ស្រលាញ់កុំ តែកុំទម្រើសកូន ពិសេសរឿងឲ្យលេងទូរសព្ទ មុនចូលគេង! ខូចទាំងភ្នែក ខូចទាំងបញ្ហាស្មារតី! បើកូនពិបាករឿងចូលគេង ក៏ដោយសារតែទូរសព្ទដែរ។ មួយទៀត ទាន់អូនៗនៅតូច ណែនាំឲ្យហើយ ក៏ជាការល្អម្យ៉ាង។
ការស្រាវជ្រាវបង្ហាញថា ប្រើទូរសព្ទមុនពេលចូលគេង អាចបណ្ដាលឲ្យមានផលប៉ះពាល់មិនល្អជាច្រើន ដូចជា គេងមិនលក់ បញ្ហាពេលគេង និងប៉ះពាល់សុខភាពទូទៅ។
១- ផលប៉ះពាល់ការប្រើទូរសព្ទ មុនចូលគេង
អ្នកជំនាញបានសិក្សាលើបញ្ហានេះអស់ពេលជាច្រើនឆ្នាំមកហើយ ខណៈផ្អែកលើការសិក្សាមួយទៅលើក្មេងជំទង់ដែលចេញផ្សាយកាលពីឆ្នាំ២០១៧ បង្ហាញថា ក្នុងចំណោមក្មេងជំទង់ ៩០០នាក់ អាយុចន្លោះ ១២-១៥ ឆ្នាំ មាន ២០% ភ្ញាក់ពេលយប់ដើម្បីមើលសារ ឬព័ត៌លើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាហេតុនាំឲ្យមានអារម្មណ៍នឿយហត់ខ្លាំងជាងក្មេងៗគេងបានគ្រប់គ្រាន់ ដល់ទៅ ៣ ដង។ ការសំខាន់ គឺសមត្ថភាពទូទៅចុះខ្សោយជាងក្មេងដទៃទៅទៀត។
២- ហេតុផលក្មេងមិនឈប់លេងទូរសព្ទ មុនចូលគេង
មានការបង្ហាញជាក់លាក់មួយ គឺមនុស្សជាច្រើនមិនអាចឃ្លាតចេញពីទូរសព្ទឡើយ។ ជាហេតុ ពួកគេតែងយកវាដាក់ជាប់ក្បែរខ្លួន សូម្បីពេលចូលគេងក៏ដោយ ព្រោះក្មេងៗជំទង់គិតថា ពេលដាក់ទូរសព្ទជាប់ខ្លួនធ្វើឲ្យអារម្មណ៍គេស្ងប់ ផ្ទុយទៅវិញបើគ្មានទូរសព្ទក្បែរខ្លួន នឹងធ្វើឲ្យមានអារម្មណ៍នៅមិនសុខ ដូចបាត់អ្វីម្យ៉ាងក្នុងខ្លួន។
៣- យើងជាប៉ាម៉ាក់ត្រូវធ្វើយ៉ាងម៉េច?
ចង់មិនចង់ ក៏ត្រូវធ្វើអ្វីខ្លះដើម្បីឲ្យកូនៗបានល្អដែរ ពិសេសពាក់ព័ន្ធសុខភាពកូនៗតែម្តង ហេតុនេះយើងគួរ៖
– ប្រាប់ផលប៉ះពាល់ពីទូរសព្ទដល់កូន៖ គួរនិយាយជាមួយអាអូន មីអូន ជាមុនសិន មុនហាមពួកគេឲ្យកុំឲ្យប្រើទូរសព្ទ។ ដំបូង អាចពន្យល់ពីផលវិបាកនៃការប្រើទូរសព្ទឲ្យបានច្រើនទៅកូន ធ្វើឲ្យពួកគេយល់ បន្ទាប់មកគួរដឹងពីមូលហេតុម៉េចបានជាអាអូន មីអូន ចូលចិត្ដប្រើទូរសព្ទជាប់ខ្លួនដូចគ្នា ព្រោះថាពេលខ្លះ អាចមានមូលហេតុជាក់ច្បាស់ណាមួយ ធ្វើឲ្យញៀនជាមួយទូរសព្ទ។ ជាក់ស្ដែង មូលហេតុទាំងនោះ អាចមកពីកូនៗស្មុគ្រស្មាញ ឬមានបញ្ហាវិបត្តិអ្វីមួយ ត្រូវប្រើទូរសព្ទដើម្បីបន្ធូរអារម្មណ៍។ សរុបមក គួរពិភាក្សាជាមួយពួកគេជាមុន មុនសម្រេចចិត្តអ្វីមួយ ព្រោះអាចជួយឲ្យកូនយើងគោរពយើង យកយើងធ្វើជាគំរូពួកគេទៅថ្ងៃមុខ។
– បង្កើតទម្លាប់ចូលគេង៖ បង្កើតទម្លាប់ចូលគេង មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ក្មេងៗនោះទេ ក៏សំខាន់ដល់មនុស្សពេញវ័យដូចគ្នា។ ប៉ាម៉ាក់ អាចណែនាំឲ្យអាអូន មីអូន ធ្វើអ្វីល្អៗមុនគេង ដូចជា ងូតទឹក អាន សរសេរអក្សរ ឬកត់ត្រាសកម្មភាពប្រចាំថ្ងៃជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]