ម៉ាក់ប៉ាណាដែលមិនចង់ឲ្យកូនលូតលាស់បានល្អនោះ ឲ្យតែឃើញកូនញ៉ាំបានដឹងតែថាគិតថាកូនមានសុខភាពល្អណាស់។ មានម៉ាក់ប៉ាខ្លះ ឃើញកូនចូលចិត្តញ៉ាំសាច់អ៊ីចឹង បណ្ដោយកូនឲ្យញ៉ាំតែសាច់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនគិតថា វាមិនល្អដល់សុខភាពអាអូនយ៉ាងម៉េចខ្លះទេ។
ចំពោះការឲ្យកូនញ៉ាំបែបនេះ លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបកស្រាយឲ្យដឹងថា កាលដែលម៉ាក់ប៉ាទម្លាប់ឲ្យកូនញ៉ាំតែបាយ និងសាច់រាល់ថ្ងៃ ជារបបអាហារមួយមិនត្រឹមត្រូវទេ។ បើម៉ាក់ប៉ាឃើញកូនចូលចិត្តញ៉ាំតែសាច់ មិនព្រមដាក់បន្លែ ឬផ្លែឈើអីចូលពោះសោះ មិនគួរបណ្ដោយតាមកូន ឲ្យកូនញ៉ាំតែសាច់រៀងរាល់ថ្ងៃនោះទេ។ ក្នុងករណី កូនក្មេងតូចៗដែលញ៉ាំតែញ៉ាំសាច់ មិនព្រមញ៉ាំបន្លែអាចបង្កទៅជាហានិភ័យសុខភាពដូចជា៖
– កើតជំងឺធាត់
– លើសជាតិខ្លាញ់
– លើសជាតិប្រូតេអ៊ីន
– កើតជំងឺបេះដូង
– ទល់លាមក។ល។
លោកជំទាវបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃ ម៉ាក់ប៉ាគួរផ្លាស់ប្ដូរ អាហារកូនឲ្យបានជម្រុះមុខ។ “ឧទាហរណ៍ថាថ្ងៃនេះ ឲ្យកូនញ៉ាំបន្លែការ៉ុត ឬស្ពៃ ស្អែកដាក់បន្លែផ្សេងឲ្យកូន ឬសាច់ត្រី សាច់គោអីឲ្យកូនទៅ មិនត្រូវឲ្យកូនញ៉ាំតែសាច់ដដែលៗរាល់ថ្ងៃពេក។”
ដូចនេះ ម៉ាក់ប៉ាត្រូវចេះលួចបញ្ចូលបន្លែ ផ្លែឈើទៅក្នុងរបបអាហាររបស់កូនខ្លះ ហើយមិនត្រូវបង្ខំកូនឲ្យញ៉ាំទេ គឺត្រូវចេះតិចនិកបញ្ចុកបាយកូនមាន ការលួងលោម និយាយផ្អែមដាក់កូន ឬអាចហៅបានថា សិល្បៈនៃការបញ្ចុកអាហារកូន។ នៅពេលដែលបញ្ចុកបាយ ម៉ាក់ប៉ាអាចនាំកូនលេងនេះនោះ ធ្វើអ្វីដែលក្មេងចូលចិត្ត បន្លំៗបញ្ចុកបាយកូន ធ្វើបែបនេះយូរទៅៗ កូននឹងទម្លាប់ញ៉ាំអាហារគ្រប់មុខហើយ។
[embed-health-tool-vaccination-tool]