ពេលកូនតូចមិនសូវជុះ ហើយមានតែផោម សម្រាប់ម៉ាក់ៗថ្មីថ្មោងច្រើនមានការបារម្ភពីរឿងនេះ។ តើនេះមានអ្វីកើតឡើងចំពោះកូន? គួរដោះស្រាយបែបណា?
១. កូនផោមជារឿងធម្មតា
ប៉ាម៉ាក់ត្រូវដឹងថា កូនតូចផោមជារឿងធម្មតា និងចាំបាច់។ កូនយើងអាចមានហ្គាសនៅក្នុងពោះដោយសារបានស្រូបខ្យល់ពេលបៅមិនថាបៅដោះ ឬបៅម្សៅទឹកដោះគោនោះទេ។ ដូចគ្នាដែរ ចំពោះកូនធំអាចញ៉ាំអាហារបន្ថែមបាន គេអាចនាំជាតិហ្គាសចូលក្នុងពោះបានតាមរយៈអាហារមួយចំនួនដូចជាស្ពៃក្ដោប សណ្ដែក ខ្ទឹមបារាំង និងខាត់ណាខៀវ ជាដើម។
នៅពេលមានខ្យល់នៅក្នុងប្រព័ន្ធរំលាយអាហារ កូនយើងត្រូវការបញ្ចេញវាមកក្រៅវិញតាមរយៈភើ ឬក៏ផោម។ បើមិនបានបញ្ចេញខ្យល់ក្នុងពោះមកក្រៅទេ កូនយើងអាចនឹងមានអាការៈដូចជាឈឺពោះ និងហើមពោះមិនខាន។
២. ក្មេងជុះញឹកញាប់កម្រិតណា?
ប៉ាម៉ាក់ថ្មីថ្មោងប្រហែលជាស្រមៃថានឹងត្រូវប្ដូរខោទឹកនោមកូនញឹកញាប់មិនខាន ព្រោះតែកូនត្រូវជុះញឹកញាប់ក្នុងមួយថ្ងៃៗ។ ប៉ុន្តែ មិនមែនគ្រប់ក្មេងទាំងអស់សុទ្ធតែជុះច្រើនដងក្នុងមួយថ្ងៃនោះទេ ហើយក្មេងខ្លះក៏មិនជុះរាល់ថ្ងៃដែរ នៅពេលគេដល់អាយុជាក់លាក់ណាមួយ។
បើតាមអ្នកជំនាញ នៅក្នុងខែដំបូង កូនយើងអាចជុះរាល់ថ្ងៃ ដោយថាក្មេងបៅម្សៅទឹកដោះគោ អាចជុះប្រាំដងក្នុងមួយថ្ងៃ ហើយនឹងជុះតិចជាងនេះនៅពេលគេកាន់តែធំ។ សម្រាប់កូនបៅដោះម្ដាយវិញ អាចជុះកាន់តែញឹកដែរក្នុងវ័យដូចគ្នានេះ តែថាបន្ទាប់ពីដល់អាយុប្រាំមួយសប្ដាហ៍ ក្មេងទាំងនោះអាចនឹងមិនជុះរហូតដល់១០ថ្ងៃក៏មាន។ អាចនិយាយបានម្យ៉ាងទៀតថា ការជុះរបស់ក្មេងញឹកញាប់ប៉ុនណា ក៏អាស្រ័យលើអាយុ និងរបបអាហារផងដែរ។
៣. កូនអត់ជុះ តែផោម តើម៉េចវិញ?
ត្រង់ចំណុចនេះ យើងដឹងហើយថាក្មេងផោមគឺជារឿងធម្មតា ហើយថាក្មេងមិនចាំបាច់ត្រូវតែជុះរាល់ថ្ងៃនោះដែរ។ ដូចនេះ ក្មេងមិនជុះ តែផោម គឺមិនមែនជាបញ្ហាគួរឲ្យបារម្ភនោះទេ។ យ៉ាងណា បើកូនយើងមិនជុះ ក៏អាចជាសញ្ញាមួយថាកូនអាចទល់លាមកដែរ។
ទោះយ៉ាងនេះក្ដី អ្នកជំនាញថាប៉ាម៉ាក់កុំប្រញាប់វាយតម្លៃថាកូនទល់លាមកលឿនពេក ដោយគ្រាន់តែឃើញកូនមិនសូវជុះនោះ បើទោះបីជាពេលខ្លះឃើញកូនដូចជាប្រឹងជុះក៏ដោយ។ ប៉ាម៉ាក់ត្រូវដឹងដែរថា កូននៅតូច កំពុងតែសម្របខ្លួនទៅនឹងការអភិវឌ្ឍប្រព័ន្ធរំលាយអាហារ។ មួយវិញទៀត បើកូនយើងតែងតែដេកនៅមួយកន្លែង ក៏អាចនឹងមិនងាយជុះដែរ។
ជារួម បើលាមកកូនយើងទន់ ទោះបីមើលទៅកូនដូចជាប្រឹងជុះ ឬមិនសូវជុះក៏ដោយ ក៏កូនយើងទំនងមិនទាន់ដល់ដំណាក់កាលទល់លាមកដែរ។
៤. សញ្ញាទល់លាមក និងវិធីដោះស្រាយ
បើកូនយើងមិនសូវជុះ ហើយពេលជុះម្ដងៗពិបាក ទៀតនោះ សូមពិនិត្យមើលសញ្ញាទាំងនេះ ដើម្បីដឹងថាកូនមានបញ្ហាទល់លាមកឬអត់។
- លាមករឹង និងមានទំហំធំ
- មានឈាមក្នុងលាមក
- យំពេលជុះ
- ប្រែខ្លួនចុះឡើងពេលជុះ
- ឈឺពោះ និង
- រញ៉ាំរញ៉ូវ
បើសិនជាសង្ស័យថាកូនទល់លាមកយើងត្រូវ៖
- ឲ្យកូនញ៉ាំទឹកតិចៗបន្ថែមចន្លោះពី៣០ទៅ៤០នាទីម្ដង តែហាមបន្ថែមជាតិស្ករ
- សម្រាប់កូនអាចញ៉ាំអាហារបាន យើងគួរបន្ថែមបន្លែ និងផ្លែឈើមានជាតិសរសៃដល់កូន
- ក្នុងករណីកូននៅតែនៅបន្តទល់លាមកទៀត ត្រូវនាំកូនទៅជួបគ្រូពេទ្យ។
[embed-health-tool-vaccination-tool]