ការបើកម៉ាស៊ីនត្រជាក់ដាក់ឲ្យកូនតូច ចំពោះផ្នត់គំនិតរបស់ម៉ាក់ៗខ្មែរយើងមិនសូវជាពេញនិយមប៉ុន្មានទេ ព្រោះគិតថាអាចបណ្ដាលឲ្យផ្ដាសាយបាន។ តើការយល់ឃើញនោះត្រឹមត្រូវកម្រិតណាទៅ?
ស្រាយចម្ងល់នេះវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ទារកតាំងពីកើតមកភ្លាម អាចដាក់ក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ទៅហើយ។ លោកបន្ថែមថា សីតុណ្ហភាពដែលសមល្មមសម្រាប់ទារក គឺមិនក្ដៅ និងមិនត្រជាក់ពេកឡើយ ហើយក៏មិនត្រូវរុំខ្លួនកូនជាមួយកន្សែងក្រាស់ៗដែរ នាំឲ្យក្មេងស្អុះស្អាប់ទៅវិញទេ។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបញ្ជាក់ទៀតថា ជាទូទៅក្មេងចាប់ពីកើតរហូតដល់អាយុ ៦ ខែ អាចរស់នៅសីតុណ្ហភាពចន្លោះពី ២០ ទៅ ២៣ អស្សាសេ។ តែបើថាការបើកម៉ាស៊ីនត្រជាក់នាំឲ្យផ្ដាសាយ នោះមកពីបើកនៅសីតុណ្ហភាពទាបបំផុត ហើយបើបើកកង្ហារដាក់ចុងជើងអាចមានកម្ទេចកម្ទីចូលទៅក្នុងច្រមុះ ងាយអាលែកហ្សី និងផ្ដាសាយ ហើយម៉ាស៊ីនត្រជាក់ទៀតសោតក៏ត្រូវលាងសម្អាតកុំឲ្យមានធូលីទុំ ព្រោះពេលបើកមក កូនដកដង្ហើមស្រូបយកជាតិកខ្វក់ចូលសួត។
លោកបន្តទៀតថា អ្នកនៅទីជនបទខ្លះនៅមានទម្លាប់ឲ្យម្ដាយអាំងភ្លើង ហើយកូននៅជិតនោះកូនទទួលរងសីតុណ្ហភាពក្ដៅងាយប្រឈមគ្រោះថ្នាក់ដល់កូន។ មួយវិញទៀតអ្នកខ្លះមិនឲ្យកូនត្រូវខ្យល់ ឬជាតិត្រជាក់អ្វីទាំងអស់ ថែមទាំងស្លៀកពាក់ជិតច្រើនជាន់ ពាក់មួក ស្រោមដៃ/ជើង ឲ្យហប់ជិតឈឹងតែម្ដង កូនទៅជាបែកញើសពេញខ្លួនមួរមៅ យំរករឿងទៅវិញ។
បើចង់ដឹងថាក្ដៅស្អុះពេក ឬត្រជាក់ត្រូវស្ទាបទៅចំណុច ៣ ដូចជាបាតដៃបាតជើង ក្រោមគុម្ពត្រចៀក បើសង្កេតឃើញកូនមានបែកញើស ឬក្រហមកន្លែងទាំងនោះបានន័យថាក្ដៅពេក។ តែបើឃើញបាតដៃបាតជើងកូនស្លេក មានន័យថាត្រជាក់ពេក។
ចំពោះប្រភេទសាច់កំណាត់សម្រាប់កូនស្លៀកពាក់ គួរតែជ្រើសរើសស្ដើងជាកំណាត់កប្បាស កុំប្រើប្រភេទនីឡុងឲ្យកូនអី ព្រោះនាំឲ្យកកិតស្បែក និងរមាស់ជាដើម។
[embed-health-tool-vaccination-tool]