គេជឿថាអាយុចន្លោះពី ១ឆ្នាំទៅ ៣ឆ្នាំ ក្មេងលូតលាស់ និងវិវត្តស្មារតីលឿនបំផុត។ ដូចនេះហើយ នេះជាពេលសំខាន់ដែលត្រូវផ្តល់សារធាតុចិញ្ចឹម និងសារធាតុចាំបាច់ដល់ក្មេងឲ្យបានគ្រប់គ្រាន់។ ម្យ៉ាងទៀត ក៏ជាពេលដ៏សមស្របក្នុងការទម្លាប់ក្មេងឲ្យញ៉ាំអាហារល្អសម្រាប់សុខភាពផងដែរ។ យ៉ាងណាមិញ រឿងនេះមិនមែនជាការងាយស្រួលឡើយក្នុងការជ្រើសនិងឲ្យកូនញ៉ាំអាហារសម្រន់បានល្អ និងត្រឹមត្រូវនោះ។ ខាងក្រោមនេះជាចំណុចទាំង ៥ ដែលជួយប៉ាម៉ាក់ក្នុងការរៀបចំអាហារសម្រន់ឲ្យកូន។
១-ជ្រើសរើសអាហារល្អសម្រាប់សុខភាព
ការឲ្យកូនញ៉ាំអាហារសម្រន់ជាវិធីងាយស្រួលក្នុងការបំបាត់ភាពឃ្លានរបស់ក្មេង។ ក្មេងខ្លះងាយញ៉ាំអាហារ ទោះគេចូលចិត្តលេងច្រើនក៏ដោយ ឯក្មេងខ្លះទៀតក៏រើសអាហារមិនញ៉ាំច្រើននោះទេ។
ពពួកអាហារដែលល្អសម្រាប់សុខភាព និងការញ៉ាំអាហារសម្រន់ឲ្យទៀងពេលអាចជួយធ្វើឲ្យក្មេងមិនសូវឃ្លានខ្លាំងទម្រាំដល់ពេលបាយ។ យើងអាចជ្រើសរើសពពួកផ្លែឈើ បន្លែ ពពួកអាហារធ្វើពីអង្ករសម្រូប និងអាហារដែលសម្បូរទៅដោយកាល់ស្យ៉ូម ដែលនេះជួយឲ្យក្មេងមានសុខភាពល្អថែមទៀតផង។
អ្នកជំនាញខាងអាហារក៏បានណែនាំផងដែរថា ក្មេងនៅអាយុនេះគួរញ៉ាំអាហារបីពេលក្នុងមួយថ្ងៃ និងអាហារសម្រន់ឲ្យពីរឬបីពេលក្នុងមួយថ្ងៃបន្ថែមពីលើនេះ ។ ប៉ាម៉ាក់អាចឲ្យកូនញ៉ាំអាហារសម្រន់នៅពេលព្រឹក ថ្ងៃរសៀល និងក្រោយបាយល្ងាច (បើសិនជាចាំបាច់)។
អត្ថបទពាក់ព័ន្ធ៖
- កូនតូចរាក ឬក្តៅខ្លួន អាចឲ្យញ៉ាំទឹកផ្លែឈើបានអត់?
- ម៉ាក់ប៉ាប្រយ័ត្នណា កូនតូចៗងាយនឹងកើតជំងឺ ៤ មុខនេះបំផុតនាខែក្តៅ
- អាការៈក្អួតធម្មតា និងក្អួតគ្រោះថ្នាក់លើទារក ម៉ាក់ប៉ាគួរចេះសម្គាល់
- កូនរាកក្រៅពីលេបថ្នាំ ផឹកអូរ៉ាលីត ទឹកផ្លែឈើមួយនេះក៏ជួយបានច្រើន
- កូនៗទល់លាមកដោយសាររបបអាហារ តើប៉ាម៉ាក់គួរធ្វើម៉េច?
២- រកអាហារដែលត្រឹមត្រូវ
ក្មេងតូចៗអាយុ១ទៅ៣ឆ្នាំ មិនទាន់ចេះទៅទិញស្ករគ្រាប់ខ្លួនឯងទេ។ ម្ល៉ោះហើយការសម្រេចចិត្តរបស់ប៉ាម៉ាក់ គឺមានឥទ្ធិពលណាស់អំឡុងពេលនេះ។ យើងត្រូវយកឱកាសនេះ ទម្លាប់កូនឲ្យញ៉ាំរបស់ដែលល្អសម្រាប់សុខភាព។ ផ្លែឈើស្រស់សម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនមុខ (វីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន និងសារធាតុសរសៃ)។ យើងមិនគួរឲ្យក្មេងញ៉ាំអាហារកញ្ចប់ អាហារកំប៉ុងដែលមានស្ករ អំបិល និងខ្លាញ់ច្រើននោះទេ។ អាហារដែលស័ក្ដិសមសម្រាប់កូនយើងមានដូចជា៖
-ពពួក cereal ធ្វើពីពពួកអង្ករសម្រូបដែលមានស្ករតិច
-ផ្លែឈើស្រស់កាត់ឲ្យស្តើងៗ ឬតូចៗ
-នំស្រួយធ្វើពីពពួកអង្ករសម្រូប
-នំដុតផ្អែមៗតូចៗ
-ចំណិតឈីសស្តើងៗ
៣- ទម្លាប់ឲ្យក្មេងញ៉ាំទៀងពេល
ក្មេងៗងាយនឹងទម្លាប់ខ្លួនណាស់។ ដូចនេះយើងគួរឲ្យក្មេងញ៉ាំ មិនថាអាហារទាំងបីពេល ឬអាហារសម្រន់ឡើយ គឺត្រូវរៀបចំឲ្យបានទៀងពេលជារៀងរាល់ថ្ងៃ។ អារម្មណ៍ឃ្លាន និងអារម្មណ៍ឆ្អែតបង្រៀនឲ្យក្មេងចេះឆ្លើយតប និងសម្របខ្លួនក្នុងការញ៉ាំ ដោយដឹងថាពេលណាត្រូវញ៉ាំ ពេលណាមិនត្រូវញ៉ាំទៀតផង។ តែបើចេះតែឲ្យក្មេងញ៉ាំមិនឈប់ គ្មានពេលវេលាត្រឹមត្រូវនោះ ក្មេងនឹងមិនដឹងថាពេលណាឃ្លានឬឆ្អែតឡើយ ហើយគេនឹងញ៉ាំមិនឈប់។
គួរកំណត់ការញ៉ាំទឹកផ្លែឈើរបស់កូន មិនគួរឲ្យលើសពី ១២០មីលីលីត្រឡើយក្នុងមួយថ្ងៃ។ ពេលកូនស្រេកទឹក ញ៉ាំទឹក និងទឹកដោះគោគឺជាជម្រើសល្អ។ ក្នុងករណីដែលកូនយើងញៀននឹងទឹកផ្លែឈើ យើងអាចឲ្យកូនញ៉ាំផ្លែឈើស្រស់វិញ ជាជាងទឹកក្រូច ឬដូចជាទឹកផ្លែឈើកំប៉ុង ដែលមានកាលើឡូរី និងស្ករយ៉ាងច្រើនសន្ធឹកនោះ។
៤- ឲ្យកូនជ្រើសរើស
អូនៗនៅជាក្មេងតូច តែគេអាចសម្រេចចិត្តបានខ្លះៗហើយ។ ការរើសអាហារសម្រន់ និងញ៉ាំដោយខ្លួនឯងអាចបង្ហាញពីភាពម្ចាស់ការរបស់ក្មេងបានបណ្តើរៗហើយ។ ដូចនេះគួររៀបចំអាហារពីរបីមុខ ហើយសាកល្បងឲ្យកូនជ្រើសរើសញ៉ាំរបស់ណាដែលគេចង់ញ៉ាំ ហើយនិងបរិមាណដែលគេញ៉ាំ។
គួររៀបចំអាហារដែលកូនចូលចិត្តជាមួយនឹងអាហារថ្មី។ សូមព្យាយាមឲ្យបានច្រើនដង បើទោះបីជាក្មេងមិនព្រមញ៉ាំក៏ដោយ។ វាអាចនឹងពិបាកបន្តិចសម្រាប់យើងក្នុងការឲ្យអូនតូចញ៉ាំអាហារថ្មីនោះ។
ត្រូវចាំថាយើងក៏មិនគួរឲ្យកូនរើសអាហារគ្រប់ពេលនោះទេ ជាពិសេសពេលអាហារក៏ដូចជាអាហារសម្រន់ដែលបានរៀបចំហើយស្រាប់។ យើងត្រូវបង្រៀនគេឲ្យញ៉ាំអាហារដែលមានស្រាប់ ដើម្បីកុំឲ្យគេមានទម្លាប់អាក្រក់ រើសអាហារទៅថ្ងៃក្រោយ។
៥- រឿងដែលគួរចៀសវាង
ប៉ាម៉ាក់មួយចំនួនចូលចិត្តសន្យាឲ្យរបស់ឆ្ងាញ់ៗទៅកូន តែវាមិនមែនជាវិធីល្អយូរអង្វែងទេ។ ស្ករគ្រាប់អាចធ្វើឲ្យក្មេងមានអារម្មណ៍ថាគេមានសុខភាពល្អ ឬរឹងមាំជាងក្មេងដទៃ តែការពិតទៅ ស្ករគ្រាប់មិនមានសារធាតុចិញ្ចឹមនោះទេ។ ការឲ្យក្មេងញ៉ាំម្តងម្កាល ក្នុងពេលពិសេសៗមិនជាបញ្ហាអ្វីនោះទេ តែមិនគួរឲ្យក្លាយជាទម្លាប់ និងជាអាហារសម្រន់នោះឡើយ។ តែយើងក៏មិនគួរហាមផ្តាច់ចំពោះស្ករគ្រាប់ និងរបស់ផ្អែមៗផ្សេងទៀតដូចគ្នា។ យើងគួរទុកជាការលើកលែងពេលកូនចង់ញ៉ាំម្តងម្កាល។ ដូចនេះក្មេងនឹងមិនសូវសុំញ៉ាំនោះទេ ហើយយូរៗទៅគេក៏មិនសូវនឹកឃើញវាដែរ។
ទម្លាប់នៃការញ៉ាំអាហារដែលល្អសម្រាប់សុខភាព គឺចាប់ផ្តើមចេញពីទម្លាប់ការញ៉ាំក្នុងផ្ទះ និងនៅអាយុតិចនេះឯង។ អាហារសម្រន់មិនមែនជាអាហារណាមួយក្នុងចំនោមអាហារទាំងបីពេលដែលមានបរិមាណតិចនោះឡើយ។ យើងត្រូវបង្រៀនក្មេងឲ្យចេះជ្រើសរើសរបស់ដែលល្អសម្រាប់ញ៉ាំនៅអាយុតិចៗបែបនេះ នោះគេនឹងមានទម្លាប់ល្អនៅថ្ងៃក្រោយ។ គួរចៀសវាងអាហារកំប៉ុង ញ៉ាំយ៉ាងច្រើនម្តងឬពីរដងក្នុងមួយសប្តាហ៍បានហើយ។ ប៉ាម៉ាក់គួរចាំថាអាហារយើងធ្វើដោយខ្លួនឯងគឺល្អបំផុត។
[embed-health-tool-vaccination-tool]