អំឡុងពេលកូវីដ-១៩នេះ តម្រូវឲ្យយើងនៅក្នុងផ្ទះច្រើន ដើម្បីការពារខ្លួនពីវីរុសផ្លូវដង្ហើមដ៏សាហាវនេះ ជាហេតុប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តមនុស្សគ្រប់វ័យ ជាពិសេសទៅលើក្មេងៗ។ ដោយសារតែការប្រឡង ការពន្យារពេលចូលរៀនម្ដងហើយម្ដងទៀត និងការសិក្សាតាមអនឡាញ អាចធ្វើឲ្យកូនៗកើតស្ត្រេស និងឆាប់មួម៉ៅជាដើម។
ពេលខ្លះ ម៉ាក់ប៉ាមួយចំនួនមិនជឿទេថា កូនៗកើតស្ត្រេសទេ ព្រោះគិតថាពួកគេនៅក្មេង គ្មានអ្វីត្រូវគិតច្រើន ក្រៅពីអង្គុយរៀនពីមួយថ្ងៃទៅមួយ។ ប៉ុន្តែ បើម៉ាក់ប៉ាសង្កេតឃើញថា អាអូនមានការផ្លាស់ប្ដូរអាកប្បកិរិយាក្នុងរយៈពេលខ្លីដូចជា អារម្មណ៍ឆាប់ប្រែប្រួល ឈឺក្បាល ឈឺចុកពោះ ឬផ្ដាច់ខ្លួននៅម្នាក់ៗឯង។ នេះបង្ហាញថា អាអូនកំពុងមានអារម្មណ៍មិនល្អ យើងគួររកវិធីជួយកូនៗបន្ធូរអារម្មណ៍ ចៀសវាងកូនមានបញ្ហាផ្លូវចិត្តកាន់តែធ្ងន់។
វិធីដោះស្រាយ កូនៗកើតស្ត្រេស
មានវិធីជាច្រើនដែលអាចជួយកូនៗសម្រួលអារម្មណ៍របស់ពួកគេបាន ហើយម៉ាក់ប៉ាក៏មានតួនាទីសំខាន់ក្នុងការជួយបំបាត់បញ្ហាស្ត្រេសដែលកើតមានលើកូនដូចជា៖
- បង្កើតបរិយាកាសក្នុងផ្ទះឲ្យមានភាពរីករាយ មិនអាប់អួ ដូចជាញ៉ាំបាយល្ងាចជុំគ្រួសារ និយាយលេងសើច និងលេងហ្គេមជាគ្រួសារជាដើម។
- ធ្វើឲ្យផ្ទះជាកន្លែងមួយមានភាពស្ងប់ស្ងាត់ សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅដល់សមាជិកគ្រួសារ
- តាមដានមើលកម្មវិធីទូរទស្សន៍ ហ្គេមកូនលេង និងសៀវភៅកូនអាន
- ប្រកាន់យកទម្លាប់មានសុខភាពល្អដូចជា ហាត់ប្រាណ និងការថែទាំខ្លួនគ្រប់គ្រងស្ត្រេសបានល្អ ព្រោះកូនៗត្រាប់តាមទង្វើឪពុកម្ដាយ
- រៀនស្ដាប់កូនៗពេលពួកគេរអ៊ូពីបញ្ហា ដោយមិនត្រូវរិះគន់អារម្មណ៍កូន និងត្រូវជួយកូនៗរកដំណោះស្រាយសមស្របទៅតាមបញ្ហា។
[embed-health-tool-vaccination-tool]