បើនិយាយពីចំណីអាហារដែលក្មេងជំទង់និយមចូលចិត្ត គ្មានអ្វីក្រៅពពួក Fast food មាន ភីហ្សា បឺហ្គើរ ដំឡូងបារាំងបំពង មាន់បំពង អាហារកញ្ចប់ រួមជាមួយភេសជ្ជៈកំប៉ុងផ្អែមៗនោះឡើយ។
ជំទង់ជាវ័យដែលត្រូវសកម្មនឹងការសិក្សា ស្របពេលដែលរាងកាយ និងខួរក្បាលត្រូវការថាមពលច្រើនដើម្បីលូតលាស់ដែរ។ ចុះបើក្មេងៗនៅតែបន្តញ៉ាំអាហារខាងលើអាចនឹងប៉ះពាល់អ្វីខ្លះ?
វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានបានឲ្យដឹងថា ការញ៉ាំ Fast food មាន ភីហ្សា បឺហ្គើរ ដំឡូងបារាំងបំពង មាន់បំពង សេនវិចជាដើម ញឹកញាប់នោះមិនល្អចំពោះសុខភាពទេ ព្រោះវាចម្អិនដោយប្រើខ្លាញ់ ឬជាតិប័រច្រើន ហើយកន្លែងលក់ខ្លះយកខ្លាញ់ដែលប្រើរួច មកបំពងឡើងវិញម្ដងហើយម្ដងទៀតរហូតខ្លាញ់ខ្មៅ ខាប់ទៀតផង។
ក្រៅពីសម្បូរជាតិខ្លាញ់ អាហារបំពង ឬអាហារកញ្ចប់ ក៏មានជាតិប្រៃខ្លាំងណាស់ដែរ អ៊ីចឹងផលប៉ះពាល់ចំពោះសុខភាពមានច្រើនបើយើងញ៉ាំញឹកញាប់ ដូចជាធ្វើឲ្យឡើងទម្ងន់ ប៉ះពាល់ប្រព័ន្ធរំលាយ បញ្ហាដល់បេះដូង តម្រងនោម និងសរសៃឈាមបេះដូងជាដើម ដែលផលប៉ះពាល់ទាំងនោះ យើងមិនអាចឃើញភ្លាមៗឡើយ។
ចំណែកការញ៉ាំភេសជ្ជៈកំប៉ុងផ្អែមៗ មានទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំងវិញ សម្បូរជាតិស្ករច្រើនលើសលុប រួមជាមួយជាតិកាហ្វេអ៊ីន បើសិនជាយើងផឹកញឹកញាប់ ទី១ ធ្វើធាត់ ឆាប់ខូចធ្មេញ ប៉ះពាល់ដល់បេះដូង ប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលអាយុកាន់តែច្រើន។
ជំនួសឲ្យអាហារទាំងនោះ យើងត្រូវញ៉ាំអាហារចម្រុះមុខ មានត្រី សាច់ ស៊ុត បន្លែ និងផ្លែឈើវិញ នោះទើបរាងកាយមាំមួន ជំងឺក៏មិនមកយាយី ហើយបើចង់ឲ្យខួរក្បាលលូតលាស់កាន់តែខ្លាំង ភ្នែកភ្លឺ ត្រូវចេះជ្រើសរើសអាហារ ឬវីតាមីន ដែលមានសមាសធាតុ DHA ឬ អាស៊ីដខ្លាញ់ល្អ Omega-3 ជាប្រភពដើមដែលផ្តល់នូវ DHA។
[embed-health-tool-vaccination-tool]