ជំនឿរបស់ចាស់ៗសម័យមុន គឺឲ្យតែទារកទើបនឹងកើត ត្រូវច្របាច់ក្បាលដោះកូនឲ្យចេញគ្រាប់ ចៀសវាងពេលធំទៅដោះប្រែជាធំរយីករយាក ឬកើតជំងឺផ្សេងៗនៅកន្លែងនោះ ហើយមិនថាជាកូនប្រុស ឬស្រីឡើយឲ្យតែកើតមក ត្រូវធ្វើបែបនេះភ្លាម។
ទង្វើធ្វើបែបនេះ គ្រូពេទ្យថាជារឿងមិនត្រឹមត្រូវទេ ព្រោះអាចធ្វើឲ្យទារកមានឆ្លងមេរោគ និងបង្កទៅជាដំបៅធ្ងន់ធ្ងរបាននិងឈានរហូតដល់វះកាត់ជាដើម។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ម៉ាក់ប៉ាទាំងអស់គួរតែបោះចោលទម្លាប់ចាស់បុរាណនោះទៅ ព្រោះពេលកូនឆ្លងរោគហើយអាចបង្កទៅជាដំបៅក្លាយរោគនិងខ្ទុះបាន។ លោកក៏បានបន្តទៀតថា ការច្របាច់ក្បាលដោះកូន ប្រៀបដូចជានាំមេរោគឲ្យកូនដែរដោយសារមានការដាច់រលាត់ស្បែក ព្រោះបើដៃមិនស្អាត មេរោគនឹងជ្រៀតចូលទៅភ្លាម ហើយបើទោះជាដៃលាងសម្អាត ក៏មេរោគអាចចូលតាមធូលី ខ្យល់ ឬសម្លៀកបំពាក់កូនកកិតប៉ះចុះឡើងនៅកន្លែងនោះ។
នៅពេលក្បាលដោះកូនឆ្លងមេរោគ វាមានរោគសញ្ញាដូចជា ហើម ឡើងក្រហម មានខ្ទុះ និងក្ដៅខ្លួនជាដើម ដូចនេះប្រសិនបើឃើញកូនមានដោះធំ មិនចាំបាច់ទៅភ័យព្រួយអ្វីឡើយ។ ជាធម្មតាកូនដែលថ្លោស ដោះក៏ធំដែរ ព្រោះតែមានសាច់ច្រើន។
ជាចុងក្រោយលោកវេជ្ជបណ្ឌិតក៏បានផ្ដល់ដំបូន្មានថា សម្រាប់អ្នកដែលមានកូន ហើយធ្លាប់ច្របាច់ក៏មិនបាច់ភ័យខ្លាចថាពេលធំទៅកូនអាចកើតជំងឺផ្សេងនៅដោះដែរ ព្រោះក្រោយព្យាបាលជា វាមិនអាចមានរហូតដល់ធំទេ។
អត្ថបទពាក់ព័ន្ធ៖កំហុសឆ្គង ៣ យ៉ាងធ្វើឲ្យកូនឈឺញឹក តែម៉ាក់ប៉ាមិនសូវចាប់អារម្មណ៍
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]