មានម៉ាក់ប៉ាមួយចំនួនប្រហែលជាមិនដឹងពីបញ្ហាជំងឺអង់ហ្ស៊ីម G6PD ថា ជាអ្វី ហើយមានរោគសញ្ញាយ៉ាងណានោះទេ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ នឹងពន្យល់ពីមូលហេតុដែលធ្វើឲ្យទារក និងកុមារកើតមានជំងឺអង់ហ្ស៊ីម G6PD ។ ជំងឺកង្វះអង់ហ្ស៊ីម G6PD លើទារក ឬកុមារ គឺជាជំងឺពីកំណើតមួយ ដោយឆ្លងពីឪពុក ឬម្ដាយ ឬទាំងឪពុក និងម្ដាយ ដែលកើតមានជំងឺនេះ ហើយវាកើតឡើងដោយសារតែការផ្លាស់ប្ដូរក្រូម៉ូសូម X ។ ក្មេងមួយចំនួនងាយនឹងប្រឈមជំងឺនេះខ្លាំងណាស់ ហើយវាបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាព និងការលូតលាស់របស់ក្មេងផងដែរ។
វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនោះបានបន្ថែមទៀតថា ជំងឺកង្វះអង់ហ្ស៊ីម កើតឡើងនៅពេលដែលកោសិការបស់ថ្លើម មិនផលិតអង់ហ្ស៊ីមនោះចេញមក ដើម្បីទៅជួយដល់ការរំលាយអាហាររបស់ក្មេង។ ជំងឺនេះអាចចេញរោគសញ្ញាទៅតាមវ័យ ដោយទារកទើបនឹងកើតមានលេចចេញពណ៌លឿងលើស្បែក ភ្នែក រាងកាយស្លេកស្លាំង ក្រោយពេលកើត២៤ម៉ោង ហើយក្របាត់ទៅវិញ។ តែដើម្បីកាន់តែច្បាស់ គឺត្រូវធ្វើតេស្តឈាម ដោយជោះកែងជើងពេលទើបនឹងកើត គឺយកឈាម ១-២ តំណក់ពីកែងជើងទារកទៅពិនិត្យ។ ការធ្វើតេស្តជួសកែងជើងមានប្រសិទ្ធភាពល្អ គឺធ្វើនៅចន្លោះទារកមានអាយុចាប់ពី ៤៨-៧២ ម៉ោង ក្រោយកើត។
ចំពោះក្មេងធំមានជំងឺខ្វះ G6PD វិញ លុះណាពិនិត្យឈាមទើបដឹង ព្រោះភាគច្រើនមិនបង្ហាញរោគសញ្ញាណាមួយទេ លើកលែងតែពួកគេប្រើប្រាស់ ថ្នាំ ឬញាំអាហារដែលបង្កឲ្យមានប្រតិកម្មណាមួយ។ រោគសញ្ញាជំងឺខ្វះ G6PD មានដូចជា៖
– ទឹកនោមពណ៌ក្រម៉ៅ
– កើតលឿង ឬលឿងស្បែក និងលឿងភ្នែក
– គ្រុនក្តៅ
– ស្លេកស្លាំង
– វិលមុខ
– អស់កម្លាំង
– បេះដូងលោតញាប់
– ដង្ហើមខ្លីៗ
– អណ្ដើករីកធំ
វេជ្ជបណ្ឌិត អ៊ុន យូ បានបន្តទៀតថា ការដែលទារកមានជំងឺកង្វះអង់ហ្ស៊ីមនេះ គឺដោយសារតែកោសិកាថ្លើមរបស់ក្មេង មិនផលិតអង់ហ្ស៊ីមទាំងនោះចេញមក ដើម្បីជួយរំលាយអាហារ។ ចំពោះក្មេងដែលកើតជំងឺនេះ គឺមិនអាចព្យាបាលបានទេ ហើយក៏មិនចាំបាច់ព្យាបាលដែរ ពីព្រោះជំងឺនេះ គឺជាជំងឺពីកំណើត។
ដូចនេះម៉ាក់ប៉ាត្រូវធ្វើតាមការណែនាំរបស់ពេទ្យឲ្យញ៉ាំអាហារ ឬប្រភេទថ្នាំមួយចំនួនឲ្យបានត្រឹមត្រូវ។ បើថែទាំកូនបានល្អ មិនឲ្យកូនញ៉ាំអាហារដែលពេទ្យហាមឃាត់ កូនដែលមានជំងឺកង្វះអង់ហ្ស៊ីម អាចលូតលាស់បានធម្មតា ទាំងកាយសម្បទា ទាំងបញ្ញា និងមានសុខភាពល្អដូចមនុស្សដែលគ្មានកើតជំងឺ។
[embed-health-tool-vaccination-tool]