នៅអាយុ ២ ឆ្នាំកុមារចាប់ផ្ដើមមានបម្រែបម្រួលរបបអាហារហើយ ដូចនេះប៉ាម៉ាក់ត្រូវរៀបចំអាហារក៏ដូចជាវីតាមីនដែលត្រូវឲ្យកូនញ៉ាំឲ្យបានត្រឹមត្រូវដើម្បីធានាដល់ការលូតលាស់បានល្អ។
១- ការញ៉ាំអាហារកុមារនៅអាយុ ២ ឆ្នាំ
នៅវ័យនេះកុមារអាចទទួលរបបអាហារដែលសមស្របគឺ ៣ ដងក្នុង ១ ថ្ងៃ និងថែមចំណីក្រៅខ្លះៗ ប៉ុន្តែគួរតែជ្រើសរើសផ្លែឈើឲ្យបានច្រើនមុខ បន្លែ និងអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដើម្បីធានាថាមិនខ្វះវីតាមីន និងសារធាតុរ៉ែដែលត្រូវការជាចាំបាច់ និងអាចបណ្ដាលឲ្យមានជំងឺកង្វះអាហាររូបត្ថម្ភ រួមទាំងផលវិបាកផ្សេងៗទៀត។
២- សុវត្ថិភាពជាចម្បង
ការញ៉ាំអាហាររបស់កុមារនៅពេលនេះគឺមានការវិវត្តច្រើនហើយ ដោយកុមារអាចប្រើស្លាបព្រា ចេះយកដៃកាន់កែវទឹកញ៉ាំ និងអាចញ៉ាំចំណីបានដោយខ្លួនឯងទៀតផង។ តែទោះជាយ៉ាងណាក៏ដោយ អូនៗក្នុងវ័យនេះនៅតែងាយរងការឈ្លក់នៅពេលដែលគេលេង និងប្រញាប់ធ្វើអ្វីមួយ។ ដូចនេះប៉ាម៉ាក់ត្រូវគ្រប់គ្រង និងតាមដានស្ថានភាពពួកគាត់ឲ្យល្អទើបមានសុវត្ថិភាព។
អត្ថបទពាក់ព័ន្ធ:
- ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ
- បាក់តេរីល្អក្នុងពោះវៀន ជួយក្មេងដែលខ្វះអាហារូបត្ថម្ភឲ្យលូតលាស់ល្អ លើ៣ផ្នែកសំខាន់ៗ
- ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន
- ចៀសវាងកូនខ្វះអាហារូបត្ថម្ភ ម៉ាក់ៗគួរតែបំប៉នខ្លួនឯងឲ្យល្អសិន
៣- ការណែនាំអាហារថ្មីទៅដល់កូន
ជាធម្មតាកុមារមួយចំនួនធំ តែងតែមិនសូវចង់ញ៉ាំរបស់ថ្មី ហើយទាមទារតែរបស់ដែលគេចូលចិត្ត។ ប៉ាម៉ាក់អាចប្រើវិធីកែច្នៃតុបតែងសោភ័ណភាពអាហារបន្តិចដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់កូន។ ការធ្វើដូចនេះធ្វើឲ្យកុមារអាចរីករាយនឹងញ៉ាំ ក៏ដូចជាទទួលបានអាហារប្រភេទថ្មី។ ប៉ាម៉ាក់ក៏អាចលាក់បន្លំបន្លែ និងអាហារដទៃទៀតនៅក្នុងទឹកជ្រលក់ដើម្បីឲ្យកូនចាប់អារម្មណ៍ថាមានអាហារថ្មីៗសម្រាប់ពួកគេជារៀងរាល់ថ្ងៃ ហើយមិនយូរមិនឆាប់ពួកគេនឹងចេះញ៉ាំដោយខ្លួនឯង។
៤- ថ្នាំបំប៉នប្រចាំថ្ងៃ
វាជាការចាំបាច់ដែលកុមារត្រូវញ៉ាំអាហារច្រើនបែបដើម្បីទទួលបាននូវវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់។ សម្រាប់កុមារដែលមិនសូវចូលចិត្តញ៉ាំសាច់ បន្លែ និងគ្រាប់ធញ្ញជាតិគួរតែញ៉ាំជាតិដែកបំប៉ន។
ប្រសិនបើកុមារញ៉ាំទឹកដោះគោលើសពី ៩៦០ មិល្លីលិត្រក្នុងមួយថ្ងៃ វាអាចពិបាកនិងស្រូបជាតិដែកណាស់ដោយបែបនេះហើយដែលកុមារងាយរងនឹងជំងឺកង្វះជាតិដែក។ ការញ៉ាំទឹកដោះគោក្នុងមួយថ្ងៃគួរតែកំណត់ត្រឹម ៤៨០ មិល្លីលិត្រព្រោះថាវានឹងផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមិនប៉ះពាល់ដល់ការស្រូបយកជាតិដែកបានទៀតផង។
៥- ប្រយ័ត្នប្រតិកម្មអាហារណាមួយ
ដល់អាយុនេះកុមារបានស្គាល់ និងបរិភោគអាហារបានច្រើនប្រភេទទាំងបន្លែ និងផ្លែឈើ។ ដូចនេះហើយ ប៉ាម៉ាក់ក៏គួរតែតាមដានរកមើលនូវសញ្ញានៃការមានប្រតិកម្មនឹងអាហារណាមួយចំបោះកូនដែរ។ ប៉ាម៉ាក់ត្រូវចាំថាប្រសិនបើបងប្អូន ឬសាច់ញាតិធ្លាប់មានប្រតិកម្មអាហារ មានជំងឺហឺត ឬត្រអក នោះកូនយើងក៏នឹងមានការប្រឈមការមានប្រតិកម្មនេះដែរ។ យើងជាប៉ាម៉ាក់ត្រូវប្រុងប្រយ័ត្នលើអាហារដែលអាចធ្វើឲ្យកូនស្លាក់ ឈ្លក់ ដូចជាស្ករគ្រាប់ ពោតលីង ទំពាំងបាយជូរក្រៀម និងគ្រាប់សណ្ដែកជាដើម។ សំខាន់គឺយើងត្រូវឃ្លាំមើលគ្រប់ពេលដែលកូនញ៉ាំអាហារ។
[embed-health-tool-vaccination-tool]