ជាតិដែកមាននាទីចាំបាច់ ការដឹកអុកស៊ីសែន និងកាបូនឌីអុកស៊ីត និងសកម្មភាពសំខាន់ៗផ្សេងទៀតក្នុងរាងកាយ។ កង្វះជាតិដែកលើទារក ឬកុមារ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការលូតលាស់ផ្នែកបញ្ញាស្មារតី និងរាងកាយ។
តើត្រូវធ្វើបែបណា ដើម្បីប្រាកដថា កូនយើងទទួលបានជាតិដែកគ្រប់គ្រាន់? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ក្មេងដែលខ្វះជាតិដែក ម៉ាក់ប៉ាអាចដឹងបានតាមរយៈការសម្គាល់ទៅលើភាពស្លេកស្លាំង ឧស្សាហ៍បែកញើសស្អិត ឬក៏ត្រជាក់ចុងដៃចុងជើង អស់កម្លាំង ជាដើម។
ដើម្បីប្រាកដថា កូនទទួលបានជាតិដែកគ្រប់គ្រាន់ លោកវេជ្ជបណ្ឌិតណែនាំឲ្យស្ត្រីក្រោយសម្រាលទាំងអស់ ត្រូវតែបំបៅកូនដោយទឹកដោះម្តាយ យ៉ាងហោចណាស់ឲ្យបាន៦ខែ។ ក្នុងករណីស្ត្រីជាម្តាយត្រូវចេញទៅធ្វើការឆ្ងាយពីកូន អាចច្របាច់ទឹកដោះទុកឲ្យកូនម៉ឹម ដោយទឹកដោះម្តាយ អាចទុកក្នុងបរិយាកាសធម្មតា បានរហូតដល់ ៨ម៉ោងឯណោះ។
ចំពោះកូនអាយុចាប់ពី ៦ខែឡើងទៅ លោកវេជ្ជបណ្ឌិតថា ម៉ាក់ប៉ាអាចបន្ថែមជាតិដែកតាមរយៈចំណីអាហារបាន ដោយចាប់ផ្តើមពីបបរខាប់គ្រប់គ្រឿង ហើយអាហារដែលសម្បូរជាតិដែក រួមមានពពួកសាច់ក្រហម និងបន្លែបៃតង។
ខាងក្រោមនេះជាបរិមាណជាតិដែក ដែលទារក និងកុមារត្រូវការទៅតាមវ័យ ណែនាំដោយអង្គការសុខភាពពិភពលោក (WHO) ។
– ទារក អាយុ ៦-២៣ ខែ ត្រូវការជាតិដែកសរុប ១០-១២,៥ មិល្លីក្រាម/ថ្ងៃ។
– ក្មេងអាយុ ២៤-៤៥ ខែ ត្រូវការជាតិដែក ៣០ មិល្លីក្រាម/ថ្ងៃ ។
– ក្មេងអាយុ ៥-១២ ឆ្នាំ ត្រូវការជាតិដែក ៣០-៦០ មិល្លីក្រាម/ថ្ងៃ។
[embed-health-tool-vaccination-tool]