អាអូនតូចៗងាយឆ្លងមេរោគណាស់ ដោយសារសុខភាពនៅមិនទាន់មាំទាំស្រួលបួល ហើយអាអូនចូលចិត្តយករបស់ដាក់មាត់មិនដឹងកខ្វក់ ឬស្អាតទេ។ ជួនកាលមេរោគអស់នោះអាចគ្រាន់តែធ្វើឲ្យកូនរាក ក្ដៅខ្លួនឈឺល្មមៗទេ តែពេលខ្លះវាអាចបណ្ដាលឲ្យអាអូនកើតជំងឺរលាកថ្លើមប្រភេទ A ជាដើម។ ជំងឺរលាកថ្លើមប្រភេទA គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស Piconaviridae។ នេះបើតាមការឲ្យដឹងរបស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីបារាំង។
ជំងឺរលាកថ្លើមប្រភេទ A អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៅម្នាក់តាមមាត់។ យើងគ្រប់គ្នា មិនថាចាស់ ឬក្មេងអាចឆ្លងជំងឺនេះតាមរយៈការញ៉ាំចំណីអាហារ ការផឹកទឹក បន្ទាប់ពីបានប៉ះកាន់វត្ថុផ្សេងៗ ដោយប្រើដៃមិនស្អាត មានជាប់មេរោគនេះ។ ជំងឺរលាកថ្លើមប្រភេទA នេះភាគច្រើនកើតទៅលើទារក រហូតដល់ក្មេងមានអាយុ៦ឆ្នាំ។
លោកស្រីបន្តថា ក្មេងដែលមានជំងឺនេះមិនសូវចេញរោគសញ្ញាឲ្យដឹងទេ ជាពិសេសទារក ពោលគឺ ក្មេងកាន់តែតូចដែលកើតជំងឺរលាកថ្លើមប្រភេទ A កាន់តែគ្មានរោគសញ្ញាឲ្យដឹង ទើបពេលខ្លះ អាអូនអាចចម្លងមេរោគទៅឲ្យក្មេងដទៃ ម៉ាក់ប៉ា ឬអ្នកមើលថែដោយគ្មានអ្នកណាដឹងមុនបាន។ តែប្រសិនបើក្មេងធំ ឬមនុស្សចាស់កើតជំងឺនេះវិញ យើងអាចដឹងបានតាមអាការៈដូចជា៖
– ក្ដៅខ្លួន
– អស់កម្លាំង
– ក្អួត ចង្អោរ
– ថយចុះចំណង់នៃការញ៉ាំអាហារ
– ចុកពោះ
– រាករូស
– រមាស់ស្បែក និងស្បែកលឿង (ជាទូទៅ ឃើញមាន ១សប្ដាហ៍ក្រោយរោគសញ្ញាផ្សេងៗ)។
ចំពោះក្មេងធំ និងមនុស្សធំ ភាគច្រើនមានសភាពធ្ងន់ធ្ងរនៅពេលដែលជំងឺរលាកថ្លើមប្រភេទA នេះ។ ជំងឺនេះអាចវិវត្តន៍ទៅរកការជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល២-៣សប្ដាហ៍ ឬអាចច្រើនសប្ដាហ៍។ សម្រាប់ករណីធ្ងន់ធ្ងរដែលបណ្ដាលឲ្យខ្សោយថ្លើមមាន <1%។
វេជ្ជបណ្ឌិតរូបនេះបន្តថា សម្រាប់ជំងឺរលាកថ្លើមប្រភេទA យើងអាចបង្ការមិនឲ្យកើតឡើងបានដោយការធ្វើអនាម័យរស់នៅឲ្យស្អាត (ញ៉ាំស្អាត ផឹកស្អាត រស់នៅស្អាត) និងមួយទៀតនោះគឺ ការចាក់វ៉ាក់សាំងឲ្យអាអូនចាប់ពីអាយុ ១ឆ្នាំឡើងទៅ (ត្រូវចាក់២ដង លើកទី១ និង៦ខែក្រោយ ម្ដងទៀត)។
[embed-health-tool-vaccination-tool]