ម៉ាក់ប៉ាគ្រប់រូបតែងទទួលស្គាល់ពីការលំបាកក្នុងការចិញ្ចឹមបីបាច់កូនឲ្យបានល្អ មានសុខភាពរឹងមាំ ចៀសផុតពីជំងឺផ្សេង។ ដើម្បីជាជំនួយក្នុងការចិញ្ចឹមកូន លោកវេជ្ជបណ្ឌិត អ៊ុន យូ មប្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ផ្នែកខាងប្រដាប់រំលាយអាហារ បានចែករំលែកគន្លឹះមួយចំនួនខាងក្រោមនេះ។
១. ឲ្យកូនញ៉ាំអាហារសម្បូរជីវជាតិ
របបអាហារសំខាន់បំផុតសម្រាប់សាងសង់រាងកាយផ្នែកកាយសម្បទា និងបញ្ញាស្មារតី ដូចនេះម៉ាក់ប៉ាចាំបាច់ត្រូវផ្តល់អាហារឲ្យបានគ្រប់មុខ និងមានតុល្យភាពរៀងរាល់ថ្ងៃ មិនមែនឲ្យកូនញ៉ាំឲ្យតែឆ្អែតនោះទេ។
២. ឲ្យកូនញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីន
អាហារដែលសម្បូរប្រូតេអ៊ីន មានដូចជា ត្រី សាច់ ស៊ុត សណ្តែក ម៉ាក់ៗហោចណាស់ឲ្យកូនញ៉ាំ ២-៣ដង/ថ្ងៃ។ អាហារសម្បូរប្រូតេអ៊ីនជួយឲ្យរាងកាយលូតលាស់ ទ្រទ្រង់ ថែរក្សា ជួសជុលជាលិការបស់រាងកាយ និងជួយបង្កើតសាច់ដុំ ឈាម និងឆ្អឹង។
៣. ឲ្យកូនញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
កូនញ៉ាំតែសាច់ពេកមិនល្អនោះទេ ម៉ាក់ៗត្រូវឲ្យកូនញ៉ាំបន្លែ និងផ្លែឈើឲ្យច្រើន ចៀសវាងឲ្យញ៉ាំពពួកភេសជ្ជៈកំប៉ុងផ្អែមៗ។ បន្លែ ជាប្រភពវីតាមីន ជាតិរ៉ែ និងជាតិសរសៃល្អបំផុត ជួយសម្រួលការរំលាយអាហារ ការពារកុមារពីជំងឺផ្សេងៗ ចំណែកផ្លែឈើជាប្រភពវីតាមីន ជួយពង្រឹងប្រព័ន្ធភាពស៊ាំ សម្រួលការលូតលាស់ និងជួយឲ្យកោសិកា ក៏ដូចជាសរីរាង្គដំណើរការបានល្អ។
៤. ឲ្យកូនញ៉ាំអាហារសម្បូរជាតិកាល់ស្យ៉ូម
កាល់ស្យូមធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ វាសម្បូរនៅក្នុងកូនត្រីតូចៗ ទឹកដោះគោ យ៉ាអួរ និងផលិតផលពីទឹកដោះគោ។
៥. កាត់បន្ថយអាហារដែលមានជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើន
អាហារដែលមានជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើនពេក ពិសេសពពួកអាហារ Fast food កុំឲ្យកូនញ៉ាំអីល្អជាង ព្រោះវាធ្វើឲ្យកូនធាត់ ញ៉ាំទៅឈឺបំពង់កជាដើម។
៦. វាស់កម្ពស់ និងថ្លឹងទម្ងន់កូនឲ្យបានទៀងទាត់
ដើម្បីដឹងថាកូនលូតលាស់ត្រូវតាមស្តង់ដារ ឬអត់ ម៉ាក់ប៉ាចាំបាច់ត្រូវតែវាស់កម្ពស់ និងថ្លឹងទម្ងន់ឲ្យបានទៀងទាត់ បើឃើញទម្ងន់កូនមិនឡើង ឬឡើងគីឡូខ្លាំងពេក ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]