តម្រូវការរបស់កូនមានច្រើនយ៉ាង ហើយប្រែប្រួលទៅតាមអាយុរបស់ពួកគេ។ ពេលកើតមកភ្លាម ទោះបីជាគេមិនអាចនិយាយស្តីបង្ហាញឲ្យយើងជាម៉ាក់ប៉ាដឹងថា គេត្រូវការអ្វីពីយើងក៏ពិតមែន តែគេមិនមែនមានន័យថា គេមិនត្រូវការអ្វីពីយើងនោះទេ។
លោក Christopher Lee ស្ថានិកអង្គការ HEDC អន្តរជាតិ បានអះអាងថា ពេលកើតភ្លាម រហូតដល់អាយុ ២ឆ្នាំ ក្មេងត្រូវការភាពកក់ក្តៅ ភាពជិតស្និទ្ធពីម៉ាក់ប៉ា ចង់ឲ្យយើងបីបម និងការពារគេគ្រប់ពេល ដូច្នេះហើយយើងជាឪពុកម្តាយត្រូវតែផ្តល់នូវក្តីស្រលាញ់ និងភាពកក់ក្តៅទៅឲ្យកូនឲ្យបានច្រើនបំផុត បើយើងបានបានឱប ថើប បីបម គេកាន់តែច្រើន នោះគេមានអារម្មណ៍កាន់តែល្អ។
លោកថាបន្ត មានពិសោធមួយអ្នកវិទ្យាសាស្ត្របានធ្វើលើសត្វកណ្តុរ២ក្រុម កណ្តុរក្រុមទី១ មានម្តាយតែងតែលិទ្ធសម្អាតកូន ឃុំគ្រង នៅជិតស្និទ្ធជាមួយកូនជានិច្ច ចំណែកឯកណ្តុរក្រុមទី២ ម្តាយគ្រាន់តែបំបៅដោះកូនរួច ក៏ទៅបាត់ទៅ មិនបាននៅឃុំគ្រងកូនជាប់នោះទេ។ជាលទ្ធផលពេលកូនកណ្តុរធំ ទាំង២ក្រុម គឺមានអាកប្បករិយាខុសគ្នាដាច់ ដោយកូនកណ្តុរក្រុមទី១ ដែលមានម្តាយនៅជិតស្និទ្ធជាមួយច្រើន ជាកណ្តុរដែលឆ្លាតជាង អាចដោះស្រាយបញ្ហាយ៉ាងលឿន ថែមទាំងក្លាហានទៀត។ ចំណែកឯកណ្តុរដែលម្តាយមិនបានយកចិត្តទុកដាក់នោះ ងាយនឹងភ័យខ្លាច ពេលមានបញ្ហាកើតឡើង មិនអាចដោះស្រាយអ្វីបានឡើយ។
ដូចគ្នានឹងមនុស្សយើងដែរ លោក Christopher Leeថា កូនៗដែលមានម៉ាក់ប៉ាយកចិត្តទុកដាក់ដិតដល់ គឺឆ្លាត មានសុខភាពល្អ រឹងមាំ ចូលចុះជាមួយសង្គម ជាងក្មេងដែលម៉ាក់ប៉ាមិនសូវជិតស្និទ្ធជាមួយ។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ប៉ាគួរផ្ដល់ឱកាសឲ្យកូនសម្រេចចិត្តរឿង ៤ យ៉ាងតាំងពីក្មេង
- ចង់ឲ្យកូនប្រើខួរក្បាលទាំងសងខាង ក្លាយជាក្មេងឆ្លាត កុំឲ្យកូនរៀនតែលេខអក្សរឲ្យសោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]