ម៉ាក់ប៉ាសម័យថ្មីមួយចំនួននិយមចិញ្ចឹមសត្វនៅក្នុងផ្ទះដូចជា ឆ្កែ ឬឆ្មាជាដើម ស្របពេលដែលមានកូនតូចកំពុងលូតលាស់នៅក្នុងផ្ទះ ដោយសារគិតថា មានសត្វនៅក្នុងផ្ទះអាចធ្វើឲ្យកូនសប្បាយ អត់អផ្សុក។ ឯម៉ាក់ប៉ាមួយចំនួនគិតថា ការចិញ្ចឹមសត្វអាចជួយដល់ការលូតលាស់របស់កូន ថែមទាំងជួយសម្រួលដល់អារម្មណ៍កូនបានទៀតផង។ តើការគិតថា ចិញ្ចឹមសត្វល្អដល់ក្មេងត្រឹមត្រូវឬអត់?
ឆ្លើយនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំងបានឲ្យដឹងថា ការដែលគិតថាចិញ្ចឹមសត្វអាចធ្វើឲ្យកូនតូចៗលូតលាស់មានសុខភាពល្អ គឺមិនត្រឹមត្រូវទេ។ ការដែលកូនតូចអាចលូតលាស់បានល្អ គឺគ្មានអីពាក់ព័ន្ធនឹងការចិញ្ចឹមឆ្កែ ឆ្មានៅក្នុងផ្ទះទេ។ ផ្ទុយទៅវិញ ក្នុងករណីដែលកូនតូចមានហ្សែនអាឡែកហ្សី គឺអាចបណ្ដាលឲ្យអាអូនតូចៗនោះ អាឡែកហ្សីជាមួយរោមសត្វអស់នោះ។
ម៉្យាងវិញទៀត សត្វចិញ្ចឹមទាំងនោះ គឺពិបាកថែទាំណាស់។ ប្រសិនបើយើងថែមិនបានល្អ ធ្វើអនាម័យឲ្យមិនបានត្រឹមត្រូវ ហើយដល់ពេលដែលកូនទៅប្រលែងលេងជាមួយ វាងាយនឹងចម្លងមេរោគដែលមាននៅលើសត្វនោះមកក្មេងវិញ។
លោកវេជ្ជបណ្ឌិតបន្ថែមថា បើសិនម៉ាក់ប៉ាចង់ឲ្យកូនតូចៗ លូតលាស់បានល្អ គឺត្រូវបំប៉នអាហារកូនឲ្យបានត្រឹមត្រូវ ឲ្យកូនញ៉ាំឲ្យបានគ្រប់គ្រាន់ គេងឲ្យបានគ្រប់គ្រាន់ ហើយបើចង់ឲ្យកូនមានសុខភាពល្អទាំងរាងកាយ និងប្រាជ្ញា គួរចំណាយពេលលេង ឬហាត់ប្រាណជាមួយកូន ឬអាចបណ្ដុះគំនិតថ្មីៗល្អៗដល់កូន។
[embed-health-tool-vaccination-tool]