មានពាក្យស្លោកមួយនិយាយថា “ភ្នែកគឺជាបង្អួចនៃវិញ្ញាណ”។ បានន័យថាភ្នែកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។ ដូចនេះយើងត្រូវការពារភ្នែករបស់យើង ចាប់តាំងពីក្មេងមក។ សំណួរសួរថា តើប៉ាម៉ាក់អាចការពារភ្នែករបស់កូនៗកុំឲ្យមានបញ្ហាបានតាមរបៀបណា? តោះមកស្ដាប់ការណែនាំអំពីវីធីការពារភ្នែកក្មេងៗជាមួយ “Hello គ្រូពេទ្យ” ទាំងអស់គ្នា។
១- បង្រៀនឲ្យក្មេងស៊ាំភ្នែកជាមួយទម្លាប់ល្អៗប្រចាំថ្ងៃ
ដោយសារកូនៗរបស់យើងនៅក្មេង ដូចនេះងាយចាប់យកកាយវិការល្អៗប្រចាំថ្ងៃបានយ៉ាងលឿន។ យើងអាច៖
- ឲ្យកូនអានសៀវភៅ ឬរៀនដោយដាក់សៀវភៅឲ្យឆ្ងាយពីភ្នែកយ៉ាងតិច ៣០សង់ទីម៉ែត្រ។ ពេលក្មេងងោកក្បាលជិតសៀវភៅខ្លាំងពេក អាចបណ្ដាលឲ្យមានរឿងមិនល្អកើតឡើងជាច្រើន។ កូនរបស់យើងអាចមានបញ្ហាមីញ៉ូបភ្នែក ឬមានបញ្ហាជំងឺឆ្អឹងសន្លាក់ និងអាចមានដងខ្លួនមិនត្រង់ជាដើម។
- កំណត់រយៈពេលប្រើប្រាស់ទូរសព្ទ កុំព្យូទ័រ និងទូរទស្សន៍។ ជារៀងរាល់ថ្ងៃ យើងគួរតែឲ្យកូនៗលេងហ្គេមច្រើនបំផុតត្រឹម មួយម៉ោង ឬមួយម៉ោងកន្លះបានហើយ។ ពេលគេប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច យើងត្រូវជួយតម្រង់ក្បាលរបស់ពួកកូន ដោយដាក់ឲ្យឆ្ងាយពីអេក្រង់។
- ត្រូវទុកឲ្យភ្នែកបានសម្រាកក្រោយពេលខំសម្លឹងអេក្រង់អស់រយៈពេល ១ម៉ោង។
- ជំរុញឲ្យកូនៗចេញលេងក្រៅផ្ទះខ្លះ។ ពេលគេចេញលេងខាងក្រៅ កូននឹងភ្លេចគិតរឿងចុចទូរសព្ទ ឬមើលទូរទស្សន៍ ហើយថែមទាំងជួយឲ្យក្មេងៗ រៀនសម្លឹងមើលទៅឆ្ងាយ និងមើលឃើញច្បាស់។
២- ធ្វើម្ហូបជំនួយសុខភាពភ្នែកឲ្យកូនៗញ៉ាំ
ដើម្បីការពារ និងគ្រប់គ្រងបញ្ហាភ្នែកមីញ៉ូប ប៉ាម៉ាក់ត្រូវឲ្យកូនៗញ៉ាំអាហារមានសារធាតុបំប៉នគ្រប់គ្រាន់ មានដូចជា៖
- ប្រភេទអាហារមានផ្ទុក វីតាមីន A៖ ប៉េងប៉ោះ ការ៉ុត ខ្នុរ ផ្នែកលឿងក្នុងស៊ុត
- ប្រភេទអាហារការ៉ូតែន៖ ស្ពៃក្ដោប គ្រាប់សណ្ដែកខៀវ ដំឡូង
- ប្រភេទអាហារក្រូម៖ សាច់គោ ថ្លើមសត្វ គ្រាប់សណ្ដែក ផ្សិត
- ប្រភេទអាហារមានកាល់ស្យូម៖ បង្គារ ត្រីសមុទ្រ ទឹកដោះគោ ស៊ុត
៣- គ្រប់គ្រងស្រ្តេស
ស្ត្រេសគឺជាមូលហេតុចម្បងមួយធ្វើឲ្យរោយភ្នែក។ សព្វថ្ងៃ ដោយសាររៀនច្រើនពេក អាចធ្វើឲ្យក្មេងមានអារម្មណ៍តានតឹង។ នេះជាមូលហេតុធ្វើឲ្យសរសៃប្រសាទទាំងអស់ប្រឹងធ្វើការក្រោមសម្ពាធ។ ក្រោយមកទៀតសរសៃប្រសាទអាចនឹងមានរបួស ដែលវាក៏ប៉ះពាល់ដល់របបគំហើញរបស់ក្មេងបាន។
៤- រក្សាអនាម័យភ្នែក
ដើម្បីឲ្យកូនៗសម្អាតភ្នែករបស់ខ្លួន យើងណែនាំឲ្យធ្វើតាមវិធីដូចខាងក្រោម៖
- ពាក់វ៉ែនតាការពារពន្លឺថ្ងៃជាប្រចាំ រាល់ពេលចេញក្រៅម្ដង។ វ៉ែនតាជួយការពារភ្នែកគាត់ពីធូលីដី កាំរស្មី UV និងខ្យល់មិនល្អ។
- ប្រើកន្សែងស្អាតមកសម្អាតមុខ មិនត្រូវប្រើកន្សែងរួមគ្នាជាមួយអ្នកដទៃឡើយ។
- មិនត្រូវឲ្យកូនៗយកដៃមកញីភ្នែក ដោយសារដៃរបស់កូនគឺមានបាក់តេរីជាច្រើន។ ដូចនេះអាចធ្វើឲ្យរលាកភ្នែកបាន។
- ប្រើថ្នាំ collyrium ឲ្យបានញឹកញាប់។ ពេលកូនៗមានអារម្មណ៍រមាស់ភ្នែក យើងត្រូវឲ្យកូនប្រើទឹកសម្អាតភ្នែក មិនគួរឲ្យកូណយកដៃទៅញីភ្នែកឡើយ។ សម្រាប់ការប្រើប្រាស់ថ្នាំ collyrium យើងគួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។
- ត្រូវប្រញ៉ាប់យកកូនទៅជួបគ្រូពេទ្យ ប្រសិនបើភ្នែករបស់កូនមានអ្វីកើតឡើងមិនល្អ។
[embed-health-tool-vaccination-tool]