូនចេះអីខ្លះ?
ពេលជិតដល់អាយុអាចចូលរៀនបាន ក្មេងៗតែងតែមានការស្រមើស្រមៃជាច្រើនដែលជារឿងល្អប្រសិនជាគេមិនស្រមៃពីភាពភ័យខ្លាចនោះ។ នៅអាយុ ២ឆ្នាំ ក្មេងអាចដឹងក្តីខ្លះហើយដូចជា គេអាចបង្កើតរូបភាពក្នុងអារម្មណ៍របស់គេ។ គេចេះស្អប់ពេលយើងទុកគេចោល ឬឲ្យនៅជាមួយមនុស្សប្លែកមុខ ឬចងចាំការឈឺចាប់ពេលចាក់វ៉ាក់សាំងជាដើម។
ខួរក្បាលក្មេងនៅអាយុនេះប្រៀបដូចជាសំបុកឃ្មុំដែលពោរពេញដោយគំនិតថ្មីៗជាច្រើនដែលជួយគេឲ្យយល់ពីសំណួរ “អ្វីទៅ? ហេតុអីទៅ? របៀបណាទៅ?’ ជាដើម។ កូនយើងចាប់ផ្តើមសួរសំណួរជាច្រើន តែកុំធុញកូន ព្យាយាមឆ្លើយទៅ ព្រោះគេកំពុងតែចង់ដឹងចង់យល់ពីអ្វីៗជុំវិញខ្លួន បែបនេះគេនឹងមានទំនាក់ទំនងច្រើនជាមួយយើងក៏ដូចជារៀនពាក្យថ្មីផងដែរ។
ពេលនេះគេអាចឈប់ពាក់ខោទឹកនោមបានហើយមែនទេ? តាមពិតទៅក្មេងអាយុ ២ឆ្នាំ ភាគច្រើនពុំទាន់ចេះប្រើកន្ថោរនៅឡើយទេ តែយើងអាចចាប់ផ្ដើមបង្រៀនគេបានហើយ។
២- ជួយកូនរបៀបណា?
– ឲ្យកូនលេងសម្តែងធ្វើជាពេទ្យជាមួយតុក្កតា យើងអាចទិញកាបូបតូចៗដាក់ស្តេតូស្កុប ប្រដាប់វាស់កម្តៅឲ្យកូនលេងបាន។
– ពន្យល់របៀបធ្វើអ្វីមួយដល់កូន “ពេលចូលបណ្ណាល័យ ដំបូងយើងទៅតុធំនោះ ប្រាប់ឈ្មោះកូនទៅគេហើយយើងនឹងអាចទៅអង្គុយអានសៀវភៅបានហើយ!’
– បីកូនដាក់លើភ្លៅយើង ពេលដែលត្រូវជួបពេទ្យដើម្បីពិនិត្យឬចាក់ថ្នាំ
– កុំកុហកកូន! កុំនិយាយថា “ចាក់តែបន្តិចទេ អត់ឈឺទេ!’
– កុំកុហកកូន ដូចជា “ម៉ាក់អត់យកកូនទៅចាក់ថ្នាំទេ!’ បើកំពុងតែនាំកូនទៅចាក់ថ្នាំមែននោះ
– ធ្វើចិត្តសប្បាយឲ្យបានច្រើន ព្រោះកូនយើងអាចដឹងទឹកមុខ និងពាក្យសម្តីបាន។
ចំពោះក្មេងរពឹស ចង់ចេះចង់ដឹងវិញ៖
– កុំហាមកូនកុំឲ្យដើររុករកក្នុងផ្ទះ
– នាំកូនទៅកន្លែងថ្មីដូចជា សួនសត្វ អាងទឹកជាដើម
– ទម្លាប់ទិញសៀវភៅទុកដាក់ជិតៗខ្លួន
– ឲ្យកូនលេងរបស់ពញ្ញាក់អារម្មណ៍ដូចជា ដីឥដ្ឋ ខ្សាច់ និងឧបករណ៍ភ្លេងជាដើម។
សុខភាព និងសុវត្ថិភាព
៣– ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
កាលពីអាយុ ២ឆ្នាំ ម៉ាក់ប៉ាប្រហែលជានាំកូនទៅពិនិត្យម្តងហើយ តែបើមិនទាន់ទេសូមណាត់ជួបពេទ្យខែនេះឲ្យហើយទៅ។ សូមប្រាប់គ្រូពេទ្យបើយើងសង្កេតឃើញកូនមានចរិត ឬទម្លាប់ប្លែកៗណាមួយ។
៤– ត្រូវដឹងអីខ្លះ?
យើងច្បាស់ជាចង់ដឹងហើយថាគួរបង្រៀនកូនប្រើកន្ថោរ ឬបង្គន់ របៀបម៉េច? ហើយក៏ត្រូវដឹងថា អាចជារឿងលំបាក ទាំងយើង ទាំងកូន ព្រោះក្មេងវិវត្តអាស្រ័យលើកត្តាអាយុ និងការលូតលាស់ខុសគ្នាតិចតួច។ សូមកុំច្រលោតខឹងកូនឲ្យសោះ។ ចូរឲ្យគ្នារៀនតាមសម្រួល៖
– កុំបង្ខំកូនអីបើគេមិនទាន់ត្រៀមខ្លួន
– អានសៀវភៅឲ្យគេស្តាប់ពេលអង្គុយលើកន្ថោរ
– បង្រៀនកូនអង្គុយលើកន្ថោរផ្កាប់ ហើយពន្យល់ពីរបៀបប្រើ
– ឲ្យរង្វាន់ពេលគេប្រើកន្ថោរបានសម្រេចដូចជានំដែលគេចូលចិត្ត
– បើមិនបានសម្រេចទេ សូមព្យាយាមម្តងទៀតនៅពេលក្រោយ។
ការព្រួយបារម្ភ
៥- រឿងអីខ្លះគួរបារម្ភ?
បើចង់គ្រប់គ្រងជាតិខ្លាញ់ និងកូលេស្តេរ៉ូលកូន យើងអាចឲ្យគេផឹកទឹកដោះគោបាន តែសូមចៀសវាងដំឡូងចៀន ឬ អាហារកញ្ចប់ជាដើម។ គួរបន្ថែមបន្លែផ្លែឈើដែលមានជាតិសរសៃច្រើនដល់កូន។ សារជាតិប្រូតេអ៊ីនក៏សំខាន់ដែរ ដូចជាសាច់មាន់ សាច់ទា និងត្រី។ សូមកុំតឹងរឹងពេក កូនក៏ត្រូវការសារជាតិខ្លាញ់ល្អខ្លះ ដើម្បីលូតលាស់រាងកាយ និងបញ្ញាដែរ។ សូមពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងកុមារដើម្បីបានព័ត៌មានលម្អិតពីចំណីអាហារប៉ូវ គួរញ៉ាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]