ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ធម្មតា ទារកដែលកើតមកមានខ្លះសុខភាពល្អ ឯខ្លះទៀតប្រទះនឹងបញ្ហាសុខភាពតាំងតែពីកើតមកដូចជា មានបញ្ហាបេះដូងជាដើម។ តែបើកូនមានបញ្ហានេះ អាអូនអាចនឹងបញ្ហាសញ្ញា បែកញើស ដែលស្រដៀងនឹងអាការៈសាមញ្ញៗ ភាគច្រើនយើងមិនសូវចាប់អារម្មណ៍។
“ប្រសិនបើទារកមានបញ្ហាបេះដូងពីកំណើត មិនថាពេលអាអូនយំ បៅដោះម្ដាយ ឬគេងទេ គឺអាអូននឹងបែកញើស ព្រោះកូនត្រូវការប្រឹងនៅពេលធ្វើអ្វីមួយ”។ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីបារាំង រៀបរាប់។
ជាទូទៅ ការបែកញើសទៅលើទារកគឺជារឿងធម្មតាដែលម៉ាក់ប៉ាមិនចាំបាច់បារម្ភខ្លាំងទេ ប៉ុន្តែក្នុងករណីខ្លះ ការបែកញើសរបស់អាអូនអាចបញ្ជាក់បានថា កូនកំពុងមានជំងឺអ្វីមួយហើយ ជាពិសេសគឺជំងឺបេះដូងនេះតែម្ដង។ ចំពោះទារកដែលមានបញ្ហាជំងឺបេះដូង គឺអាអូនត្រូវប្រើកម្លាំងច្រើន ដែលបណ្ដាលឲ្យទៅជាបែកញើស។
ស្របគ្នានេះដែរ បើតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌល CDC អាមេរិកឲ្យដឹងថា រោគសញ្ញាជំងឺបេះដូងពីកំណើតលើទារក គឺអាស្រ័យទៅលើប្រភេទ និងភាពធ្ងន់ធ្ងររបស់ជំងឺ ព្រោះខ្លះវាចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា។ រីឯទារកខ្លះទៀតអាចមានរោគសញ្ញាដូច៖
– ក្រចក ឬបបូរមាត់ឡើងខៀវ
– ពិបាកដកដង្ហើម ឬដកដង្ហើមញាប់ៗ
– មានសភាពហត់ៗពេលកំពុងបៅ ធ្វើឲ្យបែកញើស
– ងងុយគេង ។ល។
ទាក់ទងនឹងការបែកញើសវិញ លោកស្រីបញ្ជាក់ថា ទារកធម្មតាក៏អាចបែកញើសច្រើនដែរ ហើយកត្តាដែលធ្វើឲ្យអាអូនបែកញើសក៏មានច្រើនដែលខ្លះគ្រាន់ជាការបែកញើសធម្មតា និងខ្លះជាសញ្ញារបស់ជំងឺអ្វីមួយ។
ប៉ុន្តែ បើយើងឃើញថា អាអូនស្លៀកពាក់ស្ដើង នៅក្នុងបន្ទប់ក៏ត្រជាក់ មិនក្ដៅ មិនហប់ខ្យល់ទេនោះ ម៉ាក់ប៉ាគួរនាំកូនឲ្យគ្រូពេទ្យជំនាញពិនិត្យ ពីព្រោះវាអាចជាសញ្ញាបេះដូងពីកំណើត ឬជំងឺអ្វីមួយផ្សេងទៀត។
[embed-health-tool-vaccination-tool]