មានម៉ាក់ប៉ាមួយចំនួនពិបាកចិត្តរឿង កូនៗអាយុ២-៣ឆ្នាំហើយ តែឲ្យញ៉ាំបាយ អត់ចេះញ៉ាំ មួយថ្ងៃៗផឹកតែទឹកដោះគោ។ បើចង់ឲ្យកូនងាកមកញ៉ាំបាយដូចក្មេងធម្មតា មានវិធីអីល្អជួយឲ្យកូនញ៉ាំបាយបានដូចគេដូចឯង?
ដើម្បីដោះស្រាយបញ្ហានេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារបានឲ្យដឹងថា កាលណាដែលកូនធំៗ អាយុ២-៣ឆ្នាំហើយ តែអត់ញ៉ាំបាយ ញ៉ាំតែទឹកដោះគោ ក្មេងនោះអាចប្រឈមនឹងកង្វះជីវជាតិមួយចំនួន និងអាចខ្វះគ្រាប់ឈាមក្រហមទៀត។ សម្រាប់មធ្យោបាយដែលចង់ឲ្យកូនងាកទៅញ៉ាំបាយពេលជាមួយមនុស្សធំដែរ គឺអាស្រ័យទៅលើព្យាយាមរបស់ម៉ាក់ប៉ា។
ទី១. នៅពេលញ៉ាំបាយ ម៉ាក់ប៉ាមិនគួរឲ្យកូនមើលទូរស័ព្ទ ឬទូរទស្សន៍អីទេ គឺឲ្យកូនផ្ដោតអារម្មណ៍ទៅលើការញ៉ាំបាយមួយមុខគត់។
ទី២. ម៉ាក់ប៉ាត្រូវមានសិល្បៈក្នុងការបញ្ចុកបាយកូន លួងលោមកូន ហើយត្រូវព្យាយាមរហូតទាល់កូនចេះញ៉ាំបាយ បើមិនដូច្នេះទេ កូននៅតែអត់ចេះបាយអ៊ីចឹង។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា “ព្រោះតែខ្លាចកូនធំមិនចេះញ៉ាំបាយចឹងហើយ ទើបពេទ្យណែនាំថា ពេលកូនអាយុគ្រប់៦ខែឲ្យញ៉ាំអាហារដូចជា បបរខាប់គ្រប់គ្រឿងបន្ថែមពីលើ ការបៅដោះម្ដាយ ឬទឹកដោះគោ ព្រោះវាដូចបង្រៀនកូនឲ្យញ៉ាំអាហារផ្សេងបន្តិចម្តងៗទៅតាមវ័យ រហូតកូនចេះញ៉ាំបាយ”។
លោកវេជ្ជបណ្ឌិតថា បើម៉ាក់ប៉ាមានកូនធំអត់ចេះញ៉ាំបាយ មិនបាច់ទៅរំពឹងថ្នាំដែលធ្វើឲ្យកូនចេះញ៉ាំបាយវិញទេ ពពួកវីតាមីនដែលភាគច្រើនឃើញម៉ាក់ប៉ាឲ្យកូនញ៉ាំ គ្រាន់តែជួយបំពេញជីវជាតិដែលខ្វះ និងភ្ញោចឲ្យកូនញ៉ាំបាយច្រើនប៉ុណ្ណោះទេ ប៉ុន្តែបើចង់ឲ្យកូនចេះញ៉ាំបាយ គឺមានតែការច្នៃប្រឌិតរបស់ម៉ាក់ប៉ាទើបអាចជួយបាន។
[embed-health-tool-vaccination-tool]