ជំងឺពោះវៀនលូនចូលគ្នា ជាស្ថានភាពធ្ងន់ធ្ងរមួយដែលផ្នែកមួយនៃពោះវៀនរុលចូលទៅក្នុងផ្នែកមួយទៀតនៅជាប់គ្នានៃពោះវៀន។ ជំងឺពោះវៀនលូនចូលគ្នានេះ ភាគច្រើនកើតឡើងនៅលើកូនក្មេងអាយុក្រោម៣ឆ្នាំ ហើយវាមានរោគសញ្ញាមួយចំនួនម៉ាក់ប៉ាពិបាកស្មានដល់ និងអាចបង្កផលប៉ះពាល់ខ្លាំងដល់កូនថែមទៀត។
ជំងឺពោះវៀនលូនចូលគ្នា ជាមូលហេតុទូទៅបំផុតនៃការស្ទះពោះវៀនលើអាអូនអាយុតិចជាង៣ឆ្នាំ ប៉ុន្តែ មូលហេតុនៃការកើតជំងឺពោះវៀនលូនចូលគ្នាលើក្មេងនៅមិនទាន់ដឹងច្បាស់នៅឡើយ។ ចំណែកមនុស្សធំពេញវ័យកម្រនឹងកើតជំងឺនេះណាស់។
រោគសញ្ញានៃជំងឺពោះវៀនលូនចូលគ្នា
សញ្ញាដំបូងនៃការកើតជំងឺពោះវៀនលូនចូលគ្នានៅលើទារកមានសុខភាពល្អកើតមានភ្លាមៗមួយរំពេច យំខ្លាំងដែលបង្កឡើងដោយការឈឺពោះ។ ការឈឺចាប់នៃជំងឺពោះវៀននេះមានសភាពឈឺបាត់ៗរយៈពេល ១៥-២០នាទីនៅលើកដំបូង ហើយវាកាន់តែឈឺញឹកញាប់ និងខ្លាំងទៅៗតាមពេលវេលា។ រោគសញ្ញាទូទៅដទៃទៀតនៃជំងឺពោះវៀនលូនចូលគ្នាលើក្មេងមានដូចជា៖
- លាមកលាយសម្បោរ និងលាយឈាម
- ក្អួតពណ៌ខៀវ ឬលឿង
- រាករូស
- មានដុំពោះនៅផ្នែកខាងស្ដាំ ពេលស្ទាប
- ស្លេកស្លាំង
- តឹងពោះ
- គ្មានកម្លាំងកំហែង។
មិនមែនក្មេងទាំងអស់ដែលកើតជំងឺពោះវៀនលូនចូលគ្នានេះ សុទ្ធតែចេញគ្រប់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះទេ។ ក្មេងខ្លះមិនបង្ហាញការឈឺចាប់ ជុះមកមិនមានលាយឈាម ឬគ្មានដុំពោះវៀនពេលស្ទាប រីឯក្មេងរាងធំបន្តិចខ្លះកើតជំងឺនេះ បង្ហាញការឈឺចាប់ តែមិនមានរោគសញ្ញាដទៃ។
គ្រោះថ្នាក់នៃជំងឺពោះវៀនលូនចូលគ្នា
ជំងឺពោះវៀនលូនចូលគ្នាអាចនាំឲ្យធ្លាយពោះវៀន ការឆ្លងមេរោគ និងការស្លាប់របស់ជាលិកាពោះវៀនបាន។ លើសពីនេះ ជំងឺនេះធ្វើឲ្យអាហារ ឬសារធាតុរាវមិនអាចឆ្លងកាត់ពោះវៀនបាន និងអាចផ្ដាច់ការផ្គត់ផ្គង់ឈាមទៅផ្នែកមួយនៃពោះវៀនដែលរងផលប៉ះពាល់ដែរ។
ពេលណាគួរជួបពេទ្យ?
ជំងឺពោះវៀនលូនចូលគ្នាទាមទារឲ្យការយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល ព្រោះវាជាបញ្ហាធ្ងន់ធ្ងរ ហេតុនេះហើយ បើម៉ាក់ប៉ាឃើញកូនបង្ហាញរោគសញ្ញាដូចខាងលើ ត្រូវនាំកូនទៅជួបពេទ្យឲ្យបានឆាប់។ ពិសេសបើចំពោះទារកដែលមានការឈឺពោះ ទាញជង្គង់របស់ពួកគេផ្អឹបនឹងដើមទ្រូង នៅពេលអាអូនយំ។
[embed-health-tool-vaccination-tool]