ជាធម្មតាឪពុកម្តាយភាគច្រើនគិតតែខំប្រឹងរកលុយមួយមុខ ដើម្បីចែកទ្រព្យសម្បតិ្តឲ្យកូន មាន ដី ផ្ទះ ឡាន វីឡា គ្រឿងអលង្ការ លុយកាក់ ជាដើម តែនោះគ្រាន់ជារបស់ក្រៅខ្លួនប៉ុណ្ណោះ តែបើយើងបន្ថែមរបស់២យ៉ាងខាងក្រោមនេះ ពិតជាវិសេសវិសាលបំផុតសម្រាប់កូន។ នេះបើតាមការលើកឡើងរបស់លោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា កម្ពុជា។
សាងភាពវៃឆ្លាតឲ្យកូនជាកេរមតកមើលមិនឃើញ ដូចទ្រព្យសម្បិត្តនោះទេ តែវាមានតម្លៃបំផុតសម្រាប់កូនៗយើង ដូចទស្សនៈរបស់អ្នកប្រាជ្ញ ខុងជឺ បានលើកឡើងថា មានតែអប់រំក្មេងទេ ដែលអាចទទួលបានផលយូរអង្វែង។ តើយើងត្រូវសាងភាពវៃឆ្លាតឲ្យកូនពេលណា? ចម្លើយគឺចាប់តាំងពីកូនយើងចាប់កំណើតក្នុងផ្ទៃមកម្ល៉េះដោយម៉ាក់ប៉ាត្រូវធ្វើយ៉ាងណាឲ្យគេលូតលាស់ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។ ការសិក្សាបញ្ជាក់ថាខួរក្បាលកូនវិវត្តតាំងនៅក្នុងផ្ទៃម្តាយមកម្ល៉េះ គឺពី០ ឆ្នាំដល់អាយុ៦ឆ្នាំ ខួរក្បាលក្មេងលូតលាស់ខ្លាំង គឺទាញស្រូបយកអ្វីៗបានលឿនបំផុត ដែលពេលវេលានេះកូននៅកៀតកិតនឹងម៉ាក់ប៉ាបំផុត ចាប់ពី៦ឆ្នាំឡើងទៅសមត្ថភាពខួរក្បាលក្មេង ចាប់ផ្តើមថយចុះ គឺលូតលាស់តិចតួច ដូចនឹងមនុស្សធំដែរ។
ការសាងភាពវៃឆ្លាតក្នុងន័យនេះ មិនមែនបញ្ជូនកូនទៅសាលា ចាត់ទុកថាគ្រប់គ្រាន់នេះទេ តួនាទីរបស់ឪពុកម្តាយ គឺត្រូវនៅជួយជំរុញកូនបន្ថែមទៀត កុំពឹងផ្អែកលើសាលារៀនទាំងស្រុង។
ម៉ាក់ប៉ាណាក៏ស្រលាញ់កូនដែរ តែយើងត្រូវប្រាកដថា កូនទទួលបានក្តីស្រលាញ់ពីយើងគ្រប់គ្រាន់ ហើយជាក្តីស្រលាញ់ពិតប្រាកដ មិនមែនជាក្តីស្រលាញ់ដែលចេញតាមរយៈពាក្យសម្តីមួយមុខនោះទេ។ បើសិនជាកូនទទួលបានក្តីស្រលាញ់គ្រប់គ្រាន់ពីម៉ាក់ប៉ា នោះយើងមិនចាំបាច់បារម្ភថា ធំឡើងគេក្លាយជាក្មេងខូច ដើរផ្លូវខុសនោះនោះទេ គេជាក្មេងស្រួលចិញ្ចឹម ធំឡើងនឹងចេះស្រលាញ់បងប្អូន ក្រុមគ្រួសារ អ្នកដទៃ ងាយចុះសម្រុងក្នុងសង្គម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕