ពេលកូននៅតូចតែងជួបឧបទ្ទវហេតុដួលប៉ះទង្គិចត្រូវក្បាលសឹងតែគ្រប់គ្នា ព្រោះចាប់ពីវ័យ ៨ ខែទៅ ៥ ឆ្នាំកូនកំពុងពេញរពឹស ហើយទោះជាយើងមានការប្រុងប្រយ័ត្នយ៉ាងណាក៏ពិបាកគេចផុតដែរ។ ដូចនេះហើយអាណាព្យាបាលតែងតែលើកជាសំណួរថា តើក្រោយគ្រោះថ្នាក់កូនមានរោគសញ្ញាបែបណា ទើបនាំកូនទៅពេទ្យ?
វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ក្រោយកូនមានគ្រោះថ្នាក់ប៉ះចំក្បាល ម៉ាក់ប៉ាត្រូវតាមដានអាការៈកូនឲ្យបានដិតដល់។ ករណីកូនត្រឹមរបួសសើស្បែកមិនបាច់ភិតភ័យពេកទេ គ្រាន់តែរកអ្វីត្រជាក់មកស្អំពីលើឲ្យបាត់ពក ជាំ ឬបើរបកស្បែកអាចយកស្បែកលាបរបួសបាន។
តែបើក្នុងករណីត្រូវខ្លាំង ហើយកូនស្ថិតក្នុងស្ថានភាពដូចខាងក្រោមនេះវេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះណែនាំឲ្យយកកូនទៅជួបគ្រូពេទ្យជាប្រញាប់៖
– បែកក្បាលហូរឈាមខ្លាំង
– សន្លឹមមិនលេង
– មិនកម្រើក ឬមិនដឹងខ្លួន
– សន្លប់
– វិលមុខ
– យំព្រោះឈឺចាប់ខ្លាំង
– ក្អួត
– ក្ដោបក្បាល ព្រោះឈឺចាប់
– ពិបាកដកដង្ហើម
– មានអាការៈកន្ត្រាក់ៗ
– ច្រឡំ ឬវង្វេងវង្វាន់
– ប្រស្រីភ្នែករីកមិនស្មើគ្នា
– ខ្សោយអវយវៈមួយចំហៀង
អាការៈដែលបានរៀបរាប់ខាងលើសុទ្ធតែជាសញ្ញានៃឈាមកកក្នុងខួរក្បាល និងការប៉ះពាល់ចំសរសៃប្រសាទណាមួយ។ ជម្រើសល្អពេលកូនមានគ្រោះថ្នាក់ ដំបូងត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីឲ្យអ្នកមានជំនាញព្យាបាល និងវិនិច្ឆ័យពីស្ថានភាពរបួស ជាជាងទុកចោល ហើយគិតថាមិនអី នាំឲ្យមានកូនមានបញ្ហាកាន់តែធ្ងន់។ មួយវិញទៀតបើសង្កេតឃើញថា របួសធំពេក ទោះគ្រូពេទ្យថាមិនថ្វី យើងអាចយកកូនទៅថតស្កេនបាន ដើម្បីកុំឲ្យជាប់មន្ទិលសង្ស័យ។
[embed-health-tool-vaccination-tool]