ជំងឺបេះដូងពីកំណើត គឺជាបញ្ហារចនាសម្ព័ន្ធរបស់បេះដូងតាំងពីពេលកើតមកភ្លាម។ ជំងឺនេះអាចរាប់បានថា ជាបញ្ហាក្នុងចំណោមបញ្ហាជាច្រើនដែលប៉ះពាល់ទៅដល់បេះដូង។ ជំងឺពីកំណើតមួយនេះ បានសម្លាប់កុមារនៅឆ្នាំដំបូងនៃជីវិតរបស់ពួកគេ ច្រើនជាងជំងឺពីកំណើតផ្សេងៗទៀត។
ទោះបីជាជំងឺនេះជាជំងឺដែលធ្ងន់ធ្ងរក្ដី ក៏មានករណីជាច្រើនដែលអាចព្យាបាលបានដោយការវះកាត់។ ក្នុងករណីខ្លះគ្រូពេទ្យ មើលឃើញថាទារកនៅក្នុងផ្ទៃមានជំងឺនេះ តែរហូតដល់ពេលទារកនេះឈានដល់ពេញវ័យទើបចេញរោគសញ្ញា ឬមិនមានរោគសញ្ញាអ្វីទាំងអស់ក៏មាន។ ជំងឺប្រភេទនេះ អាចប៉ះពាល់មនុស្សគ្រប់វ័យមិនថាទារក មនុស្សពេញវ័យ ឬវ័យចំណាស់នោះទេ។
១. រោគសញ្ញាមានអ្វីខ្លះ?
ជាញឹកញាប់ គ្រូពេទ្យអាចរកឃើញជំងឺ នេះលើបេប៊ី អំឡុងពេលពិនិត្យផ្ទៃពោះដោយអេកូ។ បើឮសំឡេងចង្វាក់បេះដូងមិនធម្មតា គ្រូពេទ្យនឹងធ្វើតេស្តមួយចំនួនដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ហើយការធ្វើតេស្តមានដូចជា អេកូបេះដូង ថតកាំរស្មីអ៊ិចនៅទ្រូង ឬស្កែន (MRI)។ បើរោគវិនិច្ឆ័យបញ្ជាក់ច្បាស់ គ្រូពេទ្យនឹងណែនាំគ្រូពេទ្យឯកទេសណាមួយសម្រាប់យើងនៅថ្ងៃសម្រាលចូលមកដល់។
ករណីខ្លះ រោគសញ្ញាអាចមិនមាន រហូតដល់បេប៊ីសម្រាលរួច។ បេប៊ីទើបកើត មានជំងឺនេះ អាចមានរោគសញ្ញាដូចជា៖
– មិនមានដង្ហើម ឬហត់ (ពិបាកដកដង្ហើម)
– ពិបាកឲ្យបៅ
– ខ្វះទម្ងន់ក្រោយកើត
– ឈឺទ្រូង
– លូតលាស់យឺត
– មាត់ ស្បែក ម្រាមដៃ និងម្រាមជើង ឡើងពណ៌ស្វាយ។
ករណីផ្សេងទៀត រោគសញ្ញាមិនកើតឡើងទេរហូតដល់ប៉ុន្មានឆ្នាំក្រោយ ប៉ុន្តែពេលរោគសញ្ញាកើតឡើងមានដូចជា៖
– ចង្វាក់បេះដូងមិនប្រក្រតី
– វិលមុខ
– ពិបាកដកដង្ហើម
– សន្លប់
– ហើម
– អស់កម្លាំង និងរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់នៅខាងលើ។
អាចមានរោគសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ ប្រសិនបើប៉ាម៉ាក់មានការបារម្ភពីរោគសញ្ញាអ្វីមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ។ រាងកាយមនុស្សគ្រប់រូបមានសកម្មភាពខុសៗគ្នា វិធីល្អត្រូវពិភាក្សាជាមួយគ្រូពេទ្យពីស្ថានភាពជំងឺ។
២.តើអ្វីជាមូលហេតុបង្ក?
មូលហេតុបង្កជំងឺនេះ គឺបណ្តាលមកពីការវិវត្តលឿននៃទម្រង់បេះដូង។ ជារឿយៗភាពមិនប្រក្រតី ប៉ះពាល់លំហូរឈាមកាត់បេះដូង ប៉ះពាល់ការដកដង្ហើម។ មិនមានការស្រាវជ្រាវណាមួយបង្ហាញពីមូលហេតុពិតប្រាកដធ្វើឲ្យបេះដូងវិវត្តមិនប្រក្រតីនោះឡើយ។ យ៉ាងណា កត្តាប្រឈមខ្លះយើងគួរតែត្រូវប្រុងប្រយ័ត្ន។
៣.កត្តាប្រឈមមានអ្វីខ្លះ?
កត្តាប្រឈមជំងឺមានដូចជា៖
– ផឹកស្រា ប្រើប្រាស់គ្រឿងញឿនពេលមានផ្ទៃពោះ
– បេះដូងមិនប្រក្រតីធ្លាប់កើតមានលើសមាជិកគ្រួសារ
– ជាតិស្ករឡើងខ្ពស់ ដូចជា កើតជំងឺទឹកនោមផ្អែម អាចប៉ះពាល់ការវិវត្ដរបស់បេប៊ីដូចគ្នា
– ម្តាយឆ្លងវីរុសនៅត្រីមាសដំបូងអំឡុងពេលមានផ្ទៃពោះ អាចនាំឲ្យបេប៊ីមានជំងឺបេះដូងពីកំណើត
– បញ្ហាហ្សែន ឬក្រូម៉ូសូម កូនក្មេង ដូចជា Down Syndrome។
– លេបថ្នាំពេទ្យមួយចំនួន នៅពេលមានផ្ទៃពោះក៏អាចជាការប្រឈមខ្ពស់ដែរ។
៤.ទម្លាប់រស់នៅ
ការផ្លាស់ប្តូរទម្លាប់រស់នៅ មួយចំនួនអាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ចៀសវាងការផឹកស្រា និងប្រើថ្នាំញៀនអំឡុងពេលមានផ្ទៃពោះ
– បើយើងមានគម្រោងយកកូន ត្រូវពិភាក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធថ្នាំត្រូវលេប
– បើមិនទាន់ចាក់វ៉ាក់ស៊ាំងជំងឺកញ្រិ្ជល ជំងឺស្អូច ចៀសវាងនៅក្បែរកន្លែងប្រឈមជំងឺ និងសួរពេទ្យពីវិធីការពារ
– បើសមាជិកគ្រួសារ ធ្លាប់មានអ្នកកើតជំងឺបេះដូងពីកំណើត សុំគ្រូពេទ្យធ្វើតេស្តរកមើលជំងឺតំណពូជ ព្រោះកត្តាហ្សែនបណ្ដាលឲ្យបេះដូងវិវត្តមិនប្រក្រតីដូចគ្នា
– បើមានជំងឺទឹកនោមផ្អែម ត្រូវប្រាកថាកម្រិតជាតិស្ករ ទាបជាងកម្រិតមុនពេលមានផ្ទៃពោះ។ សំខាន់បំផុតមានការណែនាំពីគ្រូពេទ្យដើម្បីគ្រប់គ្រងជំងឺអំឡុងពេលមានផ្ទៃពោះ។
[embed-health-tool-vaccination-tool]