ចំពោះអាអូនតូចៗ ងាយណាស់ទទួលរងពីជំងឺផ្សេងៗ ព្រោះអ្វីៗនៅខ្ចីនៅឡើយ។ ក្នុងនោះដែរ ម៉ាក់ប៉ាគ្រប់រូបត្រូវដឹងថា សូម្បីតែស្បែករបស់អាអូនក៏ងាយនឹងឆ្លងមេរោគ ហើយកើតជាជំងឺស្បែក ដូចជាពងបែកជាដើម។
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បានពន្យល់ឲ្យដឹងថា ពងទឹកម៉្យាងដែលងាយកើតលើស្បែកក្មេងតូចៗ ហៅថា Bullous Impetigo។ ពងទឹកនេះ បង្កឡើងដោយបាក់តេរីឈ្មោះ Staphyococcus aures ដែលច្រើនកើតមាននៅតំបន់ជុំវិញមាត់ ច្រមុះ តំបន់ក្រលៀន និងគូថ របស់ទារក។
ពងទឹកនេះ ក៏ឆាប់ងាយនឹងចម្លងពីកន្លែងមួយទៅកន្លែងមួយទៀតដែរ ប្រសិនបើយើងទៅកេះ ឬអេះពងបែក។ មិនតែប៉ុណ្ណោះ ពងទឹកនេះក៏អាចឆ្លងពីមនុស្សទៅមនុស្សម្នាក់ទៀតដែរ ហើយមេរោគអាចរាលដាលទៅគ្រប់វត្ថុដែលអ្នកជំងឺបានប៉ះពាល់។ ក្នុងករណីដែលមិនបានទទួលការព្យាបាលដោយប្រើថ្នាំអង់ទីប្យូទិចសម្លាប់មេរោគ ពងទឹកនឹងកាន់តែរីករាលដាល។ ជំងឺពងទឹក Bullous Impetigo នេះ បើបានព្យាបាលជាសះស្បើយ នឹងមិនមានបន្សល់ទុកស្នាមនៅលើរាងកាយទេ។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ឲ្យដឹងថា ប្រសិនបើកូនកើតពងទឹកនេះ ម៉ាក់ប៉ាមិនចាំបាច់បារម្ភពេកទេ ព្រោះវាអាចព្យាបាលឲ្យជាធម្មតាបាន ប៉ុន្តែត្រូវនាំកូនទៅជួបជាមួយវេជ្ជបណ្ឌិត ដើម្បីពិនិត្យ ធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ ហើយព្យាបាលក្មេងឲ្យបានត្រឹមត្រូវ។
ទោះយ៉ាងនេះក្ដី ជំងឺពងទឹកអាចបង្ការកុំឲ្យកើតឡើងបាន ក៏ដូចជាទប់ស្កាត់ការឆ្លងទៅម៉ាក់ប៉ា ឬអ្នកមើលថែក្បែរខ្លួនអាអូន ហើយមធ្យោបាយមានប្រសិទ្ធភាពនោះ គឺការធ្វើអនាម័យកូនឲ្យបានស្អាតល្អដូចជា៖
– សម្អាតខ្លួនកូនឲ្យបានស្អាត ហើយសម្អាតកន្លែងពងទឹកថ្នមៗ
– កាត់ក្រចកដៃ-ជើងកូនឲ្យបានខ្លី ចៀសវាងកូនយកដៃទៅអេះ ឬប៉ះពងទឹក
– បោកសម្អាតភួយខ្នើយ ខោអាវកូនជាមួយទឹកក្ដៅ និងទឹកអូសាវ៊ែ
– ផ្លាស់ប្ដូរស្រោមពូក កន្សែង និងសម្លៀកបំពាក់ដែលប៉ះពាល់ជាមួយពងទឹកឲ្យបានញឹកញាប់
- កុំប្រើប្រាស់របស់តែមួយជាមួយកូនដែលកើតពងទឹក។ល។
[embed-health-tool-vaccination-tool]