មានម៉ាក់ៗជាច្រើនតែងមានចម្ងល់ពីបញ្ហាកូនលែងសូវម៉ឹមដូចពីមុន ព្រោះតែមានរបបអាហារបន្ថែម។ ក្នុងនោះពួកគាត់បានលើកឡើងថា តើអាចប៉ះពាល់ដល់ការលូតលាស់ឬទេ?
ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេសជំងឺកុមារ និងជំងឺផ្លូវដង្ហើម នៅមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងថា កុមារចាប់ផ្ដើមចេះញ៉ាំ ប្រាកដជាកាត់បន្ថយម៉ឹមដូចគ្នា។ លោកក៏បានបន្តទៀតថា ការដែលទារកញ៉ាំឆ្អែតហើយ គេនឹងលែងចង់ម៉ឹម ហើយការញ៉ាំអាហារឆ្អែតខុសពីម៉ឹមឆ្អែត ព្រោះអាហារឆ្អែតបានយូរជាងទឹកដោះ។ ងាកមកសំណួរថា ប៉ះពាល់ដល់ការលូតលាស់អត់ គឺគ្មានផលប៉ះពាល់ណាមួយចំពោះសុខភាពទេ ព្រោះអាហារចូលទៅបង្គ្រប់ជំនួសទឹកដោះ មានតែជួយឲ្យកូនកាន់តែធំធាត់ រឹងមាំ ដោយសារមានបន្ថែមសារធាតុដទៃទៀត។
អត្ថបទពាក់ព័ន្ធ៖ បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?
គ្រូពេទ្យឯកទេសកុមាររូបនេះបានបន្ថែមទៀតថា កាលណាកូនចូលដល់វ័យ ៦ ខែឡើង ម៉ាក់ៗនឹងបន្ថែមអាហារូបត្ថម្ភ ហើយក្មេងខ្លះពេលញ៉ាំបបរខាប់គ្រប់គ្រឿង ជាប់ចិត្តហើយញ៉ាំបានច្រើនទៀតផង ទើបធ្វើឲ្យការបៅធ្លាក់ចុះជាងពាក់កណ្ដាលក៏មាន។ ឧទាហរណ៍មួយថ្ងៃកូនម៉ឹម ១៣ ដង ពេលញ៉ាំអាហារ ២ ឬ ៣ ពេល អាចបន្ថយមកនៅត្រឹម ៧-៨ ដង/ក្នុង១ថ្ងៃ។ តែបើកូនញ៉ាំច្រើនហើយ ម៉ឹមក៏នៅតែច្រើនទៀតនោះ ក៏គួរតែបារម្ភដែរ ព្រោះខ្លាចមានបញ្ហាប្រព័ន្ធរំលាយអាហារខ្លះ ព្រោះក្រពះកូនឆាប់រីកធំជាងវ័យ ហើយបង្កើនការញ៉ាំកាន់តែខ្លាំងជាងមុន ធ្វើឲ្យកូនធាត់។
ដូចនេះគួរតែឲ្យកូនញ៉ាំ និងម៉ឹមក្នុងកម្រិតល្មមតែឲ្យបានញឹកញាប់ ហើយបើមិនចង់ឲ្យកូនញ៉ាំអាហារច្រើន ម៉ាក់ប៉ាគួរតែឲ្យកូនញ៉ាំផ្លែឈើសម្បូរវីតាមីន និងជាតិទឹកឲ្យច្រើនវិញ ទើបល្អចំពោះសុខភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]