កូនអាយុប៉ុន្មានទើបអាចផឹកកាហ្វេបាន? ប៉ាម៉ាក់មួយចំនួនទំនងជាមានចម្ងល់លើរឿងនេះដែរហើយ។ បើនិយាយដល់កាហ្វេ អាចថាក្មេងខ្លះមិនបានញ៉ាំកាហ្វេមែន តែក្មេងទាំងនោះបានញ៉ាំជាតិកាហ្វេអ៊ីនតាមរយៈភេសជ្ជៈកំប៉ុង នំចំណីផ្សេងៗ និងស្ករគ្រាប់មានជាតិកាហ្វេអ៊ីនជាដើម។
១. ក្មេងអាយុប៉ុន្មានអាចផឹកកាហ្វេ?
អង្គការសុខភាពជាច្រើន រួមទាំងវិទ្យាស្ថានជំងឺកុមារអាមេរិក(American Academy of Pediatrics) ផង បានណែនាំថាក្មេងមានអាយុតិចជាង១២ឆ្នាំ មិនគួរផឹកកាហ្វេ ឬញ៉ាំអាហារមានផ្ទុកជាតិកាហ្វេអ៊ីននោះទេ។
សម្រាប់ក្មេងមានអាយុចាប់ពី១២ឆ្នាំឡើង ការញ៉ាំអាហារ ឬផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនមិនគួរលើសពី៨៥ទៅ១០០មិល្លីក្រាមក្នុងមួយថ្ងៃ។ បើគិតជាកាហ្វេឆុងស្រាប់មិនគួរលើសជាង២៣០មិល្លីលីត្រក្នុងមួយថ្ងៃ។
ថ្វីបើនៅសហរដ្ឋអាមេរិកបានណែនាំបែបនេះមែន នៅប្រទេសកាណាដា បានចេញជាគោលការណ៍មួយសម្រាប់កុមារក្នុងការញ៉ាំអាហារ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន។ ប៉ាម៉ាក់អាចពិនិត្យបរិមាណកាហ្វេអ៊ីនលើសម្បកកញ្ចប់អាហារ ឬកំប៉ុងភេសជ្ជៈនីមួយៗដើម្បីដឹងពីបរិមាណកាហ្វេអ៊ីមានក្នុងផលិតផលទាំងនោះ។
- ក្មេងអាយុ ៤-៦ឆ្នាំ ញ៉ាំអាហារ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនមិនលើសពី៤៥មិល្លីក្រាម
- ក្មេងអាយុ ៧-៩ឆ្នាំ ញ៉ាំអាហារ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនមិនលើសពី៦២,៥មិល្លីក្រាម
- ក្មេងអាយុ ១០-១២ឆ្នាំ ញ៉ាំអាហារ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនមិនលើសពី៨៥មិល្លីក្រាម
- ក្មេងវ័យជំទង់ ញ៉ាំអាហារ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនមិនលើសពី៨៥ទៅ១០០មិល្លីក្រាម។
២. កាហ្វេអ៊ីនប៉ះពាល់សុខភាពក្មេងៗបែបណា?
អាហារមានផ្ទុកជាតិកាហ្វេអ៊ីនអាចមានគ្រោះថ្នាក់សម្រាប់ក្មេងៗ ហើយការញ៉ាំច្រើនជារឿងគួរឲ្យបារម្ភ។ កាហ្វេអ៊ីនមានច្រើននៅក្នុងផលិតផលអាហារ និងភេសជ្ជៈ ដូចជាទឹកក្រូច កាហ្វេ តែ សូកូឡា ការ៉េម និងភេសជ្ជៈប៉ូវកម្លាំង។
ទោះបីជាការសិក្សាលើផលប៉ះពាល់របស់កាហ្វេអ៊ីនលើកុមារ តែគេបានដឹងថាវាអាចប៉ះពាល់ដល់ខួរក្បាល និងសរីរាង្គផ្សេងទៀត។ ការសិក្សាមួយចេញផ្សាយកាលឆ្នាំ ២០១៤ សិក្សាលើក្មេងញ៉ាំជាតិកាហ្វេអ៊ីនមានអាយុពី៨ទៅ៩ឆ្នាំ និងពី១៥ទី១៧ ឆ្នាំ។ ក្មេង និងក្មេងវ័យជំទង់ទាំងនោះបានទទួលផលរំខាន ដោយកាហ្វេអ៊ីនមានឥទ្ធិពលធ្វើឲ្យឡើងសម្ពាធឈាម និងពន្យឺតចង្វាក់បេះដូង។
ការញ៉ាំជាតិកាហ្វេអ៊ីនអាចបង្កជាផលរំខានមួយចំនួនដូចជាឡេះឡះ ញ័រ ឈឺពោះ បញ្ហាដំណេក និងពិបាកផ្ចង់អារម្មណ៍។ ផលរំខានធ្ងន់ធ្ងរអាចកើតឡើងបាន បើសិនជាញ៉ាំកាហ្វេអ៊ីនច្រើនជ្រុល។ ក្មេងដែលញ៉ាំជាតិកាហ្វេអ៊ីនច្រើនអាចជួបបញ្ហាចង្អោរ ក្អួត រាក ពិបាកគេង នោមញឹក និងចង្វាក់បេះដូងប្រែប្រួល។ ក្មេងខ្លះទៀតបើញ៉ាំជាតិកាហ្វេអ៊ីនច្រើនមែនទែនអាចឈានដល់ប្រកាច់ និងអាចគាំងបេះដូងជាដើម។
[embed-health-tool-vaccination-tool]