ដុំគីស អាចព្យាបាលជាសះស្បើយ ប្រសិនបើវាជាប្រភេទដុំសាច់ស្លូត និងអាចពិនិត្យឃើញតាំងពីដំណាក់កាលដំបូង តែបើជាដុំសាច់កាច ក្លាយជាមហារីកវិញ មិនអាចព្យាបាលឲ្យជាសះស្បើយទេ។ ជាសំណាងល្អ ក្មេងស្រីវៀតណាម អាយុ ១៤ឆ្នាំម្នាក់ ត្រូវពេទ្យវះកាត់យកដុំគីស ទម្ងន់ ៣,៥គីឡូក្រាម ចេញពីក្រពេញអូវែ បានដោយសុវត្ថិភាព។
ពេលនេះ ក្មេងស្រី ដែលរស់នៅក្នុងស្រុក Trang Bom ខេត្ត Dong Nai នៅភាគខាងត្បូង ប្រទេសវៀណាម មានសភាពធូរស្រាលហើយ និងគ្រោងចេញពីមន្ទីរពេទ្យនៅសប្ដាហ៍ក្រោយ។
ដំបូងឡើយ ក្មេងស្រីនេះ មានអាការៈហើមពោះ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅដើមសប្ដាហ៍នេះ។ ក្រោយពេទ្យ ពិនិត្យអេកូ និងឆ្លុះ CT Scan ពេទ្យរកឃើញថា មានដុំគីសក្រពេញអូវែ។ មុនឈានដល់ការវះកាត់ ពេទ្យក៏បានធ្វើតេស្តពិនិត្យជំងឺមហារីកផងដែរ។
វេជ្ជបណ្ឌិត Bui Dinh Ha បម្រើការងារនៅនាយកដ្ឋានវះកាត់ទូទៅ នៅមន្ទីរពេទ្យកុមារ បញ្ជាក់ថា ជាធម្មតា ពេទ្យវះកាត់ដោយចោះ (Laparoscopic Surgery) សម្រាប់ករណីដុំគីសក្រពេញអូវែ។ ប៉ុន្ដែដោយសារដុំគីស មានទំហំធំ ពេទ្យបានវះកាត់បើកចំហ (Open Surgery) ដើម្បីងាយស្រួលយកដុំគីសចេញ។ ពេទ្យបញ្ជាក់ថា ក្មេងស្រីនេះ អាចមានកូនបាន នៅពេលខាងមុខ ដោយសារដុំគីស ជាដុំសាច់ស្លូត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]