ជាតិដែកជាសារធាតុរ៉ែសំខាន់ក្នុងរបបអាហារដែលរាងកាយមនុស្សយើងមិនអាចផលិតបានដោយខ្លួនឯងនោះទេ។ ជាតិដែកមានពាក់ព័ន្ធនៅក្នុងមុខងាររាងកាយ រួមមានការដឹកជញ្ជូនអុកស៊ីសែននៅក្នុងឈាម។ ប្រការនេះគឺចាំបាច់នៅក្នុងការផ្តល់ថាមពលសម្រាប់ជីវិតប្រចាំថ្ងៃ។ ជាតិដែកក៏សំខាន់ផងដែរសម្រាប់ការអភិវឌ្ឍរបស់ខួរក្បាល។
ទារក ទារកចេះដើរតេះតះ កុមារអាយុត្រៀមចូលសាលារៀន និងកុមារវ័យក្នុងវ័យចូលរៀន គឺជាវ័យស្ថិតនៅដំណាក់កាលប្រឈមកាន់តែខ្ពស់នឹងបញ្ហាកង្វះជាតិដែក។ បុព្វហេតុចម្បងគឺតម្រូវការជាតិដែកកើនឡើងក្នុងអំឡុងពេលនៃការលូតលាស់លឿនរបស់កុមារ។ ដោយគ្មានអន្តរាគមន៍ កុមារដែលមិនត្រូវបានផ្តល់ជាតិដែកគ្រប់គ្រាន់ នឹងកើតចេញនូវជំងឺស្លេកស្លាំងដោយខ្វះជាតិដែក។ យើងត្រូវនាំកូនទៅជួបវេជ្ជបណ្ឌិតប្រសិនបើសង្ស័យថាកូនអាចនឹងខ្វះជាតិដែក។
រឿងគួរដឹងទាក់ទងនឹងជាតិដែក
ជាតិដែកអាចពុលបានបើប្រើក្នុងកម្រិតច្រើន។ ចៀសវាងការប៉ុនប៉ងធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង និងឲ្យឱសថបំប៉នបន្ថែមជាតិដែកដែលមិនត្រូវការវេជ្ជបញ្ជាដល់កូនជាដាច់ខាត ព្រោះថាការប្រើលើសកម្រិតនៃជាតិដែកអាចបណ្តាលឲ្យស្លាប់បាន។ ចំពោះទារកតូច និងកុមារក្មេងៗ ត្រូវការជាតិដែក ២០ មិល្លីក្រាមក្នុងមួយថ្ងៃ ដែលនេះជាកម្រិតដែលកំណត់ខ្ពស់ជាងគេ និងមានសុវត្ថិភាពចំពោះក្មេង។ ឱសថបំប៉នជាតិដែកសឹងទាំងអស់មានផ្ទុកជាតិដែកប្រហែល ១០០មិល្លីក្រាមក្នុងមួយគ្រាប់។
ប៉ាម៉ាក់គួរតែរក្សាទុកឱសថបំប៉នបន្ថែមជាតិដែកឲ្យឆ្ងាយពីដៃក្មេង ព្រោះកុមារអាចនឹងយល់ច្រលំពួកថ្នាំនេះថាជាស្ករគ្រាប់បាន។
អត្ថបទពាក់ព័ន្ធ៖
- មកពីបែបនេះ ទើបពេទ្យហាមម៉ាក់ៗមិនឲ្យបន្ថែមអំបិល ឬស្ករ ក្នុងបបរខាប់គ្រប់គ្រឿង
- បរិមាណរបបអាហារកូនតូចអាយុពី ៦ ខែ ដល់ ២ ឆ្នាំ
- មួយថ្ងៃៗ បើបណ្តោយឲ្យកូនញ៉ាំតែសាច់ ដូចយកជំងឺទាំងនេះដាក់ខ្លួនកូនអ៊ីចឹង
- ហេតុផលមួយចំនួននេះហើយ ម៉ាក់ៗគួរលើកទឹកចិត្ដកូនៗញ៉ាំត្រីឲ្យបានច្រើន
- ចង់ចាប់ផ្ដើមឲ្យកូនញ៉ាំអាហារមុន ៦ខែ គួរកត់សម្គាល់ចំណុចទាំងនេះ
រោគសញ្ញាជំងឺស្លេកស្លាំងដោយខ្វះជាតិដែក
រោគសញ្ញា និងសញ្ញានៃជំងឺស្លេកស្លាំងដោយខ្វះជាតិដែកលើកុមារអាចនឹងមានដូចជា៖
• បញ្ហាអាកប្បកិរិយា
• មានការបង្ករោគម្តងហើយម្តងទៀត
• បាត់បង់ចំណង់បរិភោគអាហារ
• អស់កម្លាំងល្ហិតល្ហៃ
• ហត់
• បែកញើសកើនឡើង
• មានអារម្មណ៍ឃ្លាន ‘អាហារ’ ប្លែកពីធម្មតាដូចជាឃ្លានចង់ញ៉ាំដី
• មិនលូតលាស់នៅក្នុងកម្រិតអត្រាមួយដូចការរំពឹងទុក។
បុព្វហេតុនៃកង្វះជាតិដែកលើកុមារ
កត្តាហានិភ័យធំៗសម្រាប់ការកើតមាននៃកង្វះជាតិដែកចំពោះកុមាររួមមាន៖
• កើតមិនគ្រប់ខែ និងទម្ងន់រាងកាយពេលកើតទាប
• បៅដោះម្តាយតែមួយមុខគត់លើសពីប្រាំមួយខែ (មិនបានដាក់បញ្ចូលអាហារបន្ថែម)
• ក្មេងញ៉ាំទឹកដោះគោច្រើនពេលអាយុតិចជាងពីរឆ្នាំ
• ក្មេងញ៉ាំជាតិសាច់តិច ឬមិនញ៉ាំសោះ
• របបអាហារមិនល្អនៅក្នុងឆ្នាំទីពីរ
• ជំងឺក្រពះពោះវៀនដែលអាចមាន
• ពុលសំណ។
ទារក កុមារ និងកុមារវ័យចូលរៀនដែលឆ្លងកាត់សន្ទុះលូតលាស់យ៉ាងរហ័ស គឺតម្រូវការជាតិដែករបស់ពួកគេកើនឡើងដែរ។ បុព្វហេតុចម្បងនៃកង្វះជាតិដែកលើកុមារទៅតាមក្រុមអាយុរួមមាន៖
• ទារកអាយុតិចជាងប្រាំមួយខែ៖ ទារកទើបកើតថ្មីៗទទួលស្តុកជាតិដែកនៅក្នុងស្បូន។ នេះមានន័យថារបបអាហារម្តាយក្នុងអំឡុងពេលមានគភ៌គឺសំខាន់ខ្លាំងណាស់។ ទារកដែលមានទម្ងន់ពេលកើតទាប ឬកើតមិនគ្រប់ខែស្ថិតនៅប្រឈមកាន់តែខ្លាំងនឹងហានិភ័យកង្វះជាតិដែក។ ពួកគេនឹងត្រូវការឱសថបំប៉នបន្ថែមជាតិដែក (ក្រោមការត្រួតពិនិត្យមើលខុសត្រូវផ្នែកវេជ្ជសាស្ត្រតែប៉ុណ្ណោះ)។
• ទារកអាយុប្រាំមួយខែរហូតដល់មួយឆ្នាំ៖ ស្តុកជាតិដែករបស់ទារកកាន់តែចុះទាបនៅក្នុងពាក់កណ្តាលទីពីរនៃឆ្នាំទីមួយ (អាយុជិត១ឆ្នាំ) របស់ពួកគេ។ កង្វះជាតិដែកអាចកើតមានប្រសិនបើរបបអាហារពួកគេមិនបូកបញ្ចូលអាហាររឹងដែលសម្បូរជាតិដែកបានគ្រប់គ្រាន់ទេនោះ។ នៅពេលកូនអាយុប្រាំមួយខែ ប៉ាម៉ាក់គួរតែផ្តល់ឲ្យទារកនូវគ្រាប់ធញ្ញជាតិមានជាតិដែកលាយជាមួយទឹកដោះម្តាយ ឬទឹកដោះម្ស៉ៅកំប៉ុងសប្បនិមិត្ត។ ពេលពួកគេទម្លាប់បាននឹងគ្រាប់ធញ្ញជាតិហើយ យើងអាចបន្ថែមសាច់ស្ងោរកិនម៉ត់ដូចបបរធម្មតាចូលក្នុងអាហាររឹងដទៃទៀត។ ការដាក់បញ្ចូលយឺតយ៉ាវនៃអាហាររឹងទៅក្នុងរបបអាហាររបស់ទារកគឺជាបុព្វហេតុនៃកង្វះជាតិដែក។
• កុមារអាយុមួយទៅដល់ប្រាំឆ្នាំ៖ ទឹកដោះម្តាយមានផ្ទុកចំនួនតិចតួចនៃជាតិដែក ដូចនេះត្រឹមតែការបំបៅដោះម្តាយមិនគ្រប់គ្រាន់ឡើយ។ ជាពិសេស ការជំនួសអាហាររឹងដោយទឹកដោះម្តាយនឹងនាំទៅដល់កង្វះជាតិដែក។សម្រាប់ក្មេងអាយុក្រោម ១២ ខែ យើងមិនគួរប្រើប្រាស់ទឹកដោះគោ ទឹកដោះពពែ និងទឹកសណ្តែកសៀងឡើយ ព្រោះថាទឹកដោះប្រភេទនេះមានជាតិដែកទាប។ កុមារដែលផឹកទឹកដោះ មិនបន្ថែមអាហារផ្សេងទៀតគឺស្ថិតក្នុងគ្រោះថ្នាក់នៃកង្វះជាតិដែក។
• ក្មេងជំទង់៖ ក្មេងស្រីជំទង់ស្ថិតនៅប្រឈមនឹងហានិភ័យដោយសារតែកត្តាមួយចំនួន។ កត្តាទាំងនោះរួមមាន៖
– សន្ទុះការលូតលាស់នៅពេលវ័យគ្រប់ការ
– ការបាត់បង់ជាតិដែកតាមរយៈការមករដូវ
– ហានិភ័យនៃអាហារូបត្ថម្ភមិនគ្រប់គ្រាន់ដោយសារការតមអាហារ។
• ជាទូទៅ៖ វិបត្តិមិនប្រក្រតីលើក្រពះពោះវៀន ដូចជាជំងឺរលាកជញ្ជ្រាំងពោះវៀនតូច។ ទោះបីជាបញ្ហានេះកម្រកើតមាន តែក៏ជាមូលហេតុមួយអាចបង្កឲ្យមានជំងឺស្លេកស្លាំងនៅលើកុមារ។
ប្រការគួរស្វែងយល់សម្រាប់ទារក
ដើម្បីបង្ការបញ្ហាកង្វះជាតិដែកនៅលើទារកអាយុតិចជាង ១២ ខែរួមមាន៖
• ម៉ាក់ៗគួរបរិភោគអាហារដែលសម្បូរជាតិដែកក្នុងអំឡុងពេលមានគភ៌។ សាច់ក្រហមគឺជាប្រភពប្រសើរបំផុតនៃជាតិដែក។
• ធ្វើតេស្តដើម្បីពិនិត្យរកមើលជំងឺស្លេកស្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាឲ្យញ៉ាំជាតិដែក ម៉ាក់ៗត្រូវលេបដោយគោរពតាមវេជ្ជបញ្ជា។
• បំបៅដោះទារក ឬជ្រើសរើសទឹកដោះម៉្សៅសម្រាប់ទារកដែលមានបន្ថែមជាតិដែក។
• កុំឲ្យទឹកដោះគោដល់ទារក ឬសារធាតុរាវដទៃផ្សេងទៀតមុនអាយុ ១២ ខែ។
• កុំអូសបន្លាយពេលការដាក់បញ្ចូលអាហាររឹង។ នៅប្រហែលអាយុប្រាំមួយខែ ម៉ាក់ៗចាប់ផ្តើមផ្តល់ដល់ទារកនូវអាហារកិនទន់ប៉ិៗ ដូច ជាបបរបាន។
ប្រការគួរស្វែងយល់សម្រាប់កុមារតូច
ដើម្បីបង្ការកង្វះជាតិដែកនៅលើកុមារចេះដើរតេះតះ និងមុនអាយុចូលសាលារៀនយើងត្រូវ៖
• បូកបញ្ចូលសាច់ក្រហមឥតជាប់ខ្លាញ់បីទៅបួនដងក្នុងមួយសប្តាហ៍។ ទាំងនេះគឺជាប្រភពដ៏សំខាន់នៃជាតិដែកនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់កូនៗ។ ផ្តល់ជម្រើសផ្សេងជំនួសសាច់ដូចជា៖
– សណ្តែកក្រៀម
– សាច់សត្វស្លាប
– ត្រី
– ស៊ុត
– គ្រាប់រុក្ខជាតិ
ក្រៅពីនេះប៉ាម៉ាក់ក៏គួរបូកបញ្ចូលវីតាមីន C ដោយសារវីតាមីននេះអាចជួយរាងកាយស្រូបយកជាតិដែកបានកាន់តែច្រើន។ អាហារសម្បូរដោយវីតាមីន C មានដូចជា៖
– ផ្លែក្រូច
– ក្រូចឆ្មារ
– ក្រូចឃ្វិច
– ផ្លែប៊ើរី
– ផ្លែគីវី
– ប៉េងប៉ោះ
– ស្ពៃក្តោប
– ម្ទេសប្លោក
– ផ្កាខាត់ណាខៀវ
ប៉ាម៉ាក់ត្រូវចាំថាការរាករូសរ៉ាំរ៉ៃអាចបង្អស់ស្តុកជាតិដែករបស់កូនយើងឲ្យខ្សោះបាន។ ពពួកប៉ារ៉ាស៊ីតពោះវៀនដូចជាព្រូនអាចបង្កនូវបញ្ហាកង្វះជាតិដែកបានដែរ។ យើងត្រូវជួបវេជ្ជបណ្ឌិតដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យបានរហ័ស។
ប្រការគួរស្វែងយល់សម្រាប់ក្មេងជំទង់
ដើម្បីបង្ការកង្វះជាតិដែកលើក្មេងជំទង់យើងត្រូវ៖
• ប៉ាម៉ាក់ត្រូវប្រាប់កូនអំពីសារៈសំខាន់នៃជាតិដែក។ ជួយពួកគេឲ្យបានដឹង និងចេះជ្រើសរើសអាហារប្រកបដោយការទទួលខុសត្រូវ។
• ប៉ាម៉ាក់ត្រូវលើកទឹកចិត្តកូនឲ្យញ៉ាំអាហារដែលសម្បូរជាតិដែក ដូចជាគ្រាប់ធញ្ញជាតិ និងនំបុ័ង អាហារពេលព្រឹកដែលមានបន្ថែមជាតិដែក ហើយផ្តល់សាច់ សាច់សត្វស្លាប ឬត្រីក្នុងរបបអាហារ។
• ផ្តល់អាហារសម្បូជាតិដែកផ្សេងទៀតមានដូចជាសណ្តែកស្ងួត សណ្តែកឡង់ទីល សណ្តែកបារាំង ផ្កាខាត់ណាខៀវ បន្លែអេពីណា សណ្តែក គ្រាប់ធញ្ញជាតិ និងនំបុ័ង។ អាហារសម្បូរវីតាមីន C ក៏គួរតែត្រូវដាក់ឲ្យកូនញ៉ាំផងដែរ ដូចជាផ្លែឈើ ឬបន្លែជាក្នុងរបបអាហារ។
• ណែនាំកូនកុំឲ្យផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើន ដោយសារសារធាតុនេះអាចជ្រៀតជ្រែករំខានការស្រូបចូលនៃជាតិដែក។
ការធ្វើរោគវិនិច្ឆ័យបញ្ហាកង្វះជាតិដែក
វាជារឿងសំខាន់ណាស់ដែលយើងជាប៉ាម៉ាក់ត្រូវជួបវេជ្ជបណ្ឌិតប្រសិនបើសង្ស័យថាកូនអាចនឹងខ្វះជាតិដែក។ វិធីសាស្ត្ររោគវិនិច្ឆ័យអាចរួមមាន៖
• ការពិនិត្យរាងកាយ
• ការយកប្រវត្តិជំងឺ
• ការធ្វើតេស្តឈាម
រឿងត្រូវចងចាំ
ទារក ទារកចេះដើរតេះតះ កុមារមុនចូលសាលារៀន និងកុមារវ័យជំទង់នៅប្រឈមខ្ពស់នឹងហានិភ័យនៃការកើតមានកង្វះជាតិដែក។ មូលហេតុចម្បងគឺដោយសារតម្រូវការជាតិដែកក្នុងវ័យនេះកើនឡើង ហើយរបបអាហារមានមិនគ្រប់គ្រាន់។
ប៉ាម៉ាក់ត្រូវរក្សាថ្នាំបំប៉នជាតិដែកឲ្យឆ្ងាយពីកុមារ ការប្រើលើសកម្រិតអាចបណ្តាលឲ្យស្លាប់បាននៅលើកុមារវ័យក្មេង និងទារកតូច។
[embed-health-tool-vaccination-tool]